ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា នៅលើពិភពលោកនេះ រឿងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំណាស់ ដែលទាមទារឱ្យមនុស្សទាំងអស់គ្នាប្រុងប្រយ័ត្ន ហើយមិនដឹងថា តើការប្រែប្រួលអាកាសធាតុ នឹងនាំមកនូវផលវិបាកអ្វីខ្លះនោះទេ។
លោកថ្លែងដូច្នេះក្នុងពិធីប្រគល់ វិញ្ញាបនបត្រនិងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) ជាង ៦ ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញកាលពីថ្ងៃទី ៣០ ខែមីនា។
លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹងយើងអាចដឹងបានថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងត្រូវបញ្ចប់ គ្រាន់តែពេលវេលានៅពេលណា។ ប៉ុន្តែរឿងគ្រោះថ្នាក់ជាងគេ ដែលមិនដឹង វាមិនចប់ គឺការប្រែប្រួលអាកាសធាតុ។ នេះជាបញ្ហាអត់ដឹងថា ចប់ពេលណាទេ។ ឥឡូវនេះ ពី ១ ថ្ងៃទៅ ១ ថ្ងៃ បញ្ហាការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមានការប៉ះពាល់ធំទូលាយណាស់»។
លោកក៏បានលើកឡើងផងដែរ ពីបាតុភូតកើតឡើងនៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី ២៩ ខែមីនា ដែលមានខ្យល់កន្ត្រាក់និងភ្លៀងរហូតដល់ដួលរលំ និងរបួសស្លាប់ប្រជាពលរដ្ឋផង។ លោកថា តាំងពីលោកកើតមកមិន ដែលមានជំនន់ខែប្រាំងនោះទេ ប៉ុន្តែកន្លងមកមានជំនន់ខែប្រាំង។
លោកនាយករដ្ឋមន្ត្រីក៏បានលើកពីករណីនៅប្រទេសថៃ ដែលកំពុងរងគ្រោះដោយខ្យល់កខ្វក់ បោកបក់ទៅលើខេត្តមួយចំនួនរបស់ប្រទេសថៃ។ នៅឥណ្ឌា ខ្យល់កខ្វក់ក៏កើតមាន។ សូម្បីតែនៅសហរដ្ឋអាមេរិក នៅរដ្ឋណាមួយនោះក៏កើតមានខ្យល់កួចបណ្តាលឱ្យស្លាប់មនុស្សផងដែរ។
តាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី ៣០ ខែមីនា បានឱ្យដឹងថា នៅថ្ងៃទី ២៩ ខែមីនា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ (ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលបាក់របារកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។ ករណីរលំបាក់របារកាត់ទទឹងផ្លូវជាតិលេខ ៦ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម បានបណ្តាលឱ្យស្លាប់មនុស្ស ១ នាក់ និង ១ នាក់ទៀតរបួសធ្ងន់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនាថ្ងៃទី ៣០ ខែមីនាថា កម្ពុជា បានដាក់ចុះផែនការអភិវឌ្ឍន៍រយៈពេលវែង សម្រាប់ការធ្វើអព្យាក្រឹតកាបូន នៅត្រឹមឆ្នាំ ២០៥០ ក្នុងនោះ គឺការកាត់បន្ថយការបញ្ចេញឧស្ម័ន ស្មើសូន្យ (Net Zero) នៅត្រឹមឆ្នាំ ២០៥០ ដែលកម្ពុជាយល់ថា មានសារៈសំខាន់ក្នុងការបំពេញតាមគោលដៅ របស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដើម្បីរក្សាការកើនឡើងនូវសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកឱ្យនៅក្រោម ១,៥ អង្សាសេ។ កម្ពុជាបានប្ដេជ្ញាចិត្តក្នុងការឆ្ពោះទៅកាន់ផ្លូវ ១ នេះ។ ក្នុងនោះ កម្ពុជាបានចាប់ផ្ដើមនូវចំណុចមួយចំនួន ដើម្បីធ្វើអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ ២០៥០។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ពាក់ព័ន្ធជាមួយនឹងវិស័យកសិកម្ម យើងផ្ដោតទៅលើពូជស្រូវដែលបញ្ចេញឧស្ម័នមេតានតិច ហើយការអនុវត្តការបណ្ដុះដោយផ្ទាល់ ការអនុវត្តវិធីបញ្ចូលទឹក និងសម្ងួតទឹកឆ្លាស់គ្នា ការលើកកម្ពស់ជីសរីរាង្គ និងបច្ចេកវិទ្យាដាក់ជីជ្រៅ ហើយផ្តល់អាហារបំប៉នដល់គោក្របី ការគ្រប់គ្រងចំណីឱ្យប្រសើរឡើង ការណែនាំអំពីបច្ចេកវិទ្យាជីកំប៉ុសក៏ដូចជាបញ្ហាផ្សេងៗទៀត»។
លោកបន្ថែមថា ពាក់ព័ន្ធនឹងព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត គឺកាត់បន្ថយអត្រាការបាត់បង់ព្រៃឈើ ៥០ ភាគរយនៅឆ្នាំ ២០៣០ ហើយបញ្ឈប់ការបាត់បង់ព្រៃឈើនៅត្រឹមឆ្នាំ ២០៤៥ ការដាំដើមឈើ និងការកែលម្អ ការគ្រប់គ្រងព្រៃឈើ និងការស្ដារព្រៃឈើឡើងវិញ កសិរុក្ខកម្ម និងចម្ការឈើពាណិជ្ជកម្ម និងការអនុវត្តពេញលេញនៃផែនការវិនិយោគរេដបូកត្រឹមឆ្នាំ ២០៥០។
លោក នេត្រ ភក្ត្រា ថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានដាក់នូវទុនវិនិយោគជាច្រើនទៅលើការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីធ្វើយ៉ាងម៉េច គឺគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់ពាក់ព័ន្ធជាមួយនឹងការប្រែប្រួលអាកាសធាតុហ្នឹងទៅលើផលិតផលសរុបនៅក្នុងស្រុក (GDP)»។
ពាក់ព័ន្ធបញ្ហារុស្ស៊ី-អ៊ុយក្រែន លោក ហ៊ុន សែន លើកឡើងថា គេអាចដឹងបានថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនវានឹងត្រូវបញ្ចប់ គ្រាន់តែ ពេលវេលានៅពេលណា។ រុស្ស៊ីមិនអាចកម្ទេចអ៊ុយក្រែន ហើយអ៊ុយក្រែន ក៏មិនអាចកម្ទេចរុស្ស៊ីបានដែរ ហើយនៅចុងក្រោយ គឺច្បាស់ណាស់ថា នឹងមានការចរចារកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមនោះ។
លោកលើកឡើងថា៖ «ខ្ញុំមិនជឿទាល់តែសោះថា រុស្ស៊ី អាចកម្ទេចចោលអ៊ុយក្រែនទាំងមូល ឬក៏អ៊ុយក្រែនអាចកម្ទេចរុស្ស៊ីទាំងមូល គឺអត់ទេ មិនអាចទេ។ បើទោះបីថា សង្គ្រាមនេះអាចរីករាលដាលរហូតដល់ក្របខ័ណ្ឌណាតូ (NATO) ទាំងមូលក៏មិនអាចណាតូទៅកម្ទេចរុស្ស៊ី ឬរុស្ស៊ីកម្ទេចទាំងបណ្ដាប្រទេសណាតូនោះទេ។ អាហ្នឹងជាចំណុច ដែលយើងត្រូវឃើញ»។
លោកបន្ថែមថា៖ «អ៊ីចឹងទេ លទ្ធភាពនៃការបញ្ចប់ជម្លោះ រវាង រុស្ស៊ី និងអ៊ុយក្រែន វានឹងកើតមាន ហើយវាក៏ចាប់ផ្ដើមចេញដំណើរហើយដែរ។ តាមរយៈ កាលមុននេះ ការសម្របសម្រួល ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ការសម្របសម្រួល ដោយប្រធានាធិបតីតួកគី ទៅលើបញ្ហាការដឹកធញ្ញជាតិចេញពីអ៊ុយក្រែនទៅផ្គត់ផ្គង់ឱ្យខាងក្រៅ»។
ពាក់ព័ន្ធបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន លោកយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ៣០ ខែមីនា ថា មានតែដំណើរការចរចាស្វែងរកសន្តិភាពទេក្នុងការបញ្ចប់សង្គ្រាមនេះ។ ប្រសិនបើ មិនមានសេណារីយោចរចាទេ គឺមិនអាចបាននោះទេ ហើយក៏មិនអាចឈ្នះលោក វ្ល៉ាឌីមៀរ ពូទីន បានទេ ព្រោះលោកមិនទាន់បញ្ចេញ សព្វាវុធអស់នៅឡើយទេ។
លោកថ្លែងថា៖ «ឥរិយាបថសង្គ្រាមរបស់រុស្ស៊ីហ្នឹង គឺមិនធាក់ថយទេ [មិនមែន]តែលោកពូទីនទេ។ មុនៗមក ក៏អ៊ីចឹងដែរ។ ដូច្នេះមានតែការចរចាស្វែងរកសន្តិភាពទេ អាចទៅរួច»៕