ព្រៃវែងៈ លោ​ក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ណែនាំ និង​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ឱ្យ​រួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់​សង្គម ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ និង​ការពារ​ព្រះមហាក្សត្រ ការពារ​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ។​

​បន្ថែម​ពីនេះ ត្រូវការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​បន្ត​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ការពារ និង​លើកស្ទួយ​សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ និង​ការពង្រឹង​នីតិរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។​

​លោ​ក ស ខេង បានធ្វើ​ការណែនាំ​បែបនេះ ខណៈដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្តពោធិ៍​អណ្តែត នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង​នៅ​ថ្ងៃទី ៣០ ខែ​មីនា​។ នេះ​បើ​យោងតាម​ផេក​ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ។​

​ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ យកចិត្ត​ទុកដាក់​ដល់​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​នៅ​មូលដ្ឋាន ពិសេស​សកម្មភាព​ជួញដូរ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​លួច ឆក់ ប្លន់ ល្បែងស៊ីសង​ខុសច្បាប់​នៅតាម​មូលដ្ឋាន អំពើហិង្សា​ក្នុង​គ្រួសារ ក្រុម​ក្មេង​ទំនើង និង​បទល្មើស​នានា​នៅ​មូលដ្ឋាន។​

​លើសពីនេះ​ទៀត លោ​ក ស ខេង បានស្នើ​ឱ្យមាន​ការយក​ចិត្ត​ទុកដាក់​ដល់​ការផ្តល់​សេវា រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ដូចជា​ការបញ្ជាក់​សំបុត្រកំណើត ការធ្វើ​អត្តសញ្ញាណប័ណ្ណ សំបុត្រ​អាពាហ៍ពិពាហ៍ និង​ឯកសារ​នានា​ដែល ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវការ​សេវា​ពី​អាជ្ញាធរ​មូលដ្ឋាន គឺ​ត្រូវតែ​អនុវត្ត និង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់។​

​លោក​ក៏បាន​ជំរុញ​ឱ្យ​បន្ត​ខិតខំ​រួមគ្នា ក្នុងការ​អនុវត្ត​ឱ្យបាន​សកម្ម​ផុលផុស​ជាប់​ជាប្រចាំ​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ដោយ​ត្រូវ​លើកកម្ពស់​ការអនុវត្ត​វិធានការ​សំខាន់ៗ «៣ កុំ ១ រាយការណ៍» ផងដែរ។​

​បន្ថែម​ពីនេះ លោក​ក៏បាន​រំឭក​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស ដោយ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​ផងដែរ៕