ភ្នំពេញៈ ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ៣០ ខែមីនាបានរៀបចំសិក្ខាសាលាមួយ ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំអង្គភាពថវិកា និងបង្កើនប្រសិទ្ធភាពនៃអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌ របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
យោងតាមក្រសួងយុត្តិធម៌បានឱ្យដឹងថា សិក្ខាសាលាស្តីពី "ថវិកាសមិទ្ធកម្ម" ត្រូវបានបើកដោយលោកកើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្តោតសំខាន់ទៅលើប្រធានបទចំនួន ២ និងកិច្ចពិភាក្សាចំនួន ១ ។ប្រធានបទទី ១ ស្តីពី "ថវិកាសមិទ្ធកម្ម" ដែលត្រូវបានឧទ្ទេសនាមដោយ លោក ប៉ូ ឬទ្ធី អនុប្រធាននាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រធានបទទី ២ ស្តីពី "ការរៀបចំគម្រោងថវិកាសមិទ្ធកម្មក្នុងវិស័យយុត្តិធម៌" ដែលឧទ្ទេសនាមដោយ លោក ណុប វណ្ណៈ ប្រធាននាយកដ្ឋានកិច្ចការហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាននៃក្រសួងយុត្តិធម៌។
ដោយឡែកចំពោះកិច្ចពិភាក្សាចំនួន ១ នោះគឺស្តីពី "រចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម និងសូចនាករគន្លឹះក្នុងវិស័យយុត្តិធម៌"៕