ភ្នំពេញៈ ប្រព័ន្ធអង្គការសហប្រជាជាតិ (UN) នៅកម្ពុជា បង្ហាញការគាំទ្រ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងប្រព័ន្ធសុខាភិបាលនិងពង្រីកប្រព័ន្ធគាំពារសង្គមសម្រាប់ផែនការអភិវឌ្ឍន៍ ៥ ឆ្នាំបន្ទាប់ (២០២៤-២០២៨) ដើម្បីឆ្ពោះទៅរកស្តង់ដាគ្របដណ្តប់សុខភាពជាសកល និងជួយពន្លឿនវឌ្ឍនភាពរបស់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
ការជំរុញនិងគាំទ្ររបស់ប្រព័ន្ធ UN នេះ ធ្វើឡើងក្នុងជំនួបប្រជុំប្រចាំឆ្នាំរវាងរដ្ឋាភិបាលកម្ពុជានិងប្រព័ន្ធ UN ប្រចាំកម្ពុជា នាវិមានសន្តិភាព នៅថ្ងៃទី ២៨ ខែមីនា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកចូសែហ្វ សូយ័រ (Joseph Scheuer ) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។
តាមការបញ្ជាក់ពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ជំនួបប្រជុំនេះ បានលើកយកកិច្ចពិភាក្សាលើប្រធានបទចំនួន ២ ជាសំខាន់ ដែលទី ១ ពាក់ព័ន្ធការពង្រឹងប្រព័ន្ធសុខាភិបាល និងទី ២ ពាក់ព័ន្ធប្រព័ន្ធគាំពារសង្គម។
លោក អ៊ាង សុផល្លែត បន្តថា ចំពោះបញ្ហាពង្រឹងប្រព័ន្ធសុខាភិបាលភាគីទាំង ២ មានទិសដៅ ពង្រឹងគុណភាពឱ្យមានភាពធន់ដើម្បីគ្របដណ្តប់សុខភាពក្នុងស្តង់ដាសកល។ ចំណែកបញ្ហាពង្រីកប្រព័ន្ធការពារសង្គមវិញ រដ្ឋាភិបាលកម្ពុជា ដាក់ទិសអាទិភាព ក្នុងការអភិវឌ្ឍ និងពង្រីកវិសាលភាពដល់ការគាំពារពលរដ្ឋគ្រប់រូប ជាពិសេសពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះដែលមានហានិភ័យ និងវិបត្តិផ្សេងៗ ខណៈ UN គាំទ្រទិសដៅអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍបន្ថែមនូវប្រព័ន្ធគាំពារសង្គមនេះ។
ពាក់ព័ន្ធទៅនឹងកិច្ចពិភាក្សាលើប្រធានបទទាំង ២ នេះលោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ប្រព័ន្ធអង្គការសហប្រជាជាតិ បានប្រកាន់ខ្ជាប់នូវភាពទន់ភ្លន់ និងបត់បែនតាមសភាពការណ៍ក្នុងការអនុវត្តយូអិនដាហ្វ (UNDAF) តាមរយៈដាក់ឱ្យអនុវត្តក្របខ័ណ្ឌឆ្លើយតបសង្គមសេដ្ឋកិច្ច និងពិនិត្យកែសម្រួលមូលធន និងគោលដៅអន្តរាគមន៍ឡើងវិញ សំដៅគាំទ្ររាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃជំងឺរាតត្បាតមកលើក្រុមងាយរងគ្រោះបំផុត»។
ជុំវិញប្រធានបទលើការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធការងារសង្គម ភាគីទាំង ២ បានពិភាក្សាដោយបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ដោយចាត់ទុកថា វាជាមូលដ្ឋានស្នូល នៃការអភិវឌ្ឍធនធានមនុស្ស។ ជាមួយគ្នានេះ លោកហ៊ុន សែន សម្តែងការសាទរដល់ប្រព័ន្ធរបស់ UN ដែលបានប្តេជ្ញាគាំទ្ររដ្ឋាភិបាលកម្ពុជាជំរុញការពង្រឹង និងពង្រីកទិសដៅអាទិភាពទាំង ២ នេះ ដែលមានគោលដៅបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។
សម្រាប់ជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់រយៈពេល ៥ ឆ្នាំខាងមុខ ឆ្នាំ ២០២៤-២០២៨ លោក ហ៊ុន សែន ក៏បានស្នើឱ្យភ្នាក់ងារពាក់ព័ន្ធ នៃប្រព័ន្ធអង្គការសហប្រជាជាតិបន្តរៀបចំតាមយន្តការកិច្ចពិគ្រោះយោបល់ដែលមានស្រាប់ ដោយរាជរដ្ឋាភិបាល ផ្តល់ការគាំទ្រជាផ្លូវការលើឯកសារទាំងនេះ សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យ និងអនុម័តក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាប្រតិបត្តិ។
យោងតាមផេចវេបសាយអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកចូសែហ្វ សូយ័រ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា៖ «កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាផ្នែកមួយដ៏សំខាន់នៃភាពជាដៃគូរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ការធានាយ៉ាងណាឱ្យក្របខ័ណ្ឌសហប្រតិបត្តិការរបស់យើងស្របតាមទិសដៅរបស់រដ្ឋាភិបាល និងទទួលបានការគាំទ្រពីរដ្ឋាភិបាល គឺជាអ្វីដែលសំខាន់ និងចាំបាច់»។
លោក ចូសែហ្វ សូយ័រ បន្តថា UN បានខិតខំពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាដោយការលើកកម្ពស់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ សេវាសុខភាពមាតា និងទារកក៏ដូចជាកិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅថ្នាក់ក្រោមជាតិ។
ប្រភពដដែលបន្តថា៖ «ចំពោះបញ្ហាប្រព័ន្ធគាំពារសង្គមវិញ UN បានធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាជាពិសេស ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមដើម្បីធានាឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលដំបូងឡើយកម្មវិធីនេះបានផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពល-រដ្ឋងាយរងគ្រោះជាង ៧០០ ០០០ គ្រួសារ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកសន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា នៅក្រោយវិបត្តិសុខភាពសាធារណៈសកលពីកូវីដ ១៩ ជាហេតុធ្វើឱ្យស្ថាប័នអង្គការសហប្រជាជាតិចង់ឱ្យកម្ពុជាជំរុញលើកស្ទួយការពង្រឹងគុណភាពប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដោយហេតុកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ហើយស្ថិតក្នុងដំណើរសកលភាវូបនីយកម្មជាមួយប្រទេសនានាក្នុងពិភពលោក។
លោកថា៖ «បន្ទាប់ពីកូវីដ ១៩ ដែលធ្វើឱ្យប៉ះពាល់ទាំងសេដ្ឋកិច្ចទាំងសុខុមាលភាពប្រជាជន អ៊ីចឹងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសប្រព័ន្ធគាំពារសង្គមជាលក្ខខណ្ឌមួយដែលបណ្តាប្រទេសក្នុងលោក ជាពិសេសប្រទេសដែលរងផលប៉ះពាល់ដោយកូវីដ ១៩ បានផ្តួចផ្តើមនូវតម្រូវការនៃគណនេយ្យរវាងរដ្ឋាភិបាល និងប្រជាជន ជាពិសេសក្រុមមនុស្សដែលងាយរងគ្រោះ»។
សម្រាប់លោកមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ថ្លែងថា ការផ្តល់យោបល់ និងគាំទ្រពី UN ឱ្យរដ្ឋាភិបាលកម្ពុជាកំណត់អាទិភាព ៥ ឆ្នាំទៅមុខ ក្នុងការបង្កើនប្រសិទ្ធភាពប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងប្រព័ន្ធគាំពារសង្គមនេះជាការស្រាវជ្រាវនិងសង្កេតយ៉ាងល្អិតល្អន់ពី UN ផ្ទាល់ដែលលោកថា វិស័យសុខាភិបាលនៅកម្ពុជានៅមានលក្ខណៈទន់ខ្សោយ និងប្រព័ន្ធគាំពារសង្គមមិនទាន់អាចគ្របដណ្តប់ទូលំទូលាយ ជាពិសេសដល់ក្រុមប្រជាពលរដ្ឋដែលកំពុងត្រូវការជាចាំបាច់។
លោកថា៖ «ប្រព័ន្ធសុខាភិបាលយើងនៅទន់ខ្សោយ ខណៈពលរដ្ឋខ្លះសុខចិត្តចំណាយថវិកាច្រើន ទៅព្យាបាលជំងឺនៅក្រៅប្រទេស ជាពិសេសអ្នកមាន និងអ្នកវណ្ណៈកណ្តាល ព្រោះមិនសូវទុកចិត្តប្រព័ន្ធសុខាភិបាលក្នុងស្រុក»។
លោកបន្ថែមថា រដ្ឋាភិបាលគួរបង្កើនគុណភាពមន្ទីរពេទ្យសាធារណៈឬមន្ទីរពេទ្យរដ្ឋប្រកបដោយស្តង់ដាឱ្យបានច្រើនទីតាំងនៅតាមតំបន់ភូមិសាស្ត្រខេត្តនីមួយៗ ជាជាងប្រមូលផ្តុំតែនៅរាជធានីភ្នំពេញ និងសៀមរាប។
គិតត្រឹមឆ្នាំ ២០២២ កម្ពុជាមានសមាជិកមូលនិធិសុខភាពប្រកបដោយសមធម៌ប្រមាណ ៣,២ លាននាក់ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ប្រមាណ ២,៥៦ លាននាក់បានទទួលផលប្រយោជន៍ពីសេវាសុខាភិបាល និងរដ្ឋបាល។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា៕