ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានលើកឡើងថា របាយការណ៍ចោទប្រកាន់ «ដោយលម្អៀងនិងគ្មានមូលដ្ឋាន» របស់ក្រុមនិងអង្គការស្ថាប័នមួយចំនួនដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ ពីព្រោះរបាយការណ៍ទាំងនោះ គ្រាន់តែធ្វើការបូកសរុបព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខាងក្រៅតែប៉ុណ្ណោះ។
ដោយឆ្លើយតបទៅនឹងការរិះគន់ និងរបាយការណ៍ចោទប្រកាន់មកលើកម្ពុជាពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស CHRC បានចេញសេចក្តីសង្ខេបព័ត៌មានអំពីបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជាដែលមាន ១៣ ទំព័រ ចុះថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣។
ការចេញសេចក្តីសង្ខេបព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីអង្គការ និងសមាគមមួយចំនួន បានរិះគន់ទៅលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដូចជាសិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការជួបជុំសម្តែងមតិ សិទ្ធិនយោបាយ និងការអនុវត្តច្បាប់ទៅលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងការអនុវត្តច្បាប់លើសកម្មជននាពេលថ្មីៗនេះ។ ក្នុងចំណោមនោះក៏មានក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរ ដែលបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ ដោយបានចាត់ទុកការកាត់ទោសលោក កឹម សុខា ថា «ជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។
ក្នុងសេចក្តីសង្ខេបព័ត៌មាន CHRC បានបញ្ជាក់ថា កម្ពុជាមានឆន្ទៈខ្ពស់ចំពោះការលើកកម្ពស់ និងការពារសិទ្ធិមនុស្សដែលបានស្តែងចេញតាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ ដែលធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមួយលេចធ្លោ និងឈានមុខគេក្នុងតំបន់ក្នុងនាមជាភាគីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ CHRC បានលើកឡើងថា ការអនុវត្តច្បាប់នានា ផ្អែកទៅលើច្បាប់របស់កម្ពុជាដែលមានដើម្បីធានាដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
CHRC បន្តថា របាយការណ៍ចោទប្រកាន់ «ដោយលម្អៀងនិងគ្មានមូលដ្ឋាន» របស់ក្រុម និងអង្គការស្ថាប័នមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅកម្ពុជានោះទេ ព្រោះថា របាយការណ៍ទាំងនេះ គ្រាន់តែធ្វើការប្រមូល បូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋាន តែលើរូបភាពខាងក្រៅប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលម្អិត ដែលនាំឱ្យកើតមានព្រឹត្តិការណ៍នីមួយៗ ទិដ្ឋភាព និងនីតិវិធីច្បាប់ អង្គហេតុនៃបទល្មើស និងអំពើដែលជាធាតុផ្សំនៃបទល្មើស ដែលនាំឱ្យ មានការទទួលខុសត្រូវតាមផ្លូវ-ច្បាប់នោះទេ។
CHRC សង្កត់ធ្ងន់ថា៖ «ជាទម្លាប់របស់អង្គការទាំងនេះ កាលណាអាជ្ញាធរអនុវត្តច្បាប់លើក្រុមគោលដៅដែលគេមានរបៀបវារៈច្បាស់លាស់ ក្នុងការការពារ ដូចជាសកម្មជនអតីតបក្សប្រឆាំង សកម្មជនអង្គការសង្គមស៊ីវិល ដែលមាននិន្នាការប្រឆាំង គឺពួកគេតែងតែធ្វើការសន្និដ្ឋាន និងចោទប្រកាន់ថា ជាការរំលោភសិទ្ធិមនុស្ស ដោយមិនខ្ចីអើពើ និងធ្វើការពិចារណា ទៅលើទិដ្ឋភាព និងនីតិវិធីច្បាប់ អង្គហេតុ អំពើដែលជាធាតុផ្សំនាំឱ្យកើតជាបទល្មើស ហើយដែលនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ និងការចោទប្រកាន់តាមផ្លូវតុលាការនោះទេ»។
CHRC បន្ថែមថា ការធ្វើរបាយការណ៍ដោយដកស្រង់យកតែទស្សនៈ ១ ជ្រុង និងជួបសម្ភាសជាមួយមនុស្ស ១ ក្រុម និងអង្គការមួយចំនួនដែលជាបក្ខពួករបស់ខ្លួន និងមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលផងនោះដោយមិនមានការចូលរួម និងធាតុចូលពីតំណាងរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត ដែលទទួលរងផលប៉ះពាល់អវិជ្ជមានពីរបាយការណ៍នេះ នោះការស្រាវជ្រាវ និងការសន្និដ្ឋាន ក្នុងរបាយការណ៍នេះមិនមាន លក្ខណៈជាវិទ្យាសាស្ត្រ មិនមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមិនអាចយកជាការបានទេ។
CHRC បញ្ជាក់ទៀតថា ការចេញរបាយការណ៍មិនគ្រប់ជ្រុងជ្រោយ លម្អៀង និងមានគោលដៅវាយប្រហាររដ្ឋាភិបាល បែបនេះអាចនឹងនាំឱ្យមានគ្រោះថ្នាក់ និងអស្ថិរភាពក្នុងសង្គម ព្រោះថា របាយការណ៍នេះហាក់ដូចជា ការពារ និងលើកទឹកចិត្តដល់ក្រុមប្រឆាំង ដែលតែងតែធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗ ដែលរៀបចំ ឧបត្ថម្ភ និងគាំទ្រដោយចលនា និងអង្គការចាត់តាំងខុសច្បាប់នៅខាងក្រៅឱ្យកាន់តែធ្វើសកម្មភាពបន្ថែមទៀត។
CHRC បញ្ជាក់ថា៖ «តែផ្ទុយទៅវិញ របាយការណ៍របស់អង្គការទាំងនេះ គួរតែធ្វើការអប់រំ និងណែនាំក្រុមដែលបំពានច្បាប់ទាំងនោះឱ្យគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ មិនបំពានសិទ្ធិសេរីភាព អ្នកដទៃ និងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលអាចនាំឱ្យពួកគេប្រឈម និង ទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយ»។
ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនេះលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា អ្វីដែលសង្គមស៊ីវិលបានធ្វើរបាយការណ៍កន្លងមក គឺពឹងផ្អែកទៅលើបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស និងការពិនិត្យ និងការស្រាវជ្រាវទៅលើបញ្ហាជាក់ស្តែង។
លោកថា៖ «អ៊ីចឹងរដ្ឋាភិបាលមើលឃើញផ្សេង យើងមើលឃើញចំណុចផ្សេង ហើយយើងឃើញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជានៅពេលបច្ចុប្បន្ននេះ មានការធ្លាក់ចុះដូចជាសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ សេរីភាពសារព័ត៌មាន សេរីភាពសមាគមអង្គការសង្គមស៊ីវិល សហជីព និងសេរីភាពនយោបាយហាក់បីដូចជាមានភាពរឹតត្បិត»។
យ៉ាងណាក្តី CHRC បញ្ជាក់ថា៖ «ទោះបីជាដឹងយ៉ាងច្បាស់ថា វិធានការរបស់ប្រទេស និងស្ថាប័នអន្តរជាតិមួយចំនួន មកលើកម្ពុជា មានភាពលម្អៀង អយុត្តិធម៌ មានស្តង់ដា ២ ដែលធ្វើឡើងក្រោមហេតុផលនយោបាយ និងយកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់យន្តការអន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យផ្អែកលើច្បាប់មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋដទៃ»៕