នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ការវិភាគស្ថានភាពកុមារកម្ពុជា និងសិទ្ធិរបស់ពួកគេ» កាលពីថ្ងៃទី ៣០ ខែមីនានេះ អង្គការយូនីសេហ្វ ( UNICEF) ប្រចាំកម្ពុជា បានបង្ហាញនូវវឌ្ឍនភាពធំៗដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់សិទ្ធិកុមារក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
ទន្ទឹមនេះដែរ យូនីសេហ្វ នៅតែជំរុញដល់រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការលើកកម្ពស់សិទ្ធិកុមារ ខណៈកុមារខ្លះក៏នៅជួបបញ្ហាមួយចំនួនផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ បានឱ្យដឹងថា តំណាងមកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយនេះ ដើម្បីស្តាប់លទ្ធផលនៃការវិភាគនេះ ដែលបង្ហាញពីវឌ្ឍនភាពនៅទូទាំងប្រទេសកម្ពុជានៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ឆ្ពោះទៅរកការសម្រេចបានសិទ្ធិកុមារដោយពេញលេញ ក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះ និងផ្នែកនានាដែលត្រូវកែលម្អ។
ផ្អែកលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) គោលការណ៍សិទ្ធិមនុស្សសំខាន់ៗ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ការវិភាគឯករាជ្យនេះបានវាយតម្លៃផ្នែកសំខាន់ៗមួយចំនួន ដូចជាសិទ្ធិទទួលបានបរិស្ថានប្រកបដោយផាសុកភាព សិទ្ធិចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត សិទ្ធិទទួលបានសុខភាពនិងអាហារូបត្ថម្ភ សិទ្ធិទទួលបានទឹកស្អាត ភាពស្អាត និងអនាម័យ សិទ្ធិទទួលបានការអប់រំ សិទ្ធិកិច្ចការពារពីគ្រោះថ្នាក់ និងជីវភាពរស់នៅសមរម្យ និងកិច្ចគាំពារសង្គមគ្រប់គ្រាន់។
សេចក្តីប្រកាសដដែលបញ្ជាក់ថា៖ «ការវិភាគទទួលស្គាល់ថា ខណៈពេលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកកម្ពស់ជីវភាពរបស់កុមារនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក និងដោយកត់សម្គាល់ឃើញថា ប្រទេសនេះបានសម្រេចលើសចំណុចដៅរបស់ខ្លួនដល់ទៅ ៣០ ភាគរយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រជាជនកម្ពុជាជិត ១៨ ភាគរយ នៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ហើយជិតពាក់កណ្តាលនៃប្រជាជនដែលមានអាយុពី ០ ដល់ ១៧ ឆ្នាំ ស្ថិតក្នុងនិយមន័យនៃភាពក្រីក្រពហុវិមាត្រ» ។
លោក វីល ផាកស៍ តំណាងយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាបានសម្រេចបានវឌ្ឍនភាពដ៏សំខាន់នៅក្នុងជីវិតរបស់កុមារ។ លោកបន្តថា៖ «ខ្ញុំសូមទទួលស្គាល់ និងអបអរសាទរប្រទេសកម្ពុជា ប៉ុន្តែយើងក៏ត្រូវតែទទួលស្គាល់ផងដែរនូវបញ្ហាប្រឈមដែលនៅសេសសល់ ដែលគំរាមកំហែង និងបង្កភាពយឺតយ៉ាវដល់វឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបានសិទ្ធិកុមារដោយពេញលេញ»។
លោកបន្ថែមថា ចំពោះបញ្ហាប្រឈមទាំងនេះ យើងត្រូវតែជម្នេះ រហូតដល់សិទ្ធិទាំងអស់របស់កុមារគ្រប់រូបត្រូវបានគោរព និងបំពេញ។
លោកថា៖ «ដោយពិនិត្យមើលវឌ្ឍនភាពធំៗដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវលទ្ធភាព ក្នុងការគិតគូរដល់អនាគតមួយ ដែលកុមារទាំងអស់អាចទទួលបានការថែទាំសុខភាព អាហារូបត្ថម្ភ កិច្ចការពារ និងការអប់រំដែលពួកគេត្រូវការ សមទទួលបាន និងត្រូវបានផ្តល់ជូន»។
យូនីសេហ្វ នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យទស្សនវិស័យនេះក្លាយជាការពិត។
ប្រភពដដែល បញ្ជាក់ថា ការវិភាគនេះក៏ពិចារណាផងដែរ នូវរបកគំហើញពីការវាយតម្លៃរបស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិក្នុងខែមិថុនា ឆ្នាំ ២០២២ ចំពោះវឌ្ឍនភាពរបស់កម្ពុជាក្នុងការអនុវត្ត UNCRC ដោយបានសន្និដ្ឋានថា ទោះបីជាមានវិធានការច្បាប់ ស្ថាប័ន និងគោលនយោបាយផ្សេងៗដើម្បីដាក់បញ្ចូលសិទ្ធិរបស់កុមារទៅក្នុងច្បាប់ក្តី ប៉ុន្តែនៅតែមានភាពខ្វះខាតធំៗជាច្រើនដែលត្រូវបំពេញ ហើយកម្ពុជាត្រូវតែពង្រឹងយន្តការអនុវត្ត និងរឹតបន្តឹងការអនុវត្តច្បាប់និងគោលនយោបាយទាំងនេះ៕