ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ​ឌិ​ត ទីណា ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម អគ្គ​​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​នាយកដ្ឋាន​ក​សិ​​ឧស្សាហកម្ម ធ្វើការ​ពង្រឹង​មន្ទីរពិសោធន៍​ឱ្យបាន​កាន់តែ​ប្រសើរ ដោយ​មិន​ធ្វើការ​ពង្រីក​បន្ថែម ប៉ុន្តែ​ត្រូវ​ពិនិត្យ​សម្ភារ ធនធានមនុស្ស​ដែល​ត្រូវ​ពង្រឹង និង​អភិវឌ្ឍ​បន្ថែម​ឱ្យ​កាន់តែ​ល្អ និង​មាន​សមត្ថភាព​ពិតប្រាកដ​។​

​ការណែនាំ​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​សេចក្តី​​ព្រាង​ចុងក្រោយ នៃ​ផែនការ​យុទ្ធ​សាស្ត្រ ដំឡើង​កម្រិត​មន្ទីរពិសោធន៍ ២០២៣-២០៣០ (MAFF Strategic Plan for Laboratory Upgrading-SPLU 2030) និង​ផែនការ​វិនិយោគ ក្រោម​គម្រោង​ប្រកួតប្រជែង​ខ្សែចង្វាក់​តម្លៃ និង​លើកកម្ពស់​សុវត្ថិភាព​ក​សិ​កម្ម ​(ACSEP) នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​ ២០២៣​។

​លោក​រដ្ឋមន្ត្រី​កសិកម្មឱ្យដឹងថា មន្ទីរពិសោធន៍​ដែល​គ្រោង​អភិវឌ្ឍ​ឱ្យ​កាន់តែ​ល្អ​នេះ នឹង​ជួយ​អង្គភាព​ជំនាញ​ទទួលបន្ទុក​តាម​អនុវិស័យ​កសិកម្ម សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជលផល និង​ក​សិ​ឧស្សាហកម្ម ដែលជា​គ្រឹះ​ស្ថាន​រដ្ឋបាល​សាធារណ​:​ឈានដល់​កម្រិតស្តង់ដា​ត្រួតពិនិត្យ​សុវត្ថិភាព​ក​សិ​ផលិតផល​សម្រាប់ ការនាំចេញ​។ នេះ​បើតាម​ការផ្សាយ លើ​គេហទំព័រ របស់​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្ងៃទី​ ៣០ ខែមីនា​។

​ប្រភព​ដដែល​បន្ថែមថា លោក​​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​មន្ទីរ​​ពិសោធន៍​នៅតាម​សាកល​វិទ្យា​ល័យ​ត្រូវ​នៅ​បន្តការងារ​ពិសោធន៍ និង​បណ្តុះបណ្តាល​និស្សិត​លើ​ការងារ​ពិសោធន៍ ហើយ​ត្រូវមាន​ទំនាក់ទំនង​នឹង​មន្ទីរពិសោធន៍​ថ្នាក់ជាតិ​។​

​ជាមួយគ្នានេះ​មន្ទីរ​​ពិសោធន៍​ត្រូវ​ពិនិត្យ​បន្ថែមទៀត លើ​ឧបករណ៍ ដែល​ចាំបាច់​ត្រូវ​បំពាក់ ដើម្បី​បម្រើ​ការងារ​ពិសោធន៍ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ងាយស្រួល​។ ជាងនេះទៀត គឺ​ត្រូវ​រៀបចំ​ធ្វើបញ្ជី​សារពើ​ភណ្ឌ​មន្ទីរពិសោធន៍ ដើម្បី​ពិនិត្យ និង​សិក្សា អ្វីដែល​ប្រើប្រាស់ និង​តម្រូវការ ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​។

​ក្រសួងកសិកម្ម បញ្ជាក់ថា ACSEP ទទួលបាន​ហិរញ្ញ​ប្ប​ទាន​សហប្រតិបត្តិការ​មកពី ADB, AFD, AIF, JFPR, និង​បដិភាគ​រាជរដ្ឋាភិបាល​កម្ពុជា​ (RGC) ចំនួន ​១១០,០៦​ លាន​ដុល្លារ ដែល​នឹង​ប្រើប្រាស់​សម្រាប់ វិនិយោគ​លើ​មន្ទីរពិសោធន៍​ចំនួន​ ៤ រួមមាន​មន្ទីរពិសោធន៍​ចំនួន​ ២ នៅ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរពិសោធន៍​ចំនួន​ ១ នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​មន្ទីរ​ពិសោធន៍​ ១​ ទៀត​នៅ​នាយកដ្ឋាន​ក​សិ​​ឧស្សាហកម្ម​។

​ការវិនិយោគ​នេះ គឺ​ធ្វើយ៉ាងណា​ដំឡើង​កម្រិត​មន្ទីរពិសោធន៍​វិភាគ​សុវត្ថិភាព​ក​សិ​ផលិតផល​ឱ្យមាន​ការ​ទទួលស្គាល់​ពី​ស្ថាប័ន ស្តង់ដា​អន្តរជាតិ​ (International Organization for Standardization) ISO17025​។

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា​អ៊ឹម រចនា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៣០ ខែមីនា​ថា មន្ទីរពិសោធន៍ ដែល​គ្រោង​នឹង​ដំឡើង​កម្រិត​នេះ ក្រសួងកសិកម្ម​កំពុងធ្វើការ​ជាមួយ ដៃគូ​ពាក់ព័ន្ធ និង​ភាគី​ម្ចាស់​ជំនួយ​។ វឌ្ឍនភាព​នៃ​ការដំឡើង​កម្រិត​មន្ទីរ​ពិសោធន៍​នេះ​ស្ថិតក្នុង​កម្រិត​បឋម​នៅឡើយ ដែល​ក្រសួង និង​អ្នកពាក់ព័ន្ធ​ទើប​ចាប់ផ្តើម​ជជែក​ពិភាក្សាគ្នា ដើម្បី​ជ្រើសរើស​លើ​ជម្រើស​មួយចំនួន​ដែល​ម្ចាស់ជំនួយ​ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​បាន​រចនា​ចេញមក​។​

​កញ្ញា​បានឱ្យដឹងថា ចំពោះ​ការដំឡើង​កម្រិត​មន្ទីរ​ពិសោធន៍​នេះ​ទៀតសោត គឺមាន​សារៈសំខាន់ ដោយសារ នៅពេល​លោក​ឌិ​ត​ទីណា រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ក​សិ​​កម្ម មក​គ្រប់គ្រង លោក​បាន​ចុះទៅ​ពិនិត្យមើល​មន្ទីរពិសោធន៍​របស់​អង្គភាព​នៅក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ដែលមាន​ដូចជា អគ្គនាយកដ្ឋាន​កសិក​ម្ម អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ពិនិត្យ​មន្ទីរពិសោធន៍​នៅតាម​សាលា​រៀន​ដូចជា​សាកលវិទ្យាល័យ​​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ផងដែរ ប៉ុន្តែ​លោក​សង្កេតឃើញថា មិនទាន់មាន​មន្ទីរពិសោធន៍​ស្តង់ដា​អន្តរជាតិ​នៅឡើយ​។

​កញ្ញា​ថ្លែងថា​៖ «​ជាការ​យល់​ឃើញ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ទស្សនវិស័យ​ទៅ​ថ្ងៃមុខ លោក​ចង់ឱ្យមាន​មន្ទីរពិសោធន៍ ១ ដែល ជា​មន្ទីរពិសោធន៍​មាន​ស្តង់ដា ព្រោះ​រាល់ថ្ងៃនេះ​មន្ទីរពិសោធន៍​នៅតាម​អគ្គនាយកដ្ឋាន​ផ្សេងៗ ក្រោម​ឱវាទ​ក្រសួងកសិកម្ម​មិនទាន់មាន​ការទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​មាន ISO ត្រឹមត្រូវ​នៅឡើយ​ទេ​»​។

​ក្រោយពី​បាន​ពិនិត្យមើល​មន្ទីរពិសោធន៍​នៅតាម​អគ្គ​នាយកដ្ឋាន​ជំនាញ​នីមួយៗ និង​តាម​សាលា​កសិកម្ម លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មាន​ទស្សនវិស័យ​ថា ការ​មាន​មន្ទីរ​​ពិសោធន៍​រួមគ្នា ​១ ដែល​ប្រ​​មូល​ផ្តុំ​ធនធានមនុស្ស ក៏ដូចជា​ធនធាន​សម្ភា​រ​បរិក្ខារ​មក​នៅ​កន្លែង​តែ ​១ នឹង​អាចជួយ​ឱ្យ​ការធ្វើ​ពិសោធន៍​មាន​លក្ខណៈ​ស្តង់ដា​ត្រឹមត្រូវ ដែល​ជំនាញ​នីមួយៗ អាច​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក និង​ជួយ​អភិវឌ្ឍ​មន្ទីរពិសោធន៍​នៅក្នុង​វិស័យ​​កសិកម្ម​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​៕