ភ្នំពេញៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបង្ហាញការសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតដោយចាត់ទុកថា ច្បាប់នេះនឹងធ្វើឱ្យមានតម្លាភាព និងសមធម៌ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យបានកាន់តែប្រសើរ។
ការសាទរនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ដែលច្បាប់នេះ បានកំណត់អំពីក្របខ័ណ្ឌគតិយុត្ត សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍការផ្គត់ផ្គង់ទឹកស្អាត។
សេចក្តីប្រកាសរួមរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ចុះថ្ងៃទី ២៧ ខែមីនា បានលើកឡើងថា៖«ច្បាប់ស្ដីពីការគ្រប់គ្រងទឹកស្អាត គឺជាច្បាប់លើកដំបូងរបស់កម្ពុជាក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត និងត្រូវបានគិតគូរយ៉ាងហ្មត់ចត់ក្នុងដំណាក់កាលរៀបចំសេចក្តីព្រាងច្បាប់នេះ»។
ក្រសួងឧស្សាហកម្ម និង JICA បានរួមសហការអនុវត្តគម្រោងជាបន្តបន្ទាប់លើការអភិវឌ្ឍវិស័យទឹកស្អាត ហើយក្នុងនោះសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទឹកស្អាត ត្រូវបានផ្តួចផ្តើមនិងគាំទ្រក្នុងជំហានដំបូងតាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជនកម្ពុជា (ជំហានទី៣) ដែលបានអនុវត្តចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ កន្លងទៅ។
ក្រសួងឧស្សាហកម្ម និងទីភ្នាក់ងារជប៉ុនJICA បញ្ជាក់ថា ច្បាប់នេះមានវិសាលភាព អនុវត្តចំពោះការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន និងត្រូវឈរលើគោលការណ៍មួយចំនួន។
ប្រភពដដែលលើកឡើងថា៖«ច្បាប់នេះ ធ្វើឱ្យមានតម្លាភាព និងសមធម៌ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតធ្វើឱ្យមានសមភាព និងមិនមានការរើសអើង រវាងអ្នកផ្តល់សេវានិងអ្នកទទួលសេវាផ្គត់ផ្គង់ទឹកស្អាត លើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលរួមវិនិយោគក្នុងវិស័យទឹកស្អាត និងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដោយឈរលើលក្ខខណ្ឌ៤យ៉ាងគឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យជាដើម»។
ពាក់ព័ន្ធនឹងច្បាប់នេះដែរ ប្រធានកម្មវិធីមកពីអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ហង់ ហ៊ីប៊ុណ្ណា ក៏បានបង្ហាញការគាំទ្រចំពោះការបង្កើតឱ្យមានច្បាប់ស្តីពីគ្រប់គ្រងទឹកស្អាតនេះដែរ ព្រោះកន្លងមក កម្ពុជាមានតែគោលនយោបាយទឹកស្អាតប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖« តាមរយៈច្បាប់នេះ នឹងធ្វើឱ្យការគ្រប់គ្រង និងអនុវត្តលើវិស័យទឹកស្អាតបានច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា»។ យ៉ាងណាមិញ លោកក៏ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយពីច្បាប់នេះ ឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព។
សេចក្តីប្រកាសខាងលើ បានគូសបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)គឺជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែង លើវិស័យទឹកស្អាតនៅកម្ពុជា។
ជាមួយគ្នានោះដែរ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ក៏បានប្តេជ្ញាថា នឹងខិតខំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីឱ្យសម្រេចបាននូវការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាឱ្យកាន់តែមានសម្ទុះខ្លាំងថែមទៀត៕