ភ្នំពេញៈ បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ ប្រកាស​ដាក់ឱ្យអនុវត្ត​គម្រោង​សាកល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​​និ​យោជន៍ ដោយ​ជំហាន​ដំបូង​អ្នកបើកបរ​ត្រីចក្រយានយន្ត (​ម៉ូតូ​កង់​ ៣)​ ក្នុង​រាជធានី​ភ្នំពេញ នឹងមាន​សិទ្ធិ​ទទួលបាន​ការធានារ៉ាប់រង​សុខភាព​ចាប់ពី​ថ្ងៃទី​ ១ ខែមេសា តទៅ​។​

​ការអះអាង​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ​ ២០២៣ នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​គម្រោង​សាកល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខ​ភាព​សម្រាប់​បុគ្គល​ស្វ័យ​និ​យោ​ជន៍​ដែល​រៀបចំ​ដោយ​ប​.​ស​.​ស ។ ជាមួយនឹង​ការប្រកាស​នេះ ប​.​ស​.​ស​.​ក៏បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ​ជាមួយ​អង្គការ ហ្រ្គេត (GRET) ស្តីពី​ការពង្រីក​របប​សន្តិសុខ​សង្គម​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍​ផងដែរ​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​នោះ លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. បាន​លើកឡើងថា ជា​ជំហាន​ដំបូង​គម្រោង​សាកល្បង​នេះ នឹង​ចាប់​អនុវត្ត​សម្រាប់តែ​បុគ្គល​ស្វ័យ​និ​យោជន៍ (​អ្នកបើកបរ​ត្រីចក្រយានយន្ត​) ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​រាជ​​ធានី​ភ្នំពេញ​តែប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា​៖ «​ការដាក់ឱ្យ​អនុវត្ត​គម្រោង​សាកល្បង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​​និ​យោជន៍​នាពេលនេះ នឹង​ក្លាយជា​យន្តការ​សិក្សា​សម្រាប់​ការពង្រីក​នៃ​ការ​គ្របដណ្តប់​របប​​សន្តិសុខ​សង្គម​សម្រាប់​គ្រប់​បុគ្គល​ស្វ័យ​និ​យោជន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​ខាងមុខ ហើយ​នេះ​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​កម្ពុជា​ផងដែរ​»​។​

​បើតាម​លោក អ៊ុក សមវិទ្យា កន្លងមក បេឡា​ជាតិ​សន្តិសុខ​សង្គម និង​អង្គការ ហ្រ្គេ​ត ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ដោយ​ទី​ភ្នា​ក់​ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ ​(AFD)​ បាន​សហការ​អនុវត្ត​គម្រោង​មួយ​ឈ្មោះថា SPIN ដែល​គម្រោង​នេះ​ទទួលបាន​សមិទ្ធផល​ជាច្រើន ដូចជា ការអភិវឌ្ឍ​កម្មវិធី​តាម​គេហទំព័រ ការវាយតម្លៃ​ហានិភ័យ​ហិរញ្ញ​​វត្ថុ ការអភិវឌ្ឍ​មជ្ឈមណ្ឌល​​ព័ត៌មាន​នៃ ​ប​.​ស​.​ស​. ​និង​ទទួល​បាន​យុទ្ធសាស្ត្រ​នៃ​ការផ្សព្វផ្សាយ​។​

​លោក ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​ប​.​ស​.​ស​.​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្រៅពី​ប្រកាស​អនុវត្ត​គម្រោង​សាក​ល្បង​នៅ​ថ្ងៃទី ២៧ ​មីនា ភាគី​ទាំង​ ២ ក៏បាន​ចុះ MOU រួមគ្នា​ក្នុង​ការរៀបចំ​ការអភិវឌ្ឍ ការ​​អនុវត្ត ការវាយតម្លៃ និង​ការ​ផ្សព្វផ្សាយ​គម្រោង A4S ដើម្បី​សិក្សា​អំពី​ការពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​បុគ្គល​ដែល​មិនទាន់​ទទួល​បានការ​ធានារ៉ាប់រង នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នាពេលនេះ គឺជា​ស្ពាន​ក្នុងការ​រួមចំណែក​ជួយ​ឱ្យ ប​.​ស​.​ស កម្ពុជា​អាច​ពង្រឹងសមត្ថភាពរ​បស់​ខ្លួន​បន្ថែម​ក្នុង​ការពង្រីក​សក្តានុពល​នៃ​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ឆ្ពោះទៅរក​ការរីកចម្រើន​ប្រកប​ដោយ​និរន្តរភាព ពិសេស​អាច​ពង្រីក​នូវ​ការការពារ​ផ្នែក​សន្តិសុខ​សង្គម​សម្រាប់​គ្របដណ្តប់​ដល់​បុគ្គល​ស្វ័យ​និ​យោជន៍​ក្នុងការ​ការពារ​ហានិភ័យ​សុខភាព​និង​រក្សាបាន​នូវ​ស្ថិរភាព​ប្រាក់ចំណូល​»​។​

​លោក​ ហេង សុផាន់​ណា​រិ​ទ្ធ បង្ហាញ​ក្តី​សង្ឃឹមថា គ្រប់ភាគី​ពាក់ព័ន្ធ នឹង​ប្តេជ្ញា​ខិតខំ​សម្រេច​ឱ្យបាន​ជោគជ័យ​ទៅតាម​គោលបំណង​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ដើម្បី​ចែករំលែក​ចំណេះដឹង ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ការផ្តល់​កិច្ចសហការ​គ្នា​ទៅវិញ​​ទៅមក​ដើម្បី​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ទៅដល់​ប្រជាជន​គោលដៅ​ផ្សេងៗ​ទៀតផង​ដែរ​។​

​ជាមួយនឹង​កិច្ចសហការ​នេះ អង្គការហ្រ្គេ​ត (GRET) បាន​អះអាងថា ចាប់ពី​ថ្ងៃទី ​១ ខែមេសា​តទៅ អ្នកបើកបរ​ត្រីចក្រយាន​យន្ត (​ម៉ូតូ​កង់​ ៣) ក្នុង​រាជធានី​ភ្នំពេញ ដែល​ស្ថិតក្នុង​ក្រុម​ស្វ័យ​​និ​យោជន៍ នឹងមាន​សិទ្ធិ​ទទួល​បានការ​ធានារ៉ាប់រង​សុខភាព​ជាមួយនឹង​ប​.​ស​.​ស តាមរយៈ​គម្រោង​សាកល្បង​របប​សន្ដិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍​។

​អង្គការហ្រ្គេ​ត បាន​អះអាងថា ដើម្បី​ចុះឈ្មោះ អ្នកបើកបរ​ម៉ូតូ​កង់​ ៣ ត្រូវយក​អត្តសញ្ញាណ​​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​បណ្ណ​សម្គាល់​យានយន្ត​មកកាន់​ទី​ស្នាក់​ការ​កណ្តាល​របស់​ប​.​ស​.​ស​ឬ​ចុះឈ្មោះ​តាមរយៈ​កម្មវិធី ​NSSF-PilotScheme រីឯ​ថ្លៃ​វិភាគទាន​ប្រចាំខែ ដែល​ត្រូវ​បង់ គឺមាន​ចំនួន​ ១៥ ៦០០​ រៀល​។​

​អង្គការហ្រ្គេ​ត បាន​បញ្ជាក់ថា​ «​ហើយ​បន្ទាប់ពី​បង់ថ្លៃ​វិភាគទាន​ចំនួន ២ ​ខែ​ជាប់​គ្នា ពួកគាត់​នឹង​អាច​ទទួលបាន​សេវា​ព្យា​បាល​ជំងឺ​ក្នុង​មណ្ឌល​សុខភាព​ដែល​ទទួលស្គាល់​ដោយ ប​.​ស​.​ស​.​ក៏ដូចជា សេវា​សម្ភព និង​សេវា​សង្គ្រោះបន្ទាន់​។ គម្រោង​សាកល្បង​នេះ​ដើម្បី​សម្រេចបាន​នូវ​ប្រព័ន្ធ​សន្តិសុខ​សង្គម​រួមបញ្ចូល​គ្នា​សម្រាប់​អ្នកបម្រើ​ការ​វិស័យ​ក្រៅផ្លូវការ ដូចជា អ្នកបើកបរ ត្រីចក្រយានយន្ត និង​អ្នកធ្វើ​ការ​តាម​ផ្ទះ​»​។

​លោក ​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្លែងថា ការចុះ MOU នេះ​ជា​ជំហាន​បន្ទាប់​មួយ​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ក្រោម​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម ដែល​បាន​ពង្រីក​វិសាលភាព​ដល់​ក្រុម​បុគ្គល​ស្វ័យ​និ​យោជន៍​នៃ​ក្រុម​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​លោក​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៨ ខែមីនា​ថា​៖ «​របប​សន្តិសុខ​សង្គម​នេះ មាន​លក្ខណៈ​ខុសពី​អ្នកធ្វើការ​ដែលមាន​ថៅកែ​តាម​ក្រុមហ៊ុន​ត្រឹមត្រូវ ឬ​អ្នក​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ ដែល​គេ​មាន​របប​ថែទាំ​សុខភាព របប​ហានិភ័យ​ការងារ ឬ​គ្រោះថ្នាក់​ការងារ និង​របប​សោធន​និវត្តន៍​»​។

លោក​ថា ដោយឡែក​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍​ដែល​បាន​ចុះ​ MOU នេះ ទទួល​បានតែ​របប​ថែទាំ​សុខ​ភាព​ប៉ុណ្ណោះ មិនទាន់​ទទួលបាន​លក្ខខណ្ឌ​ ២ ​ទៀត លើ​គ្រោះថ្នាក់​ការងារ និង​សោធន​និវត្តន៍​។​

​លោក​ វន់ ពៅ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ពិចារណា​ផ្តល់​លក្ខខណ្ឌ​គ្រប់​ប្រភេទ​នៃ​របប​សន្តិសុខ​សង្គម​ទៅដល់​អ្នក​ប្រកប​របរ​ផ្ទាល់ខ្លួន​នៃ​ក្រុម​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ក៏ដូចជា​ព្យាយាម​ពង្រីក​វិសាលភាព​ឱ្យបាន​ទៅដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងឡាយ​នៅ​ទូទាំងប្រទេស​ផងដែរ​។​

​លោក សេង ហួរ អ្នកបើក​កង់​ ៣​ នៅក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​ ៥​ ឆ្នាំ បាន​ថ្លែងថា ការផ្តល់​ឱកាស​ដល់​ក្រុម​អ្នកបើក​កង់​ ៣ ឱ្យទទួល​បានការ​ធានា​រ៉ាប់រង​ពី ប​.​ស​.​ស​. គឺជា​ឱកាសល្អ ដែល​ភាគច្រើន​ពួកលោក ​ចង់​ទទួលបាន​ដូច​គេ​ដូច​ឯង​។ លោក​បាន​រៀបរាប់ថា ក្រុម​អ្នកបើក​កង់​ ៣ គឺមាន​ការ​ប្រឈម​ច្រើន ជាពិសេស​បញ្ហា​ជំងឺ និង​គ្រោះថ្នាក់​តាម​ដងផ្លូវ​ដោយ​លោក​សង្ឃឹមថា បើ​ការផ្តល់សេវា​នេះ​ល្អ មិន​ខ្វះ​អ្នក​ចូល​ជា​សមាជិក​ទេ​។​

លោក​បាន​បញ្ជាក់ថា​៖ «​បើ​ការបង់​ភាគទាន​ក្នុង​ ១ ​ខែ តែ​ប៉ុណ្ណឹង​មែន គឺ​តិច​ទេ​។ យើង​ជា​អ្នករត់​ផាស​អាប់ អាច​បង់​បាន​។ ប៉ុន្តែ​យើង​ខ្លាច​តែ​ពេល​យើង​បង់ហើយ ពេល​ឈឺ​ពេល​អី យើង​មិន​ទទួលបាន​សេវា​ល្អ ព្រោះ​ធ្លាប់​ឮ​មក​ថា អ្នកផ្តល់​សេវា អីហ្នឹង​ពិបាក​»៕

រាយការណ៍​បន្ថែម សំបាន ច័ន្ទដារ៉ា​