
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបថត FB
ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំដល់បណ្តារដ្ឋបាលរាជធានី-ខេត្ត ជួយបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ ព្រមទាំងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាខែកក្កដា ខាងមុខនេះ ខណៈគណបក្សនយោបាយ បានត្រៀមខ្លួនរួចជាស្រេចលើដំណើរការនេះ។
សេចក្តីណែនាំនេះធ្វើឡើងតាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃចេញផ្សាយនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង។ សេចក្តីណែនាំ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) នឹងចាប់ផ្តើមដំណើរការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ពីគណបក្សនយោបាយនានា។
ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ គ.ជ.ប. នឹងរៀបចំដំណើរការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។
តាមរយៈកិច្ចការទាំងនេះ ក្រសួងមហាផ្ទៃបានស្នើដល់បណ្តារដ្ឋបាលរាជធានី ខេត្ត តាមរយៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចជាធ្វើការណែនាំដល់អង្គភាពច្រកចេញចូលតែ ១ នៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើនីត្យានុកូលកម្មលើប្រកាសស្តីពីការចុះបញ្ជីគណបក្ស នយោបាយ នៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា។
លិខិតនោះបញ្ជាក់ថា៖ «អភិបាលរាជធានី ខេត្ត ត្រូវធ្វើការណែនាំដល់អាជ្ញាធរឃុំ សង្កាត់ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររបស់គណបក្សនយោបាយសម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ខាងមុខនេះ»។
លោក ស ខេង ក៏បានណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួលក្នុងការចេញលិខិតបញ្ជាក់ពីភាពមានឈ្មោះរបស់ភ្នាក់ងារគណបក្សនយោបាយក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ ជូនភ្នាក់ងារ របស់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ ក្នុងការចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជាតិ ខែកក្កដា ខាងមុខនេះផងដែរ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៣០ ខែមីនាថា រដ្ឋបាល និងអាជ្ញាធរខេត្តនឹងសហការគោរព និងអនុវត្តតាមសេចក្តីណែនាំនេះ និងអ្វីដែលច្បាប់បានកំណត់។
លោកក៏ស្នើផងដែរ ឱ្យគ្រប់គណបក្សនយោបាយទាំងអស់ត្រូវធ្វើសកម្មភាពត្រឹមត្រូវតាមច្បាប់បានកំណត់ផងដែរ។លោក ឌី រ៉ាដូ បានប្រាប់ថា៖ «សម្រាប់ភូមិសាស្ត្រឧត្តរមានជ័យ មិនមានជាបញ្ហាចោទ និងឧបសគ្គឡើយ នៅក្នុងដំណើរការរៀបចំការបោះឆ្នោតជាតិខាងមុខ ដែលគណបក្សនយោបាយនីមួយៗមានសិទ្ធិសេរីភាពពេញលេញនៅក្នុងការអនុវត្តសិទ្ធិរបស់ពួកគាត់ ដូចជាការលើកស្លាកគណបក្សជាដើម ឱ្យតែស្របតាមច្បាប់កំណត់ អាជ្ញាធរខេត្តខ្ញុំនឹងសហការសម្របសម្រួលជានិច្ច»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងដែរថា មកដល់ពេលនេះ ខាងគណបក្សប្រជាជនកម្ពុជា បាននិងកំពុងរៀបចំជ្រើសរើសបេក្ខភាពតំណាងរាស្ត្ររបស់ខ្លួនសម្រាប់យកទៅចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅខែកក្កដា ខាងមុខ។
លោក សុខ ឥសាន ថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាកំពុងត្រៀមធ្វើមហាសន្និបាតរបស់គណបក្ស នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីជ្រើសរើសបេក្ខជន ដើម្បីយកទៅដាក់ពាក្យក្នុងបញ្ជីឈរឈ្មោះរបស់បេក្ខជននៅ គ.ជ.ប.»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បានឱ្យដឹងថា គណបក្សលោកបានត្រៀមខ្លួនយ៉ាងប្រាកដសម្រាប់ការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំនេះ តាមរយៈការពង្រឹងសកម្មភាព រចនាសម្ព័ន្ធរបស់គណបក្ស និងកំពុងរៀបចំបញ្ជីចុះឈ្មោះបេក្ខជនឈរឈ្មោះ ការចុះបញ្ជី គណបក្ស និងការចុះបញ្ជីភ្នាក់ងារគណបក្សតបតាមតម្រូវការដែល គ.ជ.ប. ចង់បាន។
លោកថ្លែងថា ដំណើរការចុះបញ្ជីនានារបស់ គ.ជ.ប. នឹងប្រព្រឹត្តទៅបានដោយរលូន ដែលមិនសូវមានភាពស្មុគស្មាញដូចគ្រាបោះឆ្នោតឃុំ-សង្កាត់នោះឡើយ ដែលតម្រូវចុះបញ្ជីតាមឃុំ-សង្កាត់ច្រើន ហើយដោយឡែកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រវិញ គ្រាន់តែចុះបញ្ជីតែ ១ តាមរយៈរដ្ឋបាលខេត្តតែប៉ុណ្ណោះ៕