កម្ពុជា-អង់គ្លេស បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ដោយ​ឡែក​វិស័យ​ការពារជាតិ​វិញ ភាគី​អង់គ្លេស បាន​បង្ហាញ​នូវការ​ប្តេជ្ញាចិត្ត​ដើម្បី​ពង្រឹង​ចំណងមិត្តភាព​និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត។​

​ការវាយតម្លៃ​សម្រាប់​ទំនាក់ទំនង​នេះ ត្រូវបាន​លើកឡើង​នៅក្នុង​ឱកាស នាយ​ឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​លោក Dominic Williams ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីបញ្ជាការ​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣។

​យោងតាម​ហ្វេសប៊ុក​របស់លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ ឯកអគ្គរាជទូត បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​កិច្ចសហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​ចក្រភព​អង់គ្លេស-កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងការ​បោសសម្អាត​មីន ហើយ​ឆ្នាំ ២០២៣ ប្រទេស​ទាំងពីរ​ក៏​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន ដើម្បី​អបអរសាទរ​ខួប​លើកទី ៧០ ឆ្នាំ​នៃ​ចំណង​ការទូត​ផងដែរ។

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ដោយ​ទ្បែ​ក ចំពោះ​វិស័យ​ការពារជាតិ​វិញ ឯកឧត្តម ឯកអគ្គរាជទូត បាន​បង្ហាញ​នូវការ​ប្តេជ្ញាចិត្ត​ក្នុងការ​បន្តនូវ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​សកម្ម ដូចដែល​ស្តែងឡើង​តាមរយៈ​ការចាប់ផ្តើម​ចូលចត​នាវា​របស់​កងទ័ព​ជើងទឹក​ចក្រភព​អង់គ្លេស កាលពី​ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លង​ទៅ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ»។​

​ជាការ​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ មេបញ្ជាការ​កងទ័ពជើងគោក បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការចូលរួម​របស់​ចក្រភព​អង់គ្លេស​នៅក្នុង​ដំណើរការ​សន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដូចជា​តាមរយៈ​ការបន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ជាដើម​។ ជាមួយគ្នានេះ​លោក ហ៊ុន ម៉ាណែត ក៏បាន​លើកឡើង​ផងដែរ​អំពី​សក្តានុពល​នៃ​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន រួមមាន វិស័យ​យោធា វិស័យ​សុខាភិបាល និង​ការភ្ជាប់​ជើងហោះហើរ​ត្រង់មក​កម្ពុជា សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ការភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ​បន្ថែមទៀត។​

​ប្រភព​ខាងលើ​ដដែល​បន្ថែមថា​៖ «​នាយ​ឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស សម្រាប់​ចំណង​មិត្តភាព និង​កិច្ចសហ​ប្រតិបត្តិការ​ដ៏ល្អ និង​សូម​គាំទ្រ​ចំពោះ​ទិសដៅ​ទៅមុខ​របស់​រដ្ឋាភិបាល និង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ និង​ការពារជាតិ ដែលជា​កិច្ចសហ​ប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​ដ៏សំខាន់»៕​