ភ្នំពេញៈ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋ​សភា បានចាត់ទុក​ដំណើរ​មក​បំពេញ​ទស្សនកិច្ច​ការងារ​បស់​អតីត​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ នៃ​សភា​ពិគ្រោះ​​យោបល់​នយោបាយ​ប្រជាជន​ចិន មកកាន់​កម្ពុជា​ថា នឹង​រួមចំណែក​បន្ថែមទៀត ក្នុងការ​បន្ត​ពូន​ជ្រំ​លើកកម្ពស់​ទំនាក់ទំនង មិត្តភាព​ប្រពៃណី «​មិត្ត​ដែកថែប​» និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រជាជាតិ​ទាំង​ ២​។​

​ការចាត់ទុក​របស់លោក​ស្រី ឃួន សុ​ដា​រី នៅពេលនេះ​ធ្វើឡើង​ក្នុងពេល​លោកស្រី​ទទួល​ជួប​សវនាការ និង​ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ូ ឈី​មីង (Shu Qiming) អតីត​អគ្គ​​លេខាធិការ​រង​គណៈកម្មាធិកា​រ​ជាតិ​នៃ​សភា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​មកកាន់​កម្ពុ​ជានា​ថ្ងៃទី ​២៨ ខែមីនា ឆ្នាំ​ ២០២៣ នៅ​វិមាន​រដ្ឋសភា​។

​យោងតាម​រដ្ឋសភា​លោកស្រី​បាន​ថ្លែងថា ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​ជា​យូរលង់​ណាស់​មកហើយ​តាំងពី​ព្រះ​បរម​រតន​កោដ្ឋ ដែល​នេះ​ជាការ​អនុវត្ត​នូវ​ស្មារតី​ដ៏​មោះមុត​រវាង​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ប្រ​ធានា​ធិ​តី​ចិន​លោក ស៊ី ជីន​ភីង ព្រម​ទាំង​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ គ្រប់​វិ​ស​យ័​របស់​រដ្ឋ និង​បក្ស​នៃ​ប្រទេស​ទាំង​ ២ ឱ្យក្លាយ​ជាការ​ពិត​ជាក់ស្តែង​។​

​បន្ថែម​ពីនេះ លោកស្រី​ក៏បាន​ជំរុញ​ឱ្យ​ភាគី​ចិន មានការ​ចែករំលែក​នូវ​ការអភិវឌ្ឍ​បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​នវានុវត្តន៍​ព្រមទាំង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​អរិយធម៌ វប្បធម៌ និង​កិច្ច​សហ​ប្រតិបត្តិការ​នានា ដើម្បី​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ ២​ បាន​ឯក​ភាព​គ្នា​រួចហើយ ឱ្យចេញ​ជា​សកម្មភាព​ជាក់ស្តែង​។​

​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ជំនួប​នាពេលនេះ លោក ស៊ូ ឈី​មីង ក៏បាន​លើកឡើង​ដែរ​ថា ទស្សនកិច្ច​ការងារ​រ​បស់​គណៈ​ប្រតិភូ​ចិន​នាពេលនេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​អនុវត្ត​ជាក់​​ស្តែង​នូវ​គំនិត​សំខាន់ៗ​រវាង​ថា្នក់​​ដឹកនាំ​ប្រទេស​ទាំង​ ២ និង​ចែករំលែក​បទពិសោធន៍ និង​គំនិត​ថ្មីៗ​នៃ​ការដឹកនាំ​គ្រប់គ្រង​បក្ស​និង​រដ្ឋ​។​

​យោងតាម​រដ្ឋសភា លោក ស៊ូ ឈី​មីង បាន​ថ្លែងថា​៖ «​ក្រោម​ការ​​ដឹកនាំ​របស់លោក​ ស៊ី ជីន​ភីង និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ទំនាក់ទំនង​កម្ពុជា​-​ចិន ត្រូវបាន​លើកកម្ពស់ និង​មាន​កិច្ច​សហប្រតិបត្តិ​ការជាក់ស្តែង​ទាំង​ទ្វេភាគី​និង​ពហុភាគី ហើយក៏​ជា​ទំនាក់ទំនង​គំរូ នៃ​ប្រទេស​ដែលមាន​របប​នយោបាយ​ផ្សេងគ្នា​»​។

​ជាមួយគ្នានេះ​ក្នុងនាម​គណៈ​ប្រតិភូ​ចិន លោក ស៊ូ ឈី​មីង ក៏បាន​សម្តែង​នូវ​អំណរគុណ​ជូន​លោក​ ហ៊ុន សែន និង​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ជំហរ​កម្ពុជា​ដែល​បាន​គាំទ្រ​ចិន ដោយ​ឈរលើ​ភាពត្រឹមត្រូវ​នៃ​ប្រវត្តិសាស្ត្រ​និង​យុ​ត្តិ​ធម៌​។

​គណៈប្រតិភូ​ចិន​ក៏បាន​បញ្ជាក់​ពី​ការគាំទ្រ​លោក​ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជំនាន់​ក្រោយ​ក្នុង​ការបន្ត​ដឹកនាំ​កម្ពុជា​យូរអង្វែង​ទៅមុខទៀត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់លោក ​ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដោយបាន​ពង្រឹង​និង​ពង្រីក​តួនាទី​កម្ពុជា​នៅក្នុង​ឆាក​អន្តរជាតិ ព្រមទាំង​ទទួលបាន​នូវ​ទំនុកចិត្ត​ពី​ប្រជាជន ហើយ​ភាគី​ចិន ជឿជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​ប្រទេស​សម្រេចបាន​នូវ​វិបុលភាព សន្តិ​ភាព និង​មានការ​អភិវឌ្ឍ​រុងរឿង​ត​ទៅមុខទៀត​៕