ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំមួយរបស់ចិនបានបង្ហាញបំណងចង់វិនិយោគលើគម្រោងកែច្នៃសំរាមទៅជាអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងប្រតិបត្តិការសេវាប្រមូលសំរាមនៅភូមិសាស្ត្រនេះស្រាប់។ នេះបើយោងតាមជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ រវាងតំណាងក្រុមហ៊ុន មីហ៊្សូដាគ្រុប ជាមួយរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣។
ក្នុងជំនួបនោះ លោក Shan Jian Ming អគ្គនាយកក្រុមហ៊ុន មីហ៊្សូដា គ្រុបបានលើកឡើងថា ក្រុមហ៊ុនលោក មានគម្រោងវិនិយោគលើការងារកែច្នៃសំរាមទៅជាអគ្គិសនីបន្ថែមពីលើការងារដែលក្រុមហ៊ុនកំពុងអនុវត្តរាល់ថ្ងៃ ដើម្បីរួមចំណែកលើកកម្ពស់សោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាតថែមទៀត។
លោក Shan Jian Ming បានថ្លែងថា៖«ក្រុមហ៊ុនបានពិភាក្សាអំពីលទ្ធភាពនៃការធ្វើវិនិយោគលើគម្រោងផ្សេងៗ និងការរួមចំណែកលើការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត មានសោភណភាព និងស័ក្ដិសមជាទីក្រុងទំនើប។ ក្រុមហ៊ុនចង់ទទួលមតិយោបល់ ណែនាំពីចំណុចខ្វះខាតមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត លើកិច្ចការងារប្រមូល ដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ហើយក្រុមហ៊ុនយើងមានបំណងចង់វិនិយោគលើគម្រោងកែច្នៃដុតសំរាមទៅជាអគ្គិសនីនៅភ្នំពេញថែមទៀត»។
តំណាងក្រុមហ៊ុនខាងលើបានអះអាងដែរថា ដោយសារក្រុមហ៊ុនមីហ៊្សូដា គ្រុប មានរោងចក្រដុតសំរាមទៅជាអគ្គិសនីចំនួន៣៣រោងចក្រនៅប្រទេសចិន និងឆ្លងកាត់ការប្រមូលដឹកជញ្ជូនសំរាមក្រុមហ៊ុនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាលក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំង ហេតុដូច្នេះក្រុមហ៊ុនមានបំណងចង់វិនិយោគលើគម្រោងដុតសំរាមទៅអគ្គិសនីនៅរាជធានីភ្នំពេញបន្ថែមទៀត។ លោកក៏បានបង្ហាញការជឿជាក់ថា គម្រោងនេះនឹងទទួលបានការគាំទ្រពីសាលារាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។
ជុំវិញរឿងនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញពិតជាទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើស
រើសក្រុមហ៊ុនថ្មី ដើម្បីផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ ដែលកន្លងមកក្រុមហ៊ុនចំនួន៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែល្អប្រសើរឡើងពី១ថ្ងៃទៅ១ថ្ងៃផងដែរ។
ដោយឡែក ចំពោះបំណងវិនិយោគលើគម្រោងកែច្នៃសំរាមវិញ លោក ឃួង ស្រេង ថ្លែងថា បើរាជរដ្ឋាភិបាលកម្ពុជា ផ្តល់លទ្ធភាពឱ្យរដ្ឋបាលរាជធានីភ្នំពេញជាអ្នកចាត់ចែងនោះរដ្ឋបាលរាជធានីភ្នំពេញនិងផ្តល់ជូន ក្រុមហ៊ុន មីហ៊្សូដា មុនគេ។
ឆ្លៀតឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញរូបនេះក៏បានណែនាំឱ្យក្រុមហ៊ុនខាងលើត្រូវបន្តការខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីដណ្តើមស្នាដៃបន្តការវិនិយោគប្រមូលសំរាមនេះនៅតាមបណ្ដាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។
លោក ឃួង ស្រេង បានបន្តថា៖«ទោះបីជាមិនមានគំនរសំរាមសេសសល់ដូចមុន ការប្រមូលបានទៀងទាត់ ស្អាតជាងមុន មធ្យោបាយ និងសម្ភារបរិក្ខារប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើន និងមានការអប់រំជាងមុន ដែលប្រការនេះធ្វើឱ្យមានការសាទរពីគ្រប់មជ្ឈដ្ឋាននៅរាជធានីភ្នំពេញ។ ប៉ុន្តែក្រុមហ៊ុនក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវបំពេញបន្ថែមផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញមានសោភណភាព បរិស្ថានល្អប្រសើរជាងមុន» ។
សូមជម្រាបដែរថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគឺមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ក្រុមហ៊ុន 800 Super GAEA (Cambodia)Co., Ltd,ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co, Ltd និងក្រុមហ៊ុន Cintr/Everbright។ ដោយឡែក បច្ចុប្បន្នក្រុមហ៊ុនមីហ៊្សូដា កំពុងប្រតិបត្តិការប្រមូលសំរាមនៅខណ្ឌចំនួន៥ គឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល។
ក្រសួងបរិស្ថាន ធ្លាប់បានបង្ហាញថា ដោយសារកំណើននៃសកម្មភាពពាណិជ្ជកម្ម និងការរីកដុះដាលនៃវិស័យសំណង់ ក្នុងរាជធានីភ្នំពេញ និងខេត្តជាប់រាជធានី ទើបធ្វើឱ្យការកសាងហេដ្ឋារចនាសម្ព័ន្ធសំណង់ទាំងវិស័យរដ្ឋ និងឯកជនមានសម្ទុះកើនឡើងជាលំដាប់។ ទន្ទឹមនោះ ការចោល និងទុកដាក់សំណល់សំណង់ចេញពីការដ្ឋានសំណង់ សំណង់ជួសជុល និងសំណង់ចាស់បានក្លាយជាក្តីបារម្ភ ចំពោះផលប៉ះពាល់បរិស្ថាន និងសង្គមក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងបរិស្ថាន ធ្លាប់បានឱ្យដឹងថា ក្នុង១ថ្ងៃៗ បរិមាណសំរាមនៅទីក្រុងភ្នំពេញមានចំនួន៣ពាន់តោន ខណៈនៅតាមទីប្រជុំជនមានជាង១ម៉ឺនតោនក្នុង១ថ្ងៃ៕