ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់អំពីការប្តេជ្ញារបស់លោក ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត ខណៈលោកមានសុទិដ្ឋិនិយមថា ប្រទេសទាំង ២ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈម នៅក្នុងតំបន់ និងពិភពលោក។
លោកបញ្ជាក់ដូច្នេះក្នុងជំនួបជាមួយលោក Anwar Ibrahim នាថ្ងៃទី ២៧ ខែមីនានៅវិមានសន្តិភាពរាជធានីភ្នំពេញក្នុងឱកាសលោក Anwar Ibrahim មកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទកាសែត ក្រោយជំនួបនេះថា ភាគីទាំង ២ បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិ និងកង្វល់រួម ដូចជាបញ្ហាមីយ៉ាន់ម៉ា បញ្ហារ៉ូហ៊ីងយ៉ា និងបញ្ហាសមុទ្រចិនខាងត្បូង ដោយរាប់បញ្ចូលបន្ថែមនូវបញ្ហាឧបទ្វីបកូរ៉េផងដែរ និងបញ្ហាទាក់ទងនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់អំពីការប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមនាយករដ្ឋមន្ដ្រីអាន់វ៉ា អ៊ីប្រាហ៊ីម ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត។ ខ្ញុំមានសុទិដ្ឋិនិយមថា ប្រទេសយើងទាំង ២ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ និងពិភពលោកដើម្បីពង្រឹងនូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន សំដៅរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់សហគមន៍អាស៊ាន និងពិភពលោក»។
ភាគីទាំង ២ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដោយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ និងបានប្តេជ្ញាបន្តលើកកម្ពស់ថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរួមមានពាណិជ្ជកម្មវិនិយោគ អប់រំ ទេសចរណ៍ ថាមពល ការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
លោកបន្តថា នាយករដ្ឋមន្ត្រីទាំង ២ បានលើកទឹកចិត្តឱ្យភាគីទាំង ២ បន្តការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ឱ្យកាន់តែញឹកញាប់នៅគ្រប់កម្រិត ដើម្បីពង្រឹងមិត្តភាពឱ្យកាន់តែជិតស្និទ្ធបង្កើនទំនុកចិត្តឱ្យកាន់តែខ្ពស់ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយថែមទៀត។ ភាគីទាំង ២ បានឯកភាពពង្រឹងយន្តការសហប្រតិបត្តិការទ្វេភាគី ដែលមានស្រាប់ជាពិសេសគណៈកម្មការចម្រុះកម្ពុជា-ម៉ាឡេស៊ី។ ចំពោះវិស័យទេសចរណ៍ លោកហ៊ុន សែន បានស្នើឱ្យអនុវត្តអនុស្សរណៈការយោគយល់គ្នា (MoU) ស្ដីពីសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងស្នើម៉ាឡេស៊ីជួយគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍការងារទេសចរណ៍មូស្លីមតាមរយៈការបណ្តុះបណ្តាល និងបច្ចេកទេស។
លោកថ្លែងថា៖ «ចំពោះវិស័យកសិកម្ម យើងបានឯកភាពបន្តជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យឧស្សាហកម្មឫស្សីនៅកម្ពុជា»។
ពាក់ព័ន្ធនឹងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស លោក ហ៊ុន សែនបានអរគុណម៉ាឡេស៊ី ដែលបានឯកភាពគ្នាលើកកម្ពស់ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍បន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ីជាពិសេសក្រោមគំនិតផ្ដួចផ្ដើមថ្ មី«My Digital» របស់ម៉ាឡេស៊ី។
ក្នុងវិស័យថាមពល លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំបានស្នើឯកឧត្តមនាយករដ្ឋមន្ត្រីផ្ដល់ការគាំទ្រដល់ការស្ថាបនាខ្សែកាប្លិ៍អគ្គិសនីតាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ីសម្រាប់គម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា-សិង្ហបុរី។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានឆ្លើយតបបញ្ជាក់ថា នាយករដ្ឋមន្ដ្រីសិង្ហបុរី Lee Hsien Loong ក៏បានលើកបញ្ហានេះ ជាមួយឯកឧត្តមផងដែរ។ នេះជាវឌ្ឍនភាពនិងជាកិច្ចសហប្រតិបត្តិការដ៏ល្អមួយ នៅក្នុងចំណោមពួកយើង»។
ទាក់ទងនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោកថា កម្ពុជាលើកទឹកចិត្តវិនិយោគិនម៉ាឡេស៊ី ឱ្យចូលរួមអភិវឌ្ឍឧស្សាហកម្មផលិតកម្មឧស្សាហកម្មកែច្នៃ ឧស្សាហកម្មហាឡាល់ និងឧស្សាហកម្មផ្នែកចំណេះដឹង និងបច្ចេកវិទ្យានៅកម្ពុជា។
ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ និងសន្តិសុខ លោកបន្តថា៖ «ភាគីទាំង ២ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ ការផ្លាស់ប្តូរគណៈប្រតិភូជំនាញ ដើម្បីដកពិសោធន៍ការងារប្រឆាំងនឹងការរត់ពន្ធ និងជួញដូរមនុស្ស និងការងារសម្អាតប្រាក់ ព្រមទាំងពិចារណាបង្កើតមានអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គស្នងការនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី ស្តីពីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ នេះជាចំណុចដែលខ្ញុំបានស្នើទៅឯកឧត្តមនាយករដ្ឋមន្ត្រី»។
លោក ហ៊ុន សែន ថ្លែងទៀតថា ក្រៅពីនេះភាគីទាំង ២ ក៏បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងទូរគមនាគមន៍សេដ្ឋកិច្ចឌីជីថល និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតថែមទៀត។
នាយករដ្ឋមន្ត្រីទាំង ២ បានធ្វើជាសហធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍ របស់ពលករ និងពលករធ្វើការងារផ្ទះ។ លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំក៏បានស្នើបន្តអនុវត្តនូវយន្ដការដែលមានស្រាប់ដើម្បីលើកកម្ពស់ការការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅប្រទេសម៉ាឡេស៊ី»។
លោក Anwar Ibrahim ក៏បានថ្លែងក្នុងសន្និសីទនេះតាមរយៈការបកប្រែថា លោកទន្ទឹងរង់ចាំនូវការចូលរួមចំណែករបស់លោក ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីព្យាយាមផ្តល់នូវទស្សនៈមួយចំនួន នៅក្នុងក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយដើម្បីបង្ហាញអំពីដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ាដែលអាចដោះស្រាយបាន និងបង្ហាញទៅដល់រដ្ឋបាលយោធាមីយ៉ាន់ម៉ា ឱ្យយល់អំពីបញ្ហានេះដែលមិនត្រូវបន្តដោយមិនមានដំណោះស្រាយនោះទេ។
លោកថ្លែងថា៖ «ដូច្នេះ សូមថ្លែងអំណរគុណជាថ្មីម្តងទៀតអំពីបញ្ហាសមុទ្រចិនខាងត្បូង អំពីបញ្ហារុស្ស៊ី-អ៊ុយក្រែន ឧបទ្វីបកូរ៉េ តៃវ៉ាន់ និងចិន។ យើងមានទស្សនៈស្រដៀងគ្នា ហើយខ្ញុំទន្ទឹងរង់ចាំ សម្តេចនាយករដ្ឋមន្ត្រីក្នុងការបំពេញទស្សនកិច្ចទៅកាន់គូឡាឡាំពួ»។
ចំណែកលោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងជំនួបជាមួយលោក Anwar Ibrahim នាថ្ងៃទី ២៧ ខែមីនានោះដែរ លើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Anwar Ibrahim នេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការ «ពូនជ្រុំ» លើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំង ២ ដែលមានជាង ៦ ទសវត្សរ៍មកនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រសិនបើធ្វើបានដូចការចេញសេចក្ដីប្រកាសព័ត៌មានក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២ នេះ គឺជាការល្អ ពីព្រោះប្រទេសទាំង ២ ស្ថិតនៅក្នុងក្របខ័ណ្ឌអាស៊ានជាមួយគ្នា។
លោកបន្តថា៖ «កន្លងទៅ ចេះតែមានពាក្យពេចន៍ ឬក៏ភាសាការទូតថា ម៉ាឡេស៊ី និងកម្ពុជាហ្នឹង មិនសូវមានទំនាក់ទំនងយល់ចិត្តគ្នា ជាពិសេស គណបក្សលោក Anwar Ibrahim ហ្នឹងផ្ទាល់តែម្ដង ដែលកន្លងទៅហ្នឹង កាលគាត់នៅបក្សប្រឆាំង គាត់គាំទ្របក្សប្រឆាំងកម្ពុជាអ៊ីចឹងដែរ។ អ៊ីចឹងបើពេលនេះ គាត់បានជានាយករដ្ឋមន្ត្រីហើយ បើបានពង្រឹងទំនាក់ទំនងនេះយើងគិតថា ល្អ...»៕