បន្ទាយមានជ័យៈ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអះអាងថា កសិកម្មជាវិស័យអាទិភាពក្នុងខេត្តបន្ទាយមានជ័យ ដោយក្នុងចំណោមពលរដ្ឋប្រមាណ៨០ម៉ឺននាក់ គឺមាន ៨៥ ភាគរយជាអ្នកប្រកបរបរកសិកម្ម ហើយក្នុង ១ ឆ្នាំៗ ពលរដ្ឋអាចប្រមូលផលស្រូវបានប្រមាណពី ៩ សែន ទៅ ១ លានតោន។
លោក អ៊ុំ រាត្រី បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» ដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រីនាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣។
លោកអភិបាលខេត្តបន្ទាយមានជ័យបានបន្តថា ការដែលខេត្តមានលទ្ធភាពបង្កបង្កើនផលស្រូវបានច្រើនដោយសារតែមានប្រព័ន្ធធារាសាស្ត្រ ប៉ុន្តែយ៉ាងណាក្ដី ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
សម្រាប់រដូវវស្សាខេត្តមានប្រភពទឹកច្រើនដែលអាចឱ្យពលរដ្ឋធ្វើស្រែបាន ប៉ុន្តែក្នុងរដូវប្រាំង ប្រព័ន្ធធារាសាស្ត្រអាចផ្គត់ផ្គងទឹកបានតែប្រមាណ ៣ ម៉ឺនហិកតាប៉ុណ្ណោះ។
លោកថ្លែងថា៖ «បងប្អូនប្រជាពលរដ្ឋគាត់ឃើញគេធ្វើបានក៏នាំគ្នាធ្វើតាមគ្នារហូត ជាង ៥ ម៉ឺនហិកតាសម្រាប់ឆ្នាំនេះ ប៉ុន្តែ ៥ ម៉ឺនហិកតានេះ បើគាត់ធ្វើទាន់នៅរដូវទឹកស្រកលើកទី១ គឺអត់បញ្ហាទេ គឺទិន្នផលល្អ ស្រូវល្អ ប៉ុន្តែយើងបារម្ភនៅពេលគាត់ធ្វើអាទី ១ ហើយ គាត់បន្តទៅធ្វើអាទី២ ទៀត ដែលនោះជាបញ្ហាជួបវិបត្តិខ្វះទឹក»។
លោក អ៊ុំ រាត្រី លើកឡើងថា ដើម្បីដោះស្រាយបញ្ហាទឹកក្នុងខេត្តបន្ទាយមានជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងធនធានទឹក និងឧតុនិយម ជាសេនាធិការ បានឯកភាពផ្តល់គម្រោងធំៗចំនួន ២ ដល់ខេត្តសម្រាប់រៀបចំកែសម្រួលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។
ទី១ គឺប្រព័ន្ធធារាសាស្ត្រដែលឧបត្ថម្ភថវិកាពីប្រទេសកូរ៉េ ដែលផ្តើមចេញពីក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ដែលប្រព័ន្ធនេះបានសិក្សារួចរាល់ និងកំពុងដោះស្រាយផលប៉ះពាល់ ហើយនិងគ្រោងអនុវត្តក្នុងឆ្នាំ ២០២៣ នេះ។
លោកបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រ ១ ផ្នែកនេះ អាចចំណាយពេល ២ ឆ្នាំក្នុងការអនុវត្តគម្រោងដែលរយៈពេល ២ ឆ្នាំនេះ នឹងមានការរៀបចំប្រព័ន្ធអាងទឹកចំនួន ៣ គឺអាងកន្សែងនៅស្រុកអូរជ្រៅ អាងវាលល្ហែងនៅស្រុកម៉ាឡៃ និងអាងនៅក្រុងប៉ោយប៉ែត។ទាំង ៣ អាងនោះធ្វើឱ្យខេត្តបន្ទាយមានជ័យមានប្រភពទឹក ១ ទុកតម្កល់ទឹកផ្នែកខាងលើ និងមានប្រព័ន្ធធារាស្ត្រប៉ែកខាងក្រោមដែលធ្លាក់ទឹករហូតដល់បឹងទន្លេសាប ហូរឆ្លងកាត់ស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី និងអាច ១ ផ្នែកនៅស្រុកព្រះនេត្រព្រះ។
លោកថ្លែងថា៖ «បើយើងរៀបចំប្រព័ន្ធនេះបាន ១ ចំណែក ខ្ញុំគិតថា វិស័យកសិកម្មនឹងមានការកើនឡើងកាន់តែខ្ពស់ដោយសារយើងមានប្រភពទឹកសម្រាប់ផ្គត់ផ្គង់ជូនបងប្អូនពលរដ្ឋ»។
លោក អ៊ុំ រាត្រី បានឱ្យដឹងទៀតថា ដោយឡែកគម្រោងប្រព័ន្ធធារាសាស្ត្រ ១ ទៀត គឺនៅក្នុងស្រុកស្វាយចេក ដែលបានដំណើរការជាង ១០ គីឡូម៉ែត្រហើយ ដោយធ្វើប្រឡាយមេធំ ១ ពីស្រុកស្វាយចេក មកដល់ក្រុងសិរីសោភ័ណ និងបន្តជំហានទី ២ ទៀត ហើយបើលោកចាំមិនខុសទេ នេះជាគម្រោងថវិការបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។
តាមរបាយការណ៍សង្ខេបស្តីពីភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ផ្ទៃដីដាំដុះស្រូវសរុបមាន ៣០៥ ០៣៥ ហិកតា ដែលទទួលបានបរិមាណសរុបពី ៩ សែនតោនទៅ ១ លានតោនក្នុង ១ ឆ្នាំ។ ក្នុងនោះស្រូវវស្សាមាន ៧៦៨ ៧៩៥ តោនក្នុង ១ ឆ្នាំ ចំណែកស្រូវប្រាំងមានចំនួន ២៥១ ៣៦៨ តោនក្នុង ១ ឆ្នាំ។
របាយការណ៍នោះបន្តថា រីឯផ្ទៃដីដំណាំឧស្សាហកម្មសរុបមានចំនួន ១២២ ៧៩២ ហិកតា ក្នុងនោះដំឡូងមីមាន ១០២ ៩៥៥ហិកតា ស្វាយចន្ទីមាន ៣ ៥៨៩ ហិកតា ពោតក្រហម ១៣ ៧៦១ ហិកតា អំពៅ ៥០១ ហិកតា សណ្ដែកបាយ ៥១ ហិកតា ដំណាំបន្លែមានចំនួន ៣ ៥៣៨ ហិកតា និងដំណាំរួមផ្សំ មានចំនួន ៥ ៧៣៥ ហិកតា។ ក្នុងរយៈពេល ៥ ឆ្នាំនេះ បរិមាណស្រូវសរុបចំនួន ៤ ៨១៥ ៤៦៣ តោន ពោតក្រហមចំនួន ៣៩១ ៦៣០ តោន ដំឡូងមី ១០ ២៨២ ២១៨ តោន អំពៅ ៧៤ ៨៨១ តោន។
ខេត្តបន្ទាយមានជ័យមានប្រព័ន្ធធារាសាស្ត្រដែលបានចុះបញ្ជីសារពើភណ្ឌសរុបចំនួន ៨៧ ប្រព័ន្ធ (ខ្នាតតូច ៦ ប្រព័ន្ធ ខ្នាតមធ្យម ៧៥ ប្រព័ន្ធ និងខ្នាតធំ ៦ ប្រព័ន្ធ) ស្ថិតនៅរាយប៉ាយតាមបណ្តាក្រុង ស្រុក ទូទាំងខេត្ត ដែលអាចស្រោចស្រពដំណាំនៅលើផ្ទៃដីបានចំនួន ៦៣ ២០២ ហិកតា ក្នុងនោះ ផ្ទៃដីស្រូវវស្សាដែលទទួលបានពីប្រព័ន្ធស្រោចស្រពចំនួន ២៧ ៩៨៤ ហិកតា ចំណែកឯផ្ទៃដីដាំស្រូវប្រាំងវិញចំនួន ៣៥ ២១៨ ហិកតា៕