​ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ផ្អាក​ផ្គត់ផ្គង់​ទឹក​មួយរយៈ​ពេល​នៅ​យប់ ថ្ងៃ​សៅរ៍ ទី​ ១ ខែមេសា ឆ្នាំ​ ២០២៣​ នេះ ​ក្នុងភូមិ​សាស្ត្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការជីក​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក​។

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចុះ​ថ្ងៃទី​២៨​ខែមីនា​បាន​សំណើសុំ​កិច្ចសហការ​ពី​រដ្ឋបាល​ខណ្ឌ​សែន​សុខ ដើម្បី​ផ្ដល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅឋាន ស្ថិតនៅក្នុង​ភូមិសាស្ត្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​អំពី​ការផ្អាក​ផ្គត់ផ្គង់​ទឹក​មួយរយៈ​ពេល​នៅ​យប់ ថ្ងៃ​សៅរ៍ ទី​០១ ខែមេសា​។​

​លិខិត​បានសរសេរថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ នឹងធ្វើ​ការជីក​កាត់​ភ្ជាប់​បំពង់​មេ​នាំ​ទឹក ទំហំ​៨០០​ម​ម ទៅ​ទំហំ​២៥០​ម​ម នៅលើ​ផ្លូវ​លេខ​៥៥P(១០១៩) គ្រោង​ប​ញ្ចូ​ន​សម្ពាធ​ទឹក​មកពី​រោងចក្រ​ផលិត​ទឹកស្អាត​បាក់​ខែង ដែល​ត្រូវ​ផ្អាក​ផ្គត់ផ្គង់​ទឹក​ចាប់ពី​ផ្លូវ​លេខ​៦២P(១៩៦៦) រហូតដល់​ផ្លូវ​លេខ​២៦P(១៩៦៨) ស្ថិតនៅក្នុង​ភូមិសាស្ត្រ សង្កាត់ គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែមេសា​។

​ការងារ​ជីក​កាត់ ភ្ជាប់​បំពង់​មេ​នាំ​ទឹក ទំហំ​៨០០​ម​ម ទៅ​ទំហំ​២៥០​ម​ម ខាងលើនេះ​តម្រូវឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ផ្អាក​ការផ្គត់ផ្គង់​ទឹក​មួយ​រយៈពេល​ប្រមាណ​ជា​៦​ម៉ោង គឺ​ចាប់ពី​ម៉ោង ២០:០០​នាទី​យប់ ដល់​ម៉ោង ០២:០០​នាទី យប់ នឹង​អាចធ្វើឱ្យ​គុណភាព​ទឹក​មាន​ភាពល្អក់​កក​រប​ន្តិ​ច​បន្តួច​ក្រោយពេល​ធ្វើការ​កាត់​ភ្ជាប់​បំពង់​មេនេះ​រួច​។​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ស្នើឱ្យ​រដ្ឋបាល​ខណ្ឌ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមាន​លំនៅឋាន និង​ទីតាំង​ខាងលើ ដែល​នឹងត្រូវ​រង​ការខ្វះ​ទឹក​មួយរយៈ​ពេលនេះ ដើម្បី​ត្រៀម​បម្រុង​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​រយៈពេល​ផ្អាក​ផ្គត់ផ្គង់​នេះ​៕