ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងប្រមាណជិត ៥ សែនដូស ប្រភេទ Pfizer ដែលបានដឹកមកដល់ប្រទេសកម្ពុជា នៅយប់ថ្ងៃទី ២៧ ខែមីនា នឹងធ្វើការបែងចែកទៅតាមគោលដៅនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួង។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលចុះទៅទទួលវ៉ាក់សាំងនេះថា ក្រុមការងាររបស់ក្រសួងសុខាភិបាលដែលមានកម្មវិធីចាក់ថ្នាំ និងគណៈកម្មការចំពោះកិច្ច នឹងមិនទុកវ៉ាក់សាំងនេះយូរទេ។
លោកស្រីបានប្រាប់ថា៖ «ក្រសួងនឹងធ្វើការបែងចែកវ៉ាក់សាំងទាំងអស់នេះទៅដល់គ្រប់ខេត្ត និងទុកបែងចែកនៅថ្នាក់កណ្តាល ដើម្បីចាក់ដូសជំរុញ ដែលយើងនៅតែបន្តចាក់ជារៀងរាល់ថ្ងៃមិនដែលខានទេ»។
វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ដែលកម្ពុជាទទួលបាន កាលពីយប់ថ្ងៃទី ២៧ ខែមីនា សម្រាប់ចាក់ដល់មនុស្សអាយុចាប់ពី ១២ឆ្នាំទ្បើងរបស់យន្តការកូវ៉ាក់ ដែលឧបត្ថម្ភ ដោយរដ្ឋាភិបាលស្លូវ៉ាគី (Slovakia) និងហ្វាំងទ្បង់ (Finland)។
លោកស្រី យក់ សម្បត្តិ លើកឡើងថា វ៉ាក់សាំងជិត ៥០ ម៉ឺនដូស ក្នុងចំណោមចំនួន ៥ លានដូស ដែលខាងយន្តការកូវ៉ាក់បានសន្យាថា នឹងផ្តល់មកកម្ពុជាបន្ថែមទៀត។ ប៉ុន្តែនៅចំពោះមុខនេះ តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺលោកឱ្យទទួលយកបណ្តើរៗនូវវ៉ាក់សាំងទាំងនេះ។
មកដល់បច្ចុប្បន្ន កម្ពុជាទទួលបានវ៉ាក់សាំងសរុបទាំងវ៉ាក់សាំងបញ្ជាទិញ និងវ៉ាក់សាំងជាជំនួយពីប្រទេសជាមិត្តចំនួនជាង ៥៤លានដូស។
ជាមួយគ្នានោះ លោកស្រីក៏បានរំឭកផងដែរថា ជំងឺកូវីដ ១៩ មិនទាន់មានការថយចុះនៅឡើយទេ នៅលើសកលលោកនេះ ដោយសារនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ នៅតែមានករណីស្លាប់ និងឆ្លងច្រើននៅឡើយ។
ទន្ទឹមនឹងនេះ លោកស្រីយក់ សម្បត្តិ ក៏បានបន្តអំពាវនាវឱ្យប្រជាពលរដ្ឋការពារជាប់ជាប្រចាំ ជាពិសេស គឺវិធានការ ៣ ការពារ និង ៣ កុំ ដែលជាវិធានការដ៏សំខាន់ក្នុងការប្រយុទ្ធនឹងមេរោគនេះ។
បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល លទ្ធផលដែលប្រជាពលរដ្ឋកម្ពុជា បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ គឺមានប្រជាជន ៩៥,៥១ ភាគរយ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩៕