ភ្នំពេញ/កំពង់ចាមៈ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត លើកឡើងថា ការពង្រឹងសមត្ថភាព ព្យាបាលជំងឺដល់ប្រជាពលរដ្ឋគឺជាការចាំបាច់ ប៉ុន្តែការបង្ការជំងឺ ក៏ជាកិច្ចការ ១ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ ខណៈអភិបាលរាជធានីភ្នំពេញ បានណែនាំមន្ត្រីជំរុញការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែល្អ។
ក្នុងពិធីសំណេះសំណាល និងប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យកំពង់ចាម ពីសប្តាហ៍មុន លោក ហ៊ុន ម៉ាណែត ថ្លែងថា មុននឹងឈានទៅដល់ការព្យាបាល គឺត្រូវធ្វើការវិនិយោគ លើការបង្ការជាមុនសិន។
លោកថា៖ «ការពង្រឹងសមត្ថភាពព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាការចាំបាច់ ប៉ុន្តែការបង្ការជំងឺក៏ជាកិច្ចការ ១ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ ដែលប្រសិទ្ធភាពក្នុងការបង្ការ និងព្យាបាលជំងឺ ពឹងផ្អែកលើកត្តាធំៗ ៣»។
លោក ហ៊ុន ម៉ាណែត ថា កត្តាទាំង៣នោះរួមមាន ការផ្សព្វផ្សាយ អប់រំសុខភាពដល់សាធារណជន ការអនុវត្តច្បាប់ដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងគុណភាពនៃគ្រឿងឧបភោគ បរិភោគ និងថ្នាំសង្កូវនានា និងការចូលរួមដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព ខ្ពស់របស់ពេទ្យក្នុងការព្យាបាល និងការផ្តល់ថ្នាំដល់អ្នកជំងឺ។
លោកបញ្ជាក់ថា៖ «ពេទ្យរបស់យើងត្រូវព្យាបាលដោយសមត្ថភាព និងការទទួលខុសត្រូវ ក្នុងនោះការលក់ថ្នាំសង្កូវ ត្រូវពិនិត្យ និងការយល់ដឹងច្បាស់ថា តើត្រូវផ្តល់អ្វីខ្លះដល់អ្នកជំងឺ ដែលជាកិច្ចការសំខាន់។ ចំណុចទាំង ៣ នេះ យើងអាចធ្វើបាន ព្យាបាលបាន និងអាចពង្រឹងនូវសមត្ថភាពរបស់យើងបាន»។
ក្នុងពិធីបើកសន្និបាតនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែមីនា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការគ្នាឱ្យបានស្អិតល្មួតជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ដើម្បីជំរុញការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ១ កម្រិតទៀត។
លោក ឃួង ស្រេង លើកឡើងថា បុគ្គលិកពេទ្យ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបំពេញការងារយ៉ាងល្អ នាពេលកន្លងមក ពិសេសក្នុងយុទ្ធនាការនៃការទប់ស្កាត់ជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «មន្ទីរសុខាភិបាលត្រូវបន្តការសហការជាមួយអាជ្ញាធរខណ្ឌចុះធ្វើការត្រួតពិនិត្យ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព គ្លីនិកឯកជន នៅក្នុងរាជធានីភ្នំពេញទាំងអស់ បើទោះបី មានច្បាប់ ឬមិនមានច្បាប់»។
បើតាមលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បច្ចុប្បន្ន មានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញចំនួន ៧ មន្ទីរពេទ្យបង្អែកកម្រិត CPA1 ចំនួន ៧ មណ្ឌលសុខភាព ៤៣ ប៉ុស្តិ៍សុខភាព ៧ ទីតាំង ព្រមទាំងមានមន្ត្រី និងបុគ្គលិកសុខាភិបាលចំនួន ១ ៣៩២ នាក់៕