​ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​៣០​មីនា បានរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដោយបាន​ធ្វើការ​ពិភាក្សា រិះរក​មធ្យោបាយ​ធ្វើឱ្យ​កាន់តែ​ប្រសើរ នូវ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដោយបាន​ពិនិត្យ​លទ្ធភាព​បន្ថែម​សមុច្ច័យ​ថ្មីៗ នៃ​បណ្តា​ប្រទេស​នីមួយៗ​ដើម្បី​តាំង​បង្ហាញ​និង​ពិនិត្យ​លទ្ធភាព​ផ្តល់នូវ​ប្រភព​ថវិកា ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​ដំណើរការ​ទូទៅ​របស់​សារមន្ទីរ​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សហប្រធាន​នៃ​កិច្ចប្រជុំ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​មី​យ៉ាន់​ម៉ា តំណាង​ស្ថានទូត​ថៃ ឡាវ និង​វៀតណាម ថ្នាក់ដឹកនាំ និង​ម​ន្រី្ត ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាច្រើនរូប​ចូលរួម​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​និង​សម្រេច​លទ្ធផល​សំខាន់ៗ​មួយចំនួន​ដូចជា កំណត់ឱ្យ​ភាគី​កម្ពុជា និង​ឥណ្ឌា​រៀបចំ សេចក្តីព្រាង MOU ហើយ​ភាគី​ទាំងអស់ នឹង​ពិនិត្យ​សម្រេច​នាពេល​ក្រោយ​។​

​ត្រូវ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នូវ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ជាពិសេស​ពិនិត្យ​លទ្ធភាព​បន្ថែម​សមុច្ច័យ​ថ្មីៗ នៃ​បណ្តា​ប្រទេស​នីមួយៗ​ដើម្បី​តាំង​បង្ហាញ ពិនិត្យ​លទ្ធភាព​ផ្តល់នូវ​ប្រភព​ថវិកា ដើម្បី​ធានាបាន​នូវ​និរន្តរភាព នៃ​ដំណើរការ​ទូទៅ​របស់​សារមន្ទីរ​។​

​បន្ថែម​ពីនេះ កិច្ច​ប្រជុំបាន​ជំរុញឱ្យមាន​ការចូលរួម​របស់​បណ្តា​ប្រទេស​នីមួយៗ ឱ្យ​កាន់តែ​សកម្ម​ក្នុង​ការរៀបចំ​តាំង​បង្ហាញ ពិព័រណ៍​អចិន្ត្រៃយ៍ ឬ​មិន​អចិន្ត្រៃយ៍​នៃ​វប្បធម៌​របស់ខ្លួន​បង្កើន​ការផ្សព្វផ្សាយ​អំពី​សារមន្ទីរ​វាយ​ន​ភណ្ឌ ប្រពៃណី​អាស៊ី ឱ្យបាន​ទូលំទូលាយ ធ្វើយ៉ាងណា​ឱ្យមាន​ភ្ញៀវទេសចរ​ចូល​ទស្សនា និង​ជំរុញឱ្យមាន​ការចូលរួម​របស់​បណ្តា​ប្រទេស​នីមួយៗ​ឱ្យ​សកម្ម​ថែមទៀត​។​

​លើសពីនេះ កិច្ចប្រជុំ​ក៏បាន​សម្រេច​ផ្តល់នូវ​អ្នកជំនាញ​ខាង​ផ្នែក​សារមន្ទីរ​មក​ធ្វើការ​បណ្តុះបណ្តាល​មន្ត្រី បុគ្គលិក​កំពុង​បំពេញភារកិច្ច​នៅ​សារមន្ទីរ​ផ្ទាល់​ហើយក៏​បាន​ជំរុញ​ឱ្យ​គ្រប់ភាគី បន្ត​ទំនាក់ទំនង​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​រលូន​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​បង្កើន​នូវ​បរិយាកាស​សហការ​ជិតស្និទ្ធ​រវាង​គ្រប់ភាគី​ពាក់ព័ន្ធ​៕​