មណ្ឌលគិរីៈ បន្ទាប់ពីការអនុវត្តគម្រោងអស់រយៈពេលជាង ៥ ឆ្នាំមក សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៨ ដែលគ្របដណ្តប់លើផ្ទៃដីព្រៃចំនួន ៥៧ ៣៦១ ហិកតា មានសមាជិក ១៦ ០៣៥ នាក់ ស្មើនឹងប្រមាណជាង ១៦% នៃចំនួនប្រជាជនសរុបក្នុងខេត្តមណ្ឌលគិរីនោះទទួលបានសិទ្ធិស្របច្បាប់ពេញលេញដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិក្នុងសហគមន៍តំបន់ការពារធម្មជាតិរបស់ពួកគេ។
សហគមន៍តំបន់ការពារធម្មជាតិទាំងនេះមានទីតាំងស្ថិតនៅជាប់នឹងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ហើយក៏ស្ថិតក្នុងចំណោមតំបន់ការពារធម្មជាតិសរុបចំនួន ២៤ នៅក្នុងខេត្តមណ្ឌលគិរី។ លើសពីនោះ សហគមន៍ក៏ទទួលបានការគាំទ្រការអភិវឌ្ឍកម្រិតជីវភាពសហគមន៍ដោយផ្តោតលើវិស័យកសិកម្ម និងសហគ្រាសសហគមន៍ដែលផ្អែកលើអនុផលព្រៃឈើ សកម្មភាពទាំងនោះរួមមានការចិញ្ចឹមសត្វ ការដាំដុះដំណាំ ដែលជាប្រភពចំណូលយ៉ាងសំខាន់ ជាជាងការពឹងផ្អែកលើធនធានធម្មជាតិព្រៃឈើទាំងស្រុង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយរបស់ក្រសួងបរិស្ថាន និងដៃគូអភិរក្សដូចជា អង្គការWWF, EU, OXFAM, CLEC និងអង្គការភូមិខ្ញុំនៅថ្ងៃទី៣១ខែមីនានេះ។
សមិទ្ធផលមួយដែលគួរឱ្យកត់សម្គាល់គឺ «ផលិតផលទឹកឃ្មុំព្រៃមណ្ឌលគិរី» ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ថាជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ ដែលដើរតួយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល និងកែលម្អកម្រិតជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋានឱ្យប្រសើរឡើង។ ការសម្រេចបានភាពជាម្ចាស់លើសហគមន៍តំបន់ការពារធម្មជាតិ បានលើកទឹកចិត្តដល់សហគមន៍ក្នុងការចូលរួមយ៉ាងសកម្មបន្ថែមតាមគ្រប់រូបភាព តួយ៉ាងសកម្មភាពល្បាតនៅក្នុង និងក្រៅព្រៃសហគមន៍ ដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់បន្ថែមទៀត។
សិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលគម្រោងខាងលើដែលមានអ្នកចូលរួមប្រមាណជាង៩០នាក់ក៏ត្រូវបានធ្វើឡើងផងដែរ ក្នុងក្រុងសែនមនោរម្យ។ គម្រោងនោះបានចាប់ផ្តើមអនុវត្តពីខែកុម្ភៈ ឆ្នាំ២០១៨ ដល់ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាពនៅតំបន់ការពារទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា។ គម្រោងបានជំរុញសហគមន៍ដែលនៅជុំវិញតំបន់ការពារធម្មជាតិឱ្យចូលរួមចំណែកសហការក្នុងការដោះស្រាយបញ្ហាដីធ្លី និងចូលរួមទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិដែលពួកគេកំពុងអាស្រ័យផល។ នេះបើយោងតាមសេចក្តីប្រកាសដដែលនេះ៕