ភ្នំពេញៈ ដើមឈើជាង ១ ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប បានបន្តដាំក្នុងយុទ្ធនាការដាំដើមឈើបន្ថែមនៅបរិវេណខាងលិចត្រពាំងសេះ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ។
យុទ្ធនាការដាំដើមឈើ និងស្មៅ នៅតំបន់រមណីយដ្ឋានអង្គរនេះ បានចាប់ផ្តើមដាំដើមឈើចម្រុះនិងស្មៅលើផ្ទៃដីសរុបជិត២ហិកតា នាបរិវេណខាងជើងស្រះត្រពាំងសេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ និងបានបន្តធ្វើយុទ្ធនាការនេះជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែង នារសៀលថ្ងៃទី២៨ ខែមីនា អាជ្ញាធរជាតិអប្សរា សហការជាមួយនឹងសាខាពន្ធដារខេត្តសៀមរាប និងសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ បានបន្តយុទ្ធនាការដាំដើមឈើចម្រុះនេះផងដែរ ដោយបានរួមគ្នាដាំដើមឈើចំនួនប្រមាណ១ ២០០ដើម នៅបរិវេណខាងលិចត្រពាំងសេះ។
យោងតាមអាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៩ ខែមីនា បានឱ្យដឹងថា យុទ្ធនាការដាំដើមឈើចម្រុះ នៅបរិវេណខាងលិចត្រពាំងសេះនេះ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។
តាមរយៈអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ដើមឈើមិនត្រឹមតែមានសារៈសំខាន់ខ្លាំងដល់រមណីយដ្ឋានអង្គរទាំងមូលប៉ុណ្ណោះទេ តែក៏ផ្តល់ជាប្រយោជន៍ទៅដល់មនុស្ស សត្វ និងបរិស្ថានជុំវិញផងដែរ។
លោកបានបញ្ជាក់ថា ៖ «ក្រោយពេលដាំរួច ដើមឈើទាំងនោះត្រូវបានថែទាំនិងស្រោចទឹក ជាប្រចាំ ដោយក្រុមការងារអាជ្ញាធរជាតិអប្សរា ដើម្បីទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយ»។
ជាមួយគ្នានេះដែរ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានលើកឡើងដែរថា អាជ្ញាធរជាតិអប្សរាបានផ្តល់ឱកាសដល់ស្ថាប័នលោកបានចូលរួមក្នុងសកម្មភាពដាំដើមឈើឡើងវិញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយសារដើមឈើដែលបានដាំនៅពេលនេះ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិ និងជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
ទាក់ទងនឹងយុទ្ធនាការដាំដើមឈើនេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ធ្លាប់បានលើកឡើងថា រមណីយដ្ឋានអង្គរមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលភ្ញៀវទេសចរមកពីប្រទេសនានាលើសកលលោកតែងតែប្រាថ្នាចង់មកទស្សនា។ ដូច្នេះការងាររៀបចំសោភណភាពនៅជុំវិញតំបន់អង្គរនេះ គឺជាករណីចាំបាច់ដែលត្រូវគិតគូរខ្ពស់។
លោកបញ្ជាក់ដែរថា ការដាំដើមឈើ និងស្មៅ នៅទីនេះជាផ្នែកមួយតូចប៉ុណ្ណោះ ដោយនៅមានផ្ទៃដីជាច្រើនទីតាំងទៀតដែលត្រូវដាំដុះឡើងវិញ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនភាពបៃតងនៅជុំវិញតំបន់រមណីយដ្ឋានអង្គរ។
យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណង កែលម្អដីទំនេរ ដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឱ្យក្លាយជាតំបន់បៃតង មានដើមឈើ និងវាលស្មៅ ដែលជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និងជាប្រយោជនន៍ដល់មនុស្សជាតិទាំងមូល។
សូមបញ្ជាក់ផងដែរថា ក្រោយពេលប្រជាពលរដ្ឋមួយចំនួន បានស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅចេញពីតំបន់អង្គរ ទៅកាន់ទីកន្លែងថ្មី អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើទីតាំងដីទំនេរ និងបានកៀរគរស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនចូលរួមចំណែកក្នុងយុទ្ធនាការនេះផងដែរ៕