ភ្នំពេញៈ លោក ទៀ សីហា អភិបាលខេត្តសៀមរាបថ្លែងថា រយៈពេល ៥ ឆ្នាំចុងក្រោយនេះខេត្តសៀមរាបបានចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធចេញបណ្ណកម្មសិទិ្ធជូនប្រជាពលរដ្ឋបានចំនួនសរុប ៤៨ ៤៧៦ បណ្ណ នៅក្រុង-ស្រុកចំនួន ៦ លើក្រុង-ស្រុកទាំង ១២ ទូទាំងខេត្ត។
លោក សីហា ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តសៀមរាប» ដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្នុងសាលសេរីភាព ជាន់ផ្ទាល់ដី នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ នេះ។
លោកថា គិតតាំងពីចាប់ផ្តើមអនុវត្តឆ្នាំ ២០០៤ មកទល់ពេលនេះ រដ្ឋបាលខេត្តសៀមរាប បានចុះបញ្ជីបានចំនួន ១៥២ ២៩១ ក្បាលដី នៃភូមិ ១៦៧ ភូមិ បានចេញបណ្ណ ៨១ ៦៤៤ បណ្ណ នៃភូមិចំនួន ៨៧ នៅសល់ ៧០ ៦៤៧ ក្បាលដី ដោយសារព្រំប្រទល់កំណត់តំបន់ ១ និងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប មិនទាន់ច្បាស់លាស់ និងមួយចំនួនទៀតដោយសារក្រោយបិទផ្សាយមានបណ្ដឹងតវ៉ា និងមិនទាន់ដោះស្រាយរួច។
លោកថ្លែងថា ក្រុមការងារខេត្ត បានចូលរួមជាមួយក្រុមការងារតម្រង់ទិសបានសម្របសម្រួលដោះស្រាយ ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងស្រង់ទិន្នន័យប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរ ការរស់នៅពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង សរុបចំនួន ៩ ៦៩៥ គ្រួសារ និងបានផ្តល់បណ្ណក្រីក្រ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់ផងដែរ។
បើតាមលោក ទៀ សីហា ក្រុមការងារតម្រង់ទិសក៏បានសហការជាមួយកងពលធំលេខ ២ និងយោធភូមិភាគទី ៤ បានដឹកជញ្ជូន និងជួយរុះរើផ្ទះប្រជាពលរដ្ឋបាន ២ ០៤៧ ខ្នងផ្ទះ។ លោកបានឱ្យដឹងទៀតថា ចំពោះវឌ្ឍនភាពការអភិវឌ្ឍរុនតាឯក និងពាក់ស្នែងរដ្ឋបាលខេត្តកំពុងសហការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់គួបផ្សំនឹងទឹកស្អាត អគ្គិសនី បានល្អប្រសើរ។
លោកថ្លែងថា៖ «នៅរុនតាឯកនេះផ្លូវយើងធ្វើហើយ ផ្សារធ្វើបាន ៤០ ទៅ ៥០ ភាគរយ យើងនឹងមានវត្តអារាម សាលារៀនគឺបានបន្ថែមកម្រិតជាវិទ្យាល័យ ហើយផ្ទះប្រជាពលរដ្ឋដូចជាបានធ្វើផ្ទះរួចជិត ២ ពាន់ខ្នង ចំណែកអគ្គិសនី គឺបានចូលដល់ផ្ទះពលរដ្ឋ ឯទឹកស្អាតក៏ចូលទៅដល់ដែរ រីឯសេវាទូរស័ព្ទក៏បានដំឡើងដែរតំបន់ហ្នឹងពីមុនអត់ដែលមានសេវាសោះ ឥឡូវមានគ្រប់ប្រព័ន្ធ»។
លោក ទៀ សីហា ថ្លែងថា ពាក់ព័ន្ធបញ្ហាដីតំបន់បឹងទន្លេសាបដើម្បីជាការគិតគូរពីកត្តាជីវភាពបងប្អូនប្រជានេសាទ និងប្រជាកសិករអាស្រ័យផល ឬ រស់នៅជាក់ស្តែងនៅតំបន់ ២ និងតំបន់ ៣ ដែលគ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាប ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់គោលការណ៍ណែនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត បានចុះសិក្សា និងលើកយោបល់សម្រាប់ការដោះស្រាយ ដែលក្នុងនោះក្រុមការងារបានចុះស្រង់ស្ថិតិប្រជាជន ទិន្នន័យ ការប្រើប្រាស់ជាក់ស្តែង និងបានលើកយោបល់សុំការសម្រេចពីរាជរដ្ឋាភិបាល។
លោកថ្លែងថា ការចុះស្រង់ស្ថិតិប្រជាជន ទិន្នន័យ និងការប្រើប្រាស់ដីជាក់ស្តែងបានធ្វើការសរុបរួចរាល់ និងបានដាក់ជូនទៅក្រសួងដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅថ្ងៃទី ២៩ ខែមីនា នេះផងដែរ។ លោក មិនបានបញ្ជាក់ច្បាស់ពីទិន្នន័យប្រជាជន និងទំហំដីដែលបានស្រង់ទិន្នន័យនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា តំបន់ ២ ដែលជាតំបន់អាស្រ័យផលជូនបងប្អូនប្រជាពលរដ្ឋរដ្ឋបាលខេត្តបានស្នើសុំច្រើន។
លោកថ្លែងថា៖ «ទើបតែថ្ងៃនេះដែលយើងបានសរុបទាំងទិន្នន័យផ្ទៃដី ទាំងផលប៉ះពាល់ប្រជាជន និងតំបន់ដែលយើងត្រូវកាត់ឆ្វៀល ប៉ុន្តែនេះជាសំណើរបស់រដ្ឋបាលខេត្តយើងស្នើទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ដើម្បីកាត់សរុបផ្តល់យោបល់ជូនទៅប្រមុខរាជរដ្ឋាភិបាល នៅពេលហ្នឹងប្រហែលមានការប្រកាសយើងនឹងដឹងទាំងអស់គ្នាហើយ»។
លោកថ្លែងថា ខេត្ដបានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋរស់នៅតំបន់មិនរៀបរយលើដីចំណីផ្លូវ និងប្រឡាយប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខេត្តចំនួន ៧៥ គ្រួសារទទួលបានដីសម្បទានសង្គម និងលំនៅឋាន៕