ភ្នំពេញៈ រដ្ឋសភា​កម្ពុជា​បានសម្រេច​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​ព្រះរាជាណាចក្រ​-​កម្ពុជា និង​សាធារណរដ្ឋ​ប្រជា​ធិ​ប​តេ​យ្យ​ប្រជាមានិត​ឡាវ ដោយ​ទទួល​បានការ​គាំទ្រ​ទាំងស្រុង​លើ​ ១០៥​ សំឡេង​នៃ​សមាជិក​នៃ​រដ្ឋសភា​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី៦ នៅ​ថ្ងៃទី​ ៣០ ខែមីនា ឆ្នាំ​ ២០២៣​។​

​លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា​មណ្ឌល​កំពង់ស្ពឺ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថា សេចក្តីព្រាងច្បាប់ ដែល​រដ្ឋសភា​បានអនុម័ត​គាំទ្រ​ដល់​រាជ​រដ្ឋាភិបាល​នាពេលនេះ នឹង​ក្លាយជា​ឯកសារ​មូលដ្ឋាន​មួយ​បន្ថែមទៀត ដែលនាំឱ្យ​យន្តការ​កំណត់ព្រំដែន ដែល​នៅ​សេសសល់​រវាង​ប្រទេស​ទាំង​ ២ កាន់​តែមាន​ភាពច្បាស់លាស់​។​

​លោក​បន្តថា ការអនុម័ត​នេះ ក៏​ជាការ​អនុញ្ញាតឱ្យ​ភាគី​ទាំង​ ២ មានលទ្ធភាព​កាន់តែខ្លាំង ក្នុងការ​ជំរុញ​នូវ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ ដើម្បី​បន្ត​រក្សា​ចំណងមិត្តភាព និង​បើក​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ព្រមទាំង​ដើម្បី​ភាព​សុខសាន្ត​របស់​ប្រជាជន​ក្នុងប្រទេស​រៀងៗ​ខ្លួន​។​

​លោក ហ៊ុន ម៉ា​នី ថ្លែងថា​៖ «​រាជ​​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តេជ្ញាចិត្ត​ដ៏​មោះមុត​បំផុត​ក្នុង​សុ​ឆន្ទៈ​ដើម្បី​សម្រេចបាន​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅ​មក ប្រែក្លាយ​តំបន់​ព្រំដែន​ឱ្យទៅជា​តំបន់​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ​»​។​

​លោក វ៉ា គឹមហុង ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ព្រំដែន​កម្ពុជា បាន​ឡើង​ថ្លែងអំណរគុណ​ដល់​ប្រធានរដ្ឋសភា​ដែល​បានអនុញ្ញាត​ដាក់​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​ក្នុង​របៀបវារៈ​ក្នុងសម័យ​ប្រជុំ​នេះ​។ លោក​បន្តថា ការអនុម័ត​យល់​ព្រម​សេចក្តីព្រាងច្បាប់​នេះ ជា​ជោគ​ជ័យ​ថ្មី​មួយទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​ពុះពារ​គ្រប់​ឧបសគ្គ និង​គ្រប់​ដំណាក់កាល ដើម្បី​នាំនូវ​ព្រំដែន​មាន​សន្តិភាព ស្ថិរភាព មិត្តភាព សហ​ប្រតិបត្តិការ និង​ការអភិវឌ្ឍ​រឹងមាំ ដែលជា​បំណងប្រាថ្នា​របស់​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ជាតិ ក៏ដូចជា​ប្រជាជន​កម្ពុជា​គ្រប់រូប​ដែល​ស្រឡាញ់ និង​ចង់បាន​សុខសន្តិភាព​ជា​និរន្ត​តរៀង​ទៅ​។​

​សូម​រំឭក​ដែរ​ថា គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ បាន​ជួបប្រជុំ​ចរចា​គ្នា​ចំនួន​ ១៨៨​ លើក ពី​ឆ្នាំ​ ១៩៩៥-២០០៩ ដោយ​សម្រេចបាន​ការត្រួត​ពិនិត្យ​ខ្សែ​ព្រំដែន​បាន​ប្រមាណ​ជា ​៨៦% ស្មើនឹង​ ៤៦៥ ​គីឡូម៉ែត្រ​នៃ​ខ្សែ​ព្រំដែន​រួម ដែលមាន​ប្រវែង​ប្រមាណ​ជា​ ៥៤០ ​គីឡូម៉ែត្រ​។ ក្នុងនោះ ភាគី​ទាំង​ ២​ បោះបង្គោល ព្រំដែន​បាន​ចំនួន​ ១២១​ បង្គោល​នៅលើ​ដី​ជាក់ស្តែង នៅ​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។​

​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​ឡាវ គឺជា​កំណត់ត្រា​ទទួលយក​លទ្ធ​ផល​នៃ​ការត្រួតពិនិត្យ​ខ្សែ​ព្រំដែន​រួម ប្រមាណ​ជា​ ៨៦% ដែល​ប្រទេស ទាំង ​២​ សម្រេចបាន​លើ​ការងារ​ព្រំដែន ដែល​ត្រូវបាន​ប្រមុខ​​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២ ​កម្ពុជា​និង​ឡាវ​បាន​ចុះហត្ថលេខា​នា​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២៣ នៅ​រដ្ឋធានី​​វៀងចន្ទន៍ ប្រទេស​ឡាវ​កន្លងទៅនេះ ហើយ​ដំណោះស្រាយ​តំបន់​ព្រំដែន​ដែល​នៅសល់ ប្រមាណ​ជាង ​១៤%​ ទៀត ដែល​ភាគី​ទាំង​ ២​ មិនទាន់​សម្រេចបាន​កា​រប​ន្ត​ការចរចា​។​

​ក្នុងឱកាស​ការបើកប​វេ​សន​កាល​នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា លើក​ទី៩ នីតិកាល​ទី​៦​ នេះដែរ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ក៏បាន​ផ្ញើ​ព្រះរាជសារ​កោតសរសើរ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដែល​បាន​បំពេញ​តួនាទី​យ៉ាង​ធំធេង ក្នុងនាម​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ធំៗ​នានា​កន្លងមក​។​

​ព្រះរាជសារ​នេះ​បញ្ជាក់ថា ភាព​​ជោគជ័យ​ដ៏​មហោឡារិក​នេះ គឺ​បាន​នាំមក​នូវ​កិត្យានុភាព​ជូន​ជាតិ​មាតុ​ភូមិ​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស​ការពង្រឹង​ពង្រីក​វិស័យ​ការទូត កិច្ច​​សហប្រតិបត្តិការ ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ឱ្យ​កាន់តែ​ទូលំទូលាយ និង​គ្រប់​ជ្រុងជ្រោយ​។ ​«​ជិត​ ៣០​ ឆ្នាំ​កន្លងមកនេះ គឺ​ចាប់ពី​ការបោះឆ្នោត​ទូទៅ​ឆ្នាំ​ ១៩៩៣ ​មក ប្រជាជាតិ​កម្ពុជា​យើង​សម្រេចបាន​ការថែរក្សា ការ​ពង្រឹង ការគោរព​របបរាជានិយម ប្រជាធិបតេយ្យ សេរី​ពហុបក្ស ព្រម​ទាំង​បាន​អភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​»​។ យោងតាម​រយៈ​ព្រះរាជសារ​៕