​សៀមរាបៈ ភូមិ​បេតិកភណ្ឌ​វប្បធម៌ ដែលជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ទាំង ​៤៤ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុងឆ្នាំនេះ​បាននិងកំពុង​លេច​រូបរាង​ជា​បណ្តើរៗ ក្នុងការ​ត្រៀម​បង្ហាញ​នូវ​បេតិកភណ្ឌ​រូបី និង​អរូបី​ជាច្រើន​ទម្រង់​។

​យោងតាម​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ភូមិ​បេតិកភណ្ឌ​វប្បធម៌​នេះ​មាន​ទីតាំងនៅ​ខាងជើង​ស្ពាន​ហាល​ជាប់​នឹង​ច្រាំង​ក​សិ​ន្ទុ បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​។ ក្រុមការងារ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដើម្បី​ត្រៀម​បង្ហាញ​សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ពី​បេតិកភណ្ឌ​រូប​បី និង​អរូបី ជាច្រើន​ទម្រង់ មាន​ឈ្មោះថា ភូមិ​បេតិកភណ្ឌ​វប្បធម៌​។​

​ភូមិ​បេតិកភណ្ឌ​វប្បធម៌ ជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ទាំង​៤៤ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុងឆ្នាំនេះ​។ សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នឹង​បាន​ស្វែងយល់​កាន់តែច្បាស់​បន្ថែមទៀត​អំពី​បេតិកភណ្ឌ​រូបី ដូចជា​បច្ចេកទេស​រំលីង​ថ្ម ការ​រំកិល​ថ្ម ការងារ​ជួសជុល​ថ្ម និង​បច្ចេកទេស​ជួសជុល​ប្រាសាទ​ឥដ្ឋ​ជាដើម​។

​រីឯ​បេតិកភណ្ឌ​អរូបី​វិញ នឹងមាន​បង្ហាញ​អំពី​របៀប​ចារសាស្ត្រា​ស្លឹករឹត​។ ក្រៅពីនោះ​ក៏មាន​បង្ហាញ​សិល្បៈ​ស្មូន​ភាជន៍ ការ​ដាប់​ស្បែក ការ​ផ្តិត​សិលា​ចារិក ឬ​ប្រថាប់​រូប ការប្រគំ​តន្ត្រី​របស់​អ្នកភូមិ​ត្បែង លេងល្បែង​ប្រជាប្រិយ​ខ្មែរ រួមទាំង​ការតាំង​បង្ហាញ​សមិទ្ធផល​ការងារ​៣០​ឆ្នាំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៃ​ការអភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ផងដែរ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អំពាវនាវ សូម​សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលទៅ​ទស្សនា​កម្សាន្ត និង​ស្វែងយល់​ឱ្យបាន​ច្រើន​កុះករ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ខួប​១០​ឆ្នាំ ក្រោម​ប្រធានបទ ក្ដី​ស្រមៃ និង​សង្ឃឹម ដែល​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៣​ខាងមុខនេះ​៕