​សៀមរាបៈ នាយកដ្ឋាន​គោលនយោបាយ ​ICT ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សហកា​រ​ជាមួយ អង្គការ APLE បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការយល់ដឹង និង​ការបង្ការ ទប់ស្កាត់ អំពើ​រំលោភបំពាន និង​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ​នា​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២៣ ​នេះ​ក្នុង​ក្រុង​សៀមរាប​។​

​លោកស្រី​ហ៊ឹម សោ​ភណ្ឌ ប្រធាន​កម្មវិធី​គាំទ្រ និង​ផ្ដល់ជំនួយ​សម្រាប់​កុមារ​រងគ្រោះ អង្គការ APLE បាន​បញ្ជាក់ថា វគ្គ​បណ្តុះបណ្ដាល​នាពេលនេះ មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​បន្ថែម​អំពី​ហានិភ័យ​ដែល​អាច​កើតមានឡើង​ចំពោះ​កុមារ លើ​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​។ លើសពីនោះ វគ្គ​បណ្តុះបណ្ដាល​នេះ ក៏​នឹងធ្វើ​ការពង្រឹង​បន្ថែម​ទៅដល់​អ្នកពាក់ព័ន្ធ ធ្វើយ៉ាងណា​ចូលរួម​ក្នុងការ​ទប់ស្កាត់​ឱ្យបាន​ទៅលើ​បញ្ហា​ទាំងអស់នេះ ឱ្យ​ឆ្លើយតប​ចំពោះ​ហានិភ័យ និង​ទម្រង់​ពាក់ព័ន្ធ​ទាំងនោះ វិធាន​សុវត្ថិភាព​ចំពោះ​កុមារ​តាម​ប្រព័ន្ធ​អន​ឡាញ Blocking, Filtering, Reporting វិធានការ​បង្ការ ទប់ស្កាត់​ផ្សេងៗ​ទៀត​។ នេះ​បើ​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។

​ក្នុងឱកាស​នោះ លោកស្រី តាន់ សុ​ដា​នី ប្រធាន​នាយកដ្ឋាន​គោលនយោបាយ ICT ក្រសួង​ប្រៃសណីយ៍​បាន​លើកឡើងថា អំពើ​ជួញដូរ​មនុស្ស គឺជា​វិបត្តិ​សកល​មួយ ដែល​បណ្តា​ប្រទេស​ជាច្រើន​លើ​សកលលោក​បាន​ជួបប្រទះ​។ ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏បាន​ទទួលរង​នូវ​វិបត្តិ​នេះ​ផងដែរ ដែល​ធ្វើឱ្យ​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​។ ស្ថានភាព​កុមារ​មាន​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ បន្ទាប់ពី​កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ជាច្រើន ដើម្បី​ធានា​ការអភិវឌ្ឍ​ផ្តល់​ការងារ​សមស្រប សមភាព ប្រសិទ្ធភាព និង​ធានា​ឱ្យសម្រេចបាន​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​២០១៦-២០៣០ រួមទាំង​បង្កើត​យន្តការ​ជាច្រើន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​សម្របសម្រួល​ដល់​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​រួមទាំង​គោលនយោបាយ និង​ផែនការ​សកម្មភាព​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការកេងប្រវ័ញ្ច​លើ​កុមារ​។

​លោកស្រី​បន្ថែមថា ទោះ​មាន​ផែនការ​ទាំងនេះ ក៏​កុមារ​កម្ពុជា​នៅតែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន​នៅឡើយ​ដូចជា អំពើហិង្សា​លើ​កុមារ ការកេងប្រវ័ញ្ច និង​ការជួញដូរ​កុមារ ការប្រើប្រាស់​គ្រឿងញៀន​និង​សារធាតុ​ញៀន កុមារ​បម្លាស់​ទី កុមា​រង​ផលប៉ះពាល់​ដោយ​ការធ្វើ​ចំណាកស្រុក កុមារ​បោះបង់​ការសិក្សា កុមារ​កង្វះ​ហា​រូប​ត្ថ​ម្ភ ជាដើម​និង​កុមារ​រង​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អន​ឡាញ ដែលជា​ប្រព័ន្ធ​ផ្តល់​សេវាកម្ម​តាម​បច្ចេកវិទ្យា​កំពុង​ពេញនិយម​ដែល​ផ្តល់នូវ​ទាំង​ផល​វិជ្ជមាន និង​ផល​អវិជ្ជមាន​។ បញ្ហា​ទាំងនេះ គឺ​តម្រូវឱ្យ​ក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នា​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា និង​ចំ​គោ​ដៅ​។​

​លោក​សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ក៏បាន​មានប្រសាសន៍ថា ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​បាន​ចាត់ទុកជា​តំបន់​ប៉ូល​ទី​២ នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់​ជាតិ ក៏ដូចជា​ខឿនសេដ្ឋកិច្ច​ជាតិ ដែលមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​កើនឡើង​គួរឱ្យកត់សម្គាល់​។

​លោក​បន្តថា ទន្ទឹមនឹង​ផល​វិជ្ជមាន​ពី​សេវាកម្ម​ទេសចរណ៍​យើង​ក៏បាន​ទទួលរង​ផល​ជា​អវិជ្ជមាន​ផងដែរ ពី​អ្នក​ទេសចរណ៍​មួយចំនួន ដែល​មានបំណង​ទុច្ចរិត​បាន​ឆក់​ឱកាស​ប្រព្រឹត្ត​បទល្មើស​រំលោភបំពាន ការកេងប្រវ័ញ្ច​ផ្លូវភេទ​ទៅលើ​កុមារ​តាម​រូបភាព​ផ្សេងៗ និង​ការយក​ខេត្តសៀមរាប ជា​ខេត្ត​សម្រាប់​ឆ្លងកាត់​ការនាំចេញ​មនុស្ស​ដោយ​ខុសច្បាប់ និង​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។ នេះ​បើ​យោងតាម​ប្រភព​ដដែល​នេះ​៕​