ភ្នំពេញៈ គ្រាប់ស្វាយចន្ទីជាអាហារសម្រន់មួយប្រភេទដែលផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ហើយកម្ពុជាគឺជាប្រទេសមួយដែលដាំដុះ និងនាំចេញផលកសិកម្មមួយប្រភេទនេះច្រើនបំផុតផងដែរ។
បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល២ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ១១៤ ១៩៣,៩៣តោន ទៅកាន់ប្រទេសចំនួន៤ក្នុងនោះមាន ប្រទេសវៀតណាម (១១៤ ១៤០,៥៣តោន) ប្រទេសជប៉ុន(២៧តោន) ប្រទេសថៃ(២០តោន) និងប្រទេសកូរ៉េ (៦,៤០តោន)។
ដ្បិតថា ស្ថិតក្នុងចំណោមប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតមួយ ប៉ុន្តែកម្ពុជាពុំសូវមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីឱ្យទៅជាផលិតផលសម្រេច សម្រាប់លក់បានក្នុងតម្លៃថ្លៃនៅឡើយទេ ដែលភាគច្រើនគឺជាការនាំចេញគ្រាប់ស្វាយចន្ទីឆៅ។
ដោយឡែក បុរសម្នាក់ដែលរស់នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានផ្លាស់ប្តូរអាជីពរបស់គាត់ពីមគ្គុទ្ទេសក៍ទេសចរណ៍ មកកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីកំពុងមានការគាំទ្រច្រើន។
លោក ផល ភារម្យ បច្ចុប្បន្នជាម្ចាស់អាជីវកម្ម «ភូមិស្វាយចន្ទី Cashew Village» បានឱ្យដឹងថា ដោយសារចិត្តស្រឡាញ់ការកែច្នៃ និងមើលឃើញថា ការកែច្នៃផលិតផលខ្មែរនាំចេញទៅក្រៅប្រទេសដោយមិនសូវមានអ្នកសម្ងួត ឬកែច្នៃ ដូច្នេះលោកចង់ជួយកសិករដើម្បីលើកកម្ពស់ផលកសិកម្មរបស់ខ្មែរ។
លោក ផល ភារម្យ បានប្រាប់ថា៖ «គាប់ជួនពេលនោះខ្ញុំបានជួបជនបរទេសម្នាក់ដែលរស់នៅប្រទេសកូរ៉េខាងត្បូង គាត់មកខ្មែរហើយចាប់អារម្មណ៍រឿងចន្ទី អ៊ីចឹងទៅធ្វើឱ្យខ្ញុំមានមហិច្ឆតាធ្វើយ៉ាងណាឱ្យចន្ទីរបស់យើងត្រូវបានគេផ្ដល់តម្លៃឱ្យច្រើនជាងមុន»។
បន្ទាប់មកលោកចាប់ផ្ដើមធ្វើកូនសិប្បកម្មតូចមួយ នៅក្នុងឆ្នាំ២០២០ ពេលដែលកូវីដ១៩ចាប់ផ្ដើមរាតត្បាតក្នុងប្រទេសកម្ពុជាលោកមានឱកាសបង្វែរមកកែច្នៃគ្រាប់ស្វាយចន្ទី ដោយការទិញកូនម៉ាស៊ីនបកគ្រាប់ចន្ទីមួយពីស្រុកចិនមកកែច្នៃនៅផ្ទះ និងទិញគ្រាប់ចន្ទីពីសិប្បកម្មផ្សេងខ្លះយកមកវេចខ្ចប់លក់។
លោក ផល ភារម្យ បានឱ្យដឹងបន្តថា ៖ «ក្រោយមកខ្ញុំបានរៀនបានច្រើនពីចន្ទីហ្នឹង អ៊ីចឹងក្នុងឆ្នាំ២០២២ ខ្ញុំក៏ចាប់ផ្ដើមសុំប៉ាតង់ សុំអាជ្ញាប័ណ្ណដើម្បីធ្វើការងារហ្នឹង តែវាក៏មិនទាន់ធំអីដែរ រហូតដល់ដើមឆ្នាំ ២០២៣នេះ ខ្ញុំថែមម៉ាស៊ីនធ្វើឱ្យចំនួនផលិតបានច្រើនជាងមុន»។
ម្ចាស់សិប្បកម្មភូមិចន្ទី បានបន្តឱ្យដឹងថា បច្ចុប្បន្ននេះសិប្បកម្មរបស់លោកអាចផលិតបានរហូតដល់ ៤-៨តោនក្នុង១ថ្ងៃ និងអាចលក់ចេញក្នុងតម្លៃ ១គីឡូ ១១ដុល្លារអាមេរិក និងថែមទាំងបានរួមចំណែកជួយដល់កសិករក្នុងស្រុកទាំងមូល ព្រោះសិប្បកម្មរបស់លោកប្រើតែគ្រាប់ចន្ទីនៅក្នុងស្រុកបន្ទាយស្រីប៉ុណ្ណោះ។
លោក ផល ភារម្យ ថ្លែងថា៖ «យើងប្ដេជ្ញាចង់ធ្វើឱ្យបានច្រើនក្នុង១ខែ ឬ១ថ្ងៃ អ៊ីចឹងចំណូលវាអាស្រ័យទៅតាមហ្នឹង ចំណូលរបស់យើងកើនកាន់តែខ្ពស់ពេលដែលយើងផលិតបានកាន់តែច្រើន»។
ថ្វីដ្បិតថា បច្ចុប្បន្នមានអ្នកគាំទ្រច្រើនដោយសារជាផលិតផលក្នុងស្រុកក៏ដោយចុះ តែម្ចាស់សិប្បកម្មកែច្នៃគ្រាប់ចន្ទីមួយនេះនៅតែសំណូមពរចង់ឱ្យប្រជាពលរដ្ឋខ្មែរជួយទិញឱ្យបានច្រើនទៀត ដើម្បីបង្កើតគំនិតជាតិនិយមចំពោះផលិតផលក្នុងស្រុកឱ្យមានការកើនឡើង។
យ៉ាងណាជុំវិញការដាក់គោលដៅជំរុញឱ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី លោក ភារម្យ ក៏បានឱ្យដឹងថា លោកមានក្តីសង្ឃឹមកាន់តែខ្ពស់ ប៉ុន្តែលោកចង់ឃើញការជ្រោមជ្រែងដល់កសិករផងដែរតាមរយៈគោលនយោបាយនេះ។
លោក ថ្លែងឱ្យដឹងថា ៖ «យើងចេះតែមានក្ដីសង្ឃឹមហើយក្រោយពេលរដ្ឋាភិបាលដាក់គោលដៅក្លាយជាអធិរាជនាំចន្ទីចេញ ប៉ុន្តែគ្រាន់តែថាមកដល់ពេលនេះយើងមិនទាន់ទទួលបានអ្វីជាដុំកំភួនពីគោលនយោបាយរបស់រដ្ឋាភិបាលនៅឡើយទេ»។
ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍ដោយត្រូវរួមគ្នាអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជចន្ទី។
ជាមួយគ្នានោះ លោក ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្តេជ្ញាយ៉ាងមោះមុត សហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាអាចសម្រេចគោលដៅនេះឱ្យខាងតែបាន ដើម្បីប្រែក្លាយកម្ពុជាទៅជាអធិរាជស្វាយចន្ទីនាពេលអនាគត៕