ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៣ នេះ សមាជិក ប.ស.ស. បានប្រើប្រាស់សេវាសុខាភិបាល ១ ថ្ងៃ ជាង ១ ម៉ឺនករណី មានការកើនឡើងប្រមាណជាង ៣០%ភាគរយ។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង នៅក្នុងកិច្ចប្រជុំស្តីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង កាសថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
ថ្លែងទៅកាន់តំណាងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង សរុបប្រមាណ ២០០ នាក់ លោក ម៉េង ហុង អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គមបានលើកឡើងថា បច្ចុប្បន្ន ប.ស.ស. ពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ សមាជិកក៏មានការកើនឡើងជាបន្ដបន្ទាប់ ជាក់ស្តែងដោយគ្រាន់តែគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ គឺមានការកើនឡើងរហូតជាង៣០ ភាគរយ។
លោកបន្តថា៖«រយៈពេល៣ខែ ឆ្នាំនេះ មានបងប្អូនជាសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យដៃគូ ប្រមាណជាង ១លានករណី ដែលគិតក្នុង១ថ្ងៃជាង ១ម៉ឺនករណី ពោលគឺកើនឡើងប្រមាណជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅនេះផងដែរ»។
លោកបានអះអាងដែរថា ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រជូនសមាជិករបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ប.ស.ស. បាននិងកំពុងសិក្សាពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនបន្ថែមទៀត ដើម្បីឱ្យស្របតាមតម្រូវការជាក់ស្តែង។ ជាពិសេសជាមួយមូលដ្ឋានសុខាភិបាលឯកជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីខិតជិតកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិតងាយស្រួលក្នុងការទៅទទួលសេវាព្យាបាលនៅពេលដែលមានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉េង ហុង ក៏បានបញ្ជាក់ដែរថា៖«កន្លងមកកិច្ចសហការរបស់មូលដ្ឋានសុខាភិបាល ជាមួយ ប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលមូលដ្ឋានសុខាភិបាលមួយចំនួនតូចមិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវាជូនសមាជិក ប.ស.ស. នៅមានកម្រិត ពិសេសការទាមទារទូទាត់ថ្លៃសេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាលដៃគូមួយចំនួន នៅមានភាពមិនប្រក្រតីនៅឡើយ»។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបង្ហាញការសាទរចំពោះ ការកើនឡើងនៃសមាជិក ប.ស.ស. ទៅប្រើប្រាស់សេវាសុខាភិបាល ខណៈលោក ក៏បានជំរុញឱ្យស្ថាប័ននេះ ផ្តោតការយកចិត្តទុកដាក់ និងខិតខំពង្រឹងលើការអនុវត្តលើរបបសន្តិសុខសង្គមឱ្យបានទូទាំងប្រទេស និងកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកបានប្រាប់ថា ៖ «វាជាការល្អដែលសមាជិក ប.ស.ស. ទៅប្រើប្រាស់សេវាសុខាភិបាល ហើយយើងក៏តែងតែជំរុញឱ្យមានការអនុវត្តឱ្យបានទូទាំងប្រទេស និងមានប្រសិទ្ធភាព ព្រោះកន្លងមកការអនុវត្តប្រព័ន្ធនេះនៅមានកម្រិតតិចតួច និងមិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកបានត្រឹមត្រូវនៅឡើយ»។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងប្រទេសសរុបចំនួន ១ ៥០៩ មូលដ្ឋានសុខាភិបាល ក្នុងនោះរួមមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៣៧៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៤៕