
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រថ្ងៃទី៣១ ខែមីនានេះនៅវិមានសន្តិភាព ដោយបានពិភាក្សាលើរបៀបវារៈនៃកិច្ចប្រជុំចំនួន៥ និងបញ្ហាផ្សេងៗ។
យោងតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានឱ្យដឹងថា របៀបវារៈទាំងនោះរួមមាន ១-សេចក្តីព្រាងផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០, ២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ, ៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ, ៤-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា, និង៥-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង។
ក្រៅពីនោះកិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសង្គមនិយមវៀតណាម៕