ភ្នំពេញៈ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​លោក ស ខេង ​បង្ហាញ​ក្តី​សង្ឃឹមថា ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ​(JICA) ​នឹង​នៅតែ​បន្ត​ជួយ​គាំទ្រ​គម្រោង​នានា​ដល់​ក្រសួងមហាផ្ទៃ ​ខណៈ​បច្ចុប្បន្ន​ JICA ​បាននិង​កំពុង​គាំទ្រ​គម្រោង​ចំនួន ​២ ​ដល់​ក្រសួង​នេះ ​គឺ​គម្រោង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​រដ្ឋបាល​មូលដ្ឋាន ​និង​គម្រោង​សុវត្ថិភាព​ផ្លូវថ្នល់​។​

ក្នុង​ជំនួប​លាគ្នា ​នា​ថ្ងៃទី​២៩ ​ខែមីនា ​រវាង​លោក ​និង​លោកស្រី​ Kamei Haruko ​តំណាង​JICA ​ប្រចាំ​កម្ពុជា​ដែល​ត្រូវ​បញ្ចប់​អាណត្តិ ​លោក​ស ខេង​ ក្រៅពី​បង្ហាញ​ក្តីសង្ឃឹម​បែបនេះ ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​JICA ​ដែល​បាន​មកជួយ​គាំទ្រ​ដល់​គម្រោង​នានា​ជាច្រើន​នៅ​កម្ពុជា​។ លោក​ចាត់ទុក​ការអភិវឌ្ឍ ​ដែល​កម្ពុជា​ទទួលបាន ​រហូតមក​ដល់​បច្ចុប្បន្ន​ គឺ​មាន​ការចូលរួម​ចំណែក​១​ផ្នែក​ផងដែរ​ពី​រដ្ឋាភិបាល​ជប៉ុន ​ក៏ដូចជា ​JICA។.

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ​បញ្ជាក់ថា​ លោកស្រី ​Kamei បាន​ប្រាប់​លោក​ស ខេង ​ថា ​ឆ្នាំ​២០២៣​នេះ​ ជា​ឆ្នាំ​ខួប​នៃ​ទំនាក់ទំនង​៧០​ឆ្នាំ ​នៃ​ការបង្កើត​ចំណង​ការទូត ​រវាង​ប្រទេស​ទាំង​២​ កម្ពុជា-​ជប៉ុន ​ហើយក៏​ជា​ខួប​លើក​ទី​៣០​ឆ្នាំ​ នៃ​វត្តមាន​របស់ ​JICA ​ដែល​បាន​បង្កើត​ការិយាល័យ​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន ​នា​ថ្ងៃទី​២៩ ​ខែមីនា ​បាន​ដកស្រង់​សម្តី​លោកស្រី​ថា​៖«ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​នា​ឆ្នាំនេះ ​ពិតជា​អាច​ស្តែង​ឱ្យឃើញ​អំពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អជា​ច្រើន​ទសវត្សរ៍​កន្លងមក ​រវាង JICA ​ជាមួយ​កម្ពុជា»។​

ប្រភព​ដដែល​បន្តថា ​លោកស្រី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​គម្រោង​នានា​ជាមួយ​ភាគី​កម្ពុជា ​រួមទាំង​ក្រសួងមហាផ្ទៃ​ បើទោះបី​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូវីដ១៩ ​ក៏ប៉ុន្តែ​នៅតែ​បន្ត​មានដំណើរ​ការវិវឌ្ឍ​ទៅមុខ​យ៉ាង​ល្អប្រសើរ​។

ប្រភព​នេះ​បន្តថា ​លោកស្រី​បាន​ប្រាប់​លោក​ស ខេង ​អំពី​គម្រោង​ធំៗ​ចំនួន​២ ​ដែល ​JICA ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ ទី​១ ​គឺ​គម្រោង​លើកកម្ពស់​សមត្ថភាព​មន្ត្រី​រដ្ឋបាល​មូលដ្ឋាន​។ គម្រោង​នេះ ​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ​មក​ហើយ ​និង​បាន​ជួយ​គាំទ្រ​ការបណ្ដុះបណ្ដាល​លើកកម្ពស់​សមត្ថភាពរ​បស់​មន្ត្រីរដ្ឋបាល​មូលដ្ឋាន ​ក៏ដូចជា​មន្ត្រីរដ្ឋបាល​ស៊ីវិល​នៃ​ក្រសួងមហាផ្ទៃ ​តាមរយៈ​ការរៀបចំ​ឱ្យមាន​វគ្គ​បណ្ដុះបណ្ដាល ​និង​ដំណើរ​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍​ផ្សេងៗ​ក្នុង​រយៈពេល​កន្លងមក​។

គម្រោង​ទី​២ ​លោកស្រី​ត្រូវបាន​ស្រង់​សម្តី​ថា ​គឺ​គម្រោង​សុវត្ថិភាព​ផ្លូវថ្នល់​។ គម្រោង​នេះ​រៀបចំឡើង ​ដើម្បី​ខិតខំ​ធ្វើយ៉ាងណា​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ​ពីព្រោះ​បច្ចុប្បន្ន ​បញ្ហា​នេះ​ជា​បញ្ហា​១​ដ៏​ស្មុគស្មាញ ​ហើយ​លោកស្រី​ក៏បាន​ដឹងថា ​រាជរដ្ឋាភិបាល​កម្ពុជា​មានការប្ដេជ្ញាចិត្ត​ក្នុង​ការធ្វើ​យ៉ាងណា​ខិតខំ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​។​

លោក​ស ខេង ​ថ្លែងថា ​ការជួយ​គាំទ្រ​ដល់​ការលើកកម្ពស់​សមត្ថភាព​មក​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ពិតជា ​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​។ ការងារ​នេះ ​គាំទ្រ​ដល់​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ ​និង​វិសហមជ្ឈការ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​មន្ត្រីរដ្ឋបាល​មូលដ្ឋាន ​មាន​សមត្ថភាព​ក្នុងការ​បំពេញ​មុខងារ ​ដែល​ត្រូវបាន​ផ្ទេរ​ពី​ថ្នាក់ជាតិ ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភាព។​

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«ចំពោះ​គម្រោង​ជួយ​គាំទ្រ​ដល់​ការងារ​សុវត្ថិភាព​ផ្លូវថ្នល់ ​សម្ដេច​ក្រឡាហោម​[ស ខេង] ​ក៏បាន​ជម្រាបជូន​លោកស្រី​ដែរ​ថា ​រាជរដ្ឋាភិបាល​កម្ពុជា ​បាននិងកំពុង​ខិតខំ​ដោះស្រាយ ​ដោយ​បង្កើត​នូវ​យន្តការ​ថ្នាក់ជាតិ​ និង​អន្តរក្រសួង​មួយ​ហៅថា ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​ដោយមាន​សម្ដេច​ផ្ទាល់​ជា​ប្រធាន ​ក៏បាន​ធ្វើ​កិច្ចការ​ជាច្រើន ​រួមទាំង​ការងារ​រៀបចំ​ច្បាប់​ គោល​នយោបាយ ​ក៏ដូចជា​ការដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ​ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់»។​

​លោក​ស ខេង ​ក៏បាន​ថ្លែង​ដែរ​ថា ​ថ្វីដ្បិត​បញ្ហា​នេះ​នៅតែ​បន្ត​ជា​បញ្ហា​ដ៏​ស្មុគស្មាញ​ដែល​ត្រូវតែ​បន្ត​ដោះស្រាយ ​ប៉ុន្តែ​តាមរយៈ​បទពិសោធន៍​កន្លងមក​បានកត់​សម្គាល់​ឃើញថា ​មាន​វឌ្ឍនភាព​ជាវិជ្ជមាន​ជាច្រើន​ទៅលើ​ការយល់ដឹង​ពី​អ្នកប្រើប្រាស់​ផ្លូវ​។

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«សម្ដេច​ក្រឡាហោម ​បាន​ថ្លែង​អំណរគុណ​លោកស្រី ​Kamei Haruko ​និង​សង្ឃឹម​ជឿជាក់​ថា ​JICA ​នឹង​នៅតែ​បន្ត​គាំទ្រ​ដល់​គម្រោង​នានា ​ដែលមាន​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ​ក៏ដូច​ជាមួយ​នឹង​ក្រសួង​មហាផ្ទៃ»។​

លោក ​យង់ គិម​អេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នា​ថ្ងៃទី​៣០ ​ខែមីនា​ថា​ ជាទូទៅ ​ជប៉ុន​មាន​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ជាច្រើន ​ហើយ​បាន​ជួយ​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន ​តាំងពី​ផ្លូវថ្នល់ ​វិស័យ​សុខាភិបាល ​និង​គម្រោង​ផ្សេងៗ​ទៀត​ជាច្រើន​។ ប៉ុន្តែ ​ដើម្បីឱ្យ​ជំនួយ​របស់​បណ្ដា​ប្រទេស​ជា​មិត្ត នៃ​កម្ពុជា ​រីករាយ​សប្បាយ​ចិត្តនឹង​បន្ត​ជួយ ​និង​ផ្តល់​ជំនួយ​បច្ចេកទេស ​ក៏ដូចជា​ជំនួយ​ជា​មូលនិធិ​កាន់តែ​ច្រើន​សម្រាប់​គម្រោង​នានា​របស់​រដ្ឋាភិបាល​កម្ពុជា ​លុះត្រាតែ​ធ្វើ​ម៉េច​ឱ្យ​អាចមាន​តម្លាភាព ​និង​ធ្វើយ៉ាងណា​ឱ្យ​គម្រោង​នោះ​បានជា​ផលប្រយោជន៍​សម្រាប់​សាធារណៈ​។​

លោក​ថ្លែងថា​៖«លើស​ពីនោះ​ទៅទៀត ​គឺ​យើង​ក៏​ត្រូវតែ​ព្យាយាម​ធ្វើឱ្យ​មាន​ភាពល្អប្រសើរ​ខាង​ការគោរព​សិទ្ធិមនុស្ស ​ហើយ​និង​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ដែរ ​ពីព្រោះ​ថា ​គម្រោង​ភាគច្រើន​នៃ​បណ្ដា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ ភាគច្រើន​គេ​ចង់ឃើញ​មាន​ការចូលរួម​ចំណែក​នៃ​គម្រោង​នោះ ​ក្នុង​ការលើកស្ទួយ​សិទ្ធិមនុស្ស ​ក្នុង​ការលើកស្ទួយ​ប្រជាធិបតេយ្យ​អី​ជាដើម»។​

លោក​យង់ គិមអេង ​បន្តថា​៖«ឧទាហរណ៍​ថា ​យើង​ចង់ឱ្យ​គម្រោង​១​មាន​តម្លាភាព ​អ៊ីចឹង​ប្រជាពលរដ្ឋ​ហ្នឹង​មាន​សិទ្ធិ​បញ្ចេញមតិ​ មិន​អ៊ីចឹង​? ​មាន​សិទ្ធិ​បញ្ចេញ​យោបល់​ដើម្បី​ឃើញ​អំពី​ចំណុច​ខ្វះខាត ​ហើយ​ចូលរួម​បញ្ចេញ​យោបល់​កែលម្អ»៕