កោះកុងៈ ក្រសួងបរិស្ថាន សហការជាមួយក្រសួងសុខាភិបាល បានចុះធ្វើការផ្សព្វផ្សាយដើម្បីជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់របស់ប្រជាពលរដ្ឋ ក្នុងការប្រតិបត្តិលើការរស់នៅស្អាត គ្មានការចម្លងជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាព ប្រជាពលរដ្ឋ។
នេះជាការថ្លែងរបស់លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពេលដែលលោកស្រីបានសហការជាមួយមន្ត្រីក្រសួងសុខាភិបាល យកមុងជ្រលក់ថ្នាំ ថ្នាំពេទ្យ ចែកជូនប្រជាពលរដ្ឋ នៅឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី ៣០ ខែមីនា។
បើតាមផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថានក្នុងពេលចុះចែកមុងជ្រលក់ថ្នាំនោះ លោកស្រីម៉ុម ថានី បានអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍អ្នកផ្តល់ជំនួយនានា សូមបន្តនូវកិច្ចសហការជាមួយក្រសួងបរិស្ថាន ដើម្បីលើកកម្ពស់កិច្ចការការពារធនធានធម្មជាតិ តាមរយៈការពង្រឹងសមត្ថភាព និងសុខុមាលភាពមន្ត្រីឧទ្យានុរក្ស និងគណៈកម្មការ សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យកាន់តែស៊ីជម្រៅ កាន់តែទូលំទូលាយ និងកាន់តែគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យកម្ពុជា អាចធ្វើដំណើរទៅកាន់អនាគតមួយដែលគ្មានជំងឺគ្រុនចាញ់។
បើតាមក្រសួងបរិស្ថាន ពិធីប្រារព្ធនៅសាលាឃុំដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យយល់ដឹងពីវិធានការការពារ ទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការគេងក្នុងមុង និងរស់នៅស្អាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងគោលដៅចូលរួមការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ចេញពីកម្ពុជានៅឆ្នាំ ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់ក្រសួងសុខាភិបាល៕