ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់វិនិយោគិនឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលរាជរដ្ឋាភិបាល បានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងការប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយមិនមានការរើសអើង។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងសារលិខិតផ្ញើជូនជនរួមជាតិ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១ ខែមេសាថា ក្នុងឆ្នាំ២០២២កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្ដាលឆ្នាំ២០២៣នេះ កម្ពុជាក៏ដូចបណ្ដាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩ មកលើបញ្ហាសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។
ក្នុងឆ្នាំកន្លងទៅ សេដ្ឋកិច្ចកម្ពុជា មានកំណើនក្នុងរង្វង់ប្រមាណ៥,៥ភាគរយ ហើយសម្រាប់ឆ្នាំ២០២៣នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងអត្រា ៦,៦ភាគរយ។
ក្នុងលិខិតបានបញ្ជាក់ថា កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្ដរជាតិមានប្រមាណជាង៤៨ ១៥១លានដុល្លារអាមេរិក។ ចំណែកឯការនាំចេញមានប្រមាណជាង២០ ៤៦០លានដុល្លារអាមេរិក និងការនាំចូលមានប្រមាណជាង២៧ ៦៩១លានដុល្លារអាមេរិក។
សារលិខិតបានបន្តថា អត្រាប្ដូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិនៅឆ្នាំ២០១៨ មាន១៤ ៦២៩លានដុល្លារអាមេរិក ហើយបន្តកើនឡើងនៅឆ្នាំ២០២២ ដល់១៧ ៨០៥លានដុល្លារអាមេរិក និងត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់២២ ១៤៩លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជានឹងអាចរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។
ទាក់ទងនឹងការប្តេជ្ញារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់ថា វិស័យឯកជនមានការរំពឹងខ្ពស់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបង្កលក្ខណៈងាយស្រួលយ៉ាងច្រើនដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស ក្នុងការវិនិយោគលើគ្រប់វិស័យ ជាពិសេសដែលមានសក្តានុពល ដូចជាកសិកម្ម និងឧស្សាហកម្មជាដើម។
លោកបញ្ជាក់ថា៖«តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះ វិស័យឯកជនមានជំនឿយ៉ាងមុតមាំថា កំណើននៃការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកាន់កម្ពុជា នឹងមានកំណើនជាបន្តបន្ទាប់ ជាពិសេសវិស័យសំខាន់ៗ ដូចជាកសិកម្ម ឧស្សាហកម្មកែច្មៃ និងវិស័យបច្ចេកវិទ្យាជាដើម។ សន្តិភាព ស្ថិរភាពនយោបាយ និងការលើកទឹកចិត្តដោយរាជរដ្ឋាភិបាល គឺជាអ្វីដែលវិនិយោគិនយើងចង់បាន»។
តាមទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្ហាញថា ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.)ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១ ៧៣០ដុល្លារ ក្នុងឆ្នាំ២០២១ ដល់ប្រមាណ១ ៧៨៥ដុល្លារ ក្នុងឆ្នាំ២០២២ និងត្រូវបានរំពឹងថា កើនឡើងដល់១ ៩២៤ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ៕