ភ្នំពេញៈ ​ក្រសួងសុខាភិបាល​ណែនាំ​ដល់​ម្ចាស់​គ្រឹះស្ថាន​ផលិត​ឱសថ គ្រឹះស្ថាន​ផលិត​វត្ថុធាតុដើម គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ផលិតផល​គ្រឿងសម្អាង​ដែល​មិនទាន់បាន​ធ្វើការ​ស្នើសុំ​នាំចូល នាំចេញ​តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ពេញលេញ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុងការ​នាំចូល នាំចេញ​ឱសថ​ធានា​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់​។​

“​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​” មាន​តួនាទី​សំខាន់​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ ស្របតាម​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ការផ្តល់​និង​ទទួល​អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និង​ឯកសារ​ផ្សេងទៀត​ក្នុង​ទម្រង់​អេ​ឡិ​ចត្រូ​និក សម្រាប់​ទំនិញ​នាំចេញ​-​នាំចូល​។​

​យោងតាម​លិខិត​ណែនាំ​របស់​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន ចុះ​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឱ្យដឹងថា ការណែនាំ​នេះ ធ្វើឡើងតាម​ការសម្រេច​របស់​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ដឹកនាំ​គម្រោង​បញ្ជរ​តែមួយ​ជាតិ (National Single Window) កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ នៅ ទីស្ដីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ក្នុង​លិខិត​នេះ លោកស្រី ឱ វណ្ណឌី​ន ឱ្យដឹងថា ដើម្បី​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​នាំចូល នាំចេញ​ឱសថ ប្រតិករ ឧបករណ៍​បរិក្ខារ​ពេទ្យ គ្រឿងសម្អាង ផលិតផល​បំប៉ន​សុខភាព វត្ថុធាតុដើម វត្ថុ​ធាតុ​ផ្សំ សម្ភារ​វេច​ខ្ចប់ និងផលិតផល​សុខាភិបាល​ផ្សេងទៀត​ឱ្យ​កាន់តែ​ល្អប្រសើរ ក្រសួងសុខាភិបាល​ស្នើ​ម្ចាស់​គ្រឹះស្ថាន​ដែល​មិនទាន់បាន​ធ្វើការ​ស្នើសុំ​នាំចូល នាំចេញ ​តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ពេញលេញ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា​៖«​ការនាំ​ចូល នាំចេញ​ផលិតផល​សុខាភិបាល​តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ក្នុង​គោលបំណង​ធានាបាន​នូវ​តម្លាភាព និង​ប្រសិទ្ធភាព​ក្នុងការ​ស្នើសុំ​នាំចូល នាំចេញ​បង្កលក្ខណៈ​ងាយស្រួល និង​ឆាប់រហ័ស​ក្នុង​ការផ្តល់សេវា​ផ្តល់ព័ត៌មាន​ត្រឡប់​ដល់ លោក​-​លោកស្រី​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា​កាត់បន្ថយ​ការចំណាយ​ទាំង​ថវិកា និង​ពេលវេលា​និង រក្សា​ការសម្ងាត់ និង​ឯកសារ​មាន​សុវត្ថិភាព​ខ្ពស់​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស្រី ឱ វណ្ណឌី​ន មិនអាច​ទាក់ទង​ស្នើសុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ ២០២៣​។​

លោក ទ្បី សុភាព ​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា បានថ្លែង​ស្វាគមន៍​ចំពោះ​ការណែនាំ​របស់​ក្រសួង​ដោយ​ចាត់ទុកថា វា​នឹង​ធ្វើឱ្យមាន​ភាពងាយស្រួល​ក្នុង​គ្រប់គ្រង​ឱសថ គ្រឿង​សម្អាង និង​ការផលិត និង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកប្រើប្រាស់ ព្រោះ​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ ពី​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​។

លោក​ថា​៖«​ព្រោះ​កន្លងមកនេះ ក៏មាន​គ្រឹះស្ថានផលិត​ឱសថ គ្រឹះស្ថាន​ផលិត​វត្ថុធាតុដើម គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ និង​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ផលិតផល​គ្រឿងសម្អាង​មួយចំនួន មិនទាន់​បានធ្វើ​ការស្នើ​សុំ​នាំចូល នាំចេញ​តាម​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​នេះ​ទេ​»​។

​សូម​រំឭកថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​គម្រោង​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​គម្រោង​បញ្ជរ​តែមួយ​ជាតិ លើក​ទី៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​តំណាង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ពិនិត្យ​អំពី “​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី២ និង​ការប្រកាស​ចាប់ផ្តើម​អនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី ៣”​ផងដែរ​៕