​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាល​ខណ្ឌ​ទាំង ​១៤ និង​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង ​១០៥ ព្រមទាំង​ថ្នាក់ដឹកនាំ​តាម​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការប្រជុំ​ពិភាក្សាគ្នា​ជាប្រចាំ ដើម្បី​ដាក់​ចេ​ញូ​នូវ​ផែនការ ក្នុងការ​បង្ការ និង​ទប់ស្កាត់​បទល្មើស ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស ស្រាវជ្រាវ​មុខសញ្ញា​ដោយ​អនុវត្តតាម​ដីកា ស្រាវជ្រាវ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង និង​មុខសញ្ញា​ពាក់ព័ន្ធ​ដែល​នៅ​សេសសល់​មួយចំនួនទៀត​។​

​ក្រៅពីនេះ​លោកស្នងការ បាន​សង្កត់ធ្ងន់​ដល់​លោកស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ផ្លូវគោក ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការណែនាំ​អប់រំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ដោយ​ប្រើប្រាស់​កាយវិការ និង​ពាក្យសម្តី​ឱ្យបាន​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ​។​

​លោ​កស ថេត បានធ្វើ​ការណែនាំ​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​៣១​មីនា ក្នុងពេលដែល​លោក​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ បូកសរុប​សភាពការណ៍ និង​លទ្ធផល​កិច្ចប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៣​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​ក្រៅពី​បានធ្វើការ​កោតសរសើរ​ដល់​កងកម្លាំង​ទាំងអស់ ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ចូលរួម​ថែរក្សា ការពារ​សន្តិសុខ សុវត្ថិភាព បាន​យ៉ាង​ល្អ​ក្នុង​ឆ្នាំ​២០២២​កន្លងមក លោ​កស ថេត បាន​ប្រាប់​ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឱ្យ​យកចិត្តទុកដាក់ ក្នុងការ​ស្រាវជ្រាវ​បង្ក្រាប​ឱ្យបាន​នូវ​មុខសញ្ញា​ជួញដូរ ទីតាំង​លួចលាក់ ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​គ្រប់​ប្រភេទ​។​

​ជាពិសេស​លោក​បាន​ប្រាប់​ដល់​ថ្នាក់ដឹកនាំ​អង្គភាព ត្រូវធ្វើ​ការណែនាំ​ដាច់ខាត ដល់​មន្ត្រីនគរបាល​ទាំងអស់​ហាម​ពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​សារធាតុ​ញៀន បើ​មិន​ដូច្នោះ​ទេ គឺ​ត្រូវតែ​អនុវត្តតាម​នីតិវិធី​ច្បាប់ ជាពិសេស​អាច​ត្រូវសុំ​គោលការណ៍​ដើម្បី​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​។​

​បន្ថែម​ពីនេះ ត្រូវ​បន្ត​ជំរុញ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ​(​ក​៤) សៀវភៅ​ស្នាក់នៅ​(​ក​២) ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និង​ឆាប់រហ័ស​។

​លើសពីនេះ លោកស្នងការ បាន​ប្រាប់​ឱ្យ​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ត្រួតពិនិត្យ​វត្តមាន​កម្លាំង ប្រចាំ​បញ្ជា ត្រូវមាន​កម្លាំង​ជាក់ស្តែង រួមជាមួយ​ម៉ូតូ និង​រថយន្ត ដើម្បី​ត្រៀម​ចេញ​ដោះស្រាយ ជួយសង្គ្រោះ និង​អន្តរាគមន៍​ឱ្យបាន​ទាន់ពេលវេលា ជាពិសេស​ត្រូវ​ត្រៀម​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​ពិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម នាពេលខាងមុខ​៕