ភ្នំពេញៈកីឡាករមានដើមកំណើតនៅប្រទេសប្រេស៊ីល Thiago Teixeira បានធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង បន្ទាប់ពីរូបគេ បានផ្តួលកីឡាកររបស់អង់គ្លេស Joe Craven ឱ្យសន្លប់ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក WMO (World Muaythai Organization) សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
សម្រាប់ការប្រកួត ក្នុងកម្មវិធី APEX Fight Series នៅសង្វ្រៀន LKH Arena ប្រទេសអាល្លឺម៉ង់ នាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមេសានេះ កីឡាករ Thiago Teixeira បានប្រើកណ្តាប់ដៃឆ្វេងស្តាំរបស់ខ្លួន វាយឱ្យអ្នកប្រយទ្ធ Joe Craven ដួលនៅដើមទឹកទី២ និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១ ហើយភ្លាមៗក្រោយពីការរាប់នោះ Thiago បានព្យាយាមចូលវាយសម្រុកបន្ថែមដោយកណ្តាប់ដៃ តែបែរជា Joe អាចទប់ស្មារតីបានវិញ និងម៉ាត់សងមក Thiago ឡើងចង់គាំងវិញ។
តែទោះបីជាយ៉ាងណា នៅចុងទឹកទី២នេះ កីឡាករប្រកួតតំណាងឱ្យកម្ពុជា Thiago បានវាយកែងស្តាំចូលថ្គាមពេញ បណ្តាលឱ្យ Joe Craven ដួលទាំងជំហ និងត្រូវបានអាជ្ញាកណ្តាល រាប់ជាលើកទី២។ Joe បានព្យាយាមក្រោកឈរ និងងក់ក្បាល យល់ព្រមប្រកួតបន្ត ប៉ុន្តែភ្លាមនោះ Thiago បានស្ទុះចូលម៉ាត់ថែម២ដៃ ហើយឃើញស្ថានភាពរបស់ Joe មិនអាចតបតបាននោះ អាជ្ញា កណ្តាល បានសម្រេចបញ្ឈប់ការប្រកួត និងផ្តល់ជ័យជម្នះទៅឱ្យ Thiago តែម្តង។
នៅពេលការប្រកួតបញ្ចប់ភ្លាម Thiago បានយកទង់ជាតិរបស់កម្ពុជា មកបង្ហាញ និងចងជាប់នៅក្រោយខ្លួនរបស់គេ។ សកម្មភាពបែបនេះ ក៏ព្រោះតែ Thiago កំពុងជាប់ចិត្តខ្លាំងជាមួយប្រដាល់គុនខ្មែរ បន្ទាប់ពីអ្នកប្រដាល់សញ្ជាតិប្រេស៊ីលម្នាក់នេះ បានទៅសិក្សា និងឃើញផ្ទាល់នឹងភ្នែកពីចម្លាក់គុនខ្មែរ នៅប្រាង្គប្រាសាទអង្គរ កាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ថា «គុនខ្មែរ» ជាក្បាច់គុនមានដើមកំណើត នៅកម្ពុជា។
ជាមួយភ័ស្តុតាង បញ្ជាក់យ៉ាងច្បាស់ពីមរតកក្បាច់គុនរបស់ដូនតាខ្មែរនេះ បានធ្វើឱ្យ Thiago យល់កាន់តែច្បាស់ និងសម្រេចងាកចិត្តចេញពីប្រដាល់ Muay Thai ដែលរូបគេ បានហ្វឹកហាត់ តាំងពីអាយុ១៦ឆ្នាំ ហើយនេះជាមូលហេតុចម្បងដែលចងចិត្តអ្នកប្រយុទ្ធរបស់ប្រេស៊ីលរូបនេះ ឱ្យយល់ព្រមប្រកួតតំណាងឱ្យកម្ពុជា ដើម្បីជួយផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក។
នៅពេលពិធីករ បានសួរពីចំណាប់ អារម្មណ៍ ចំពោះការប្រកួតតំណាងឱ្យកម្ពុជា លើកទី១នេះ Thiago Teixeira បានឆ្លើយតបថា៖ «ជាដំបូង ខ្ញុំចង់ថ្លែងអំណរគុណដល់ព្រះយេស៊ូវគ្រីស្ត ហើយទី២ ខ្ញុំសូមអរគុណ ដល់អ្នកគាំទ្រទាំងអស់, ស្រី ចាន់ថន, ម្តាយរបស់ខ្ញុំ និងប្រជាជនកម្ពុជាចំនួន១៦លាននាក់ ដែលបានចូលរួមជាមួយខ្ញុំ ក្នុងការប្រកួតនេះ។ ជើងឯកពិភពលោក WMO គុនខ្មែរ ជាក្បាច់គុនមានដើមកំណើតពីកម្ពុជា»។
បន្ថែមលើនេះ Thiago Teixeira បានបង្ហោះវីដេអូខ្លីមួយទៀត បន្ទាប់ពីការប្រកួតបានបញ្ចប់ ដោយរូបគេ បាននិយាយជាភាសាខ្មែរថា៖ «គុនខ្មែរ!គុនខ្មែរ!គុនខ្មែរ ជាក្បាច់គុនមានដើមកំណើតពីកម្ពុជា»។
ជាមួយសារទាំងនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា Thaigo បានដក់ចិត្តកាន់តែខ្លាំងជាមួយគុនខ្មែរ ហើយកន្លងមក រូបគេ ក៏បានបង្ហើបពីការរើក្លិបប្រដាល់របស់គេ នៅប្រទេសថៃ មកដាក់នៅប្រទេសកម្ពុជា ផងដែរ។
ទន្ទឹមនឹងនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានភ្ញាក់ទាំងយប់ ដើម្បីបង្ហោះបន្តនូវជ័យជម្នះរបស់ Thiago ដែលលោកបានទទួលពីប្រភពឈ្មោះ Sai Narak ដោយបានសរសេរថា៖ «ជម្រាបសួរលោកអ៊ំំឯកឧត្តម និងសូមការអភ័យទោសពីសំណាក់លោកអ៊ំ ចំពោះការរំខាន។ នៅពេលនេះកីឡាករ Thiago Teixeira សញ្ជាតិប្រេស៊ីល វាយដណ្តើមខ្សែក្រវាត់ តំណាងឱ្យគុនខ្មែរ នៅប្រទេស អាល្លឺម៉ង់ ទទួលបានជោគជ័យហើយ ដោយផ្តួលដៃគូ ឱ្យសន្លប់ នៅទឹកទី២»។
ចំណែកលោក ស្រី ចាន់ថន អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាបុរស ដែលបាននាំ Thiago ទៅសិក្សាពីប្រវត្តិក្បាច់គុនខ្មែរ នៅអង្គរវត្ត ហើយក៏ជាអ្នកឧបត្ថម្ភគាំទ្រខ្លាំងដល់ Thiago សម្រាប់ការចេញទៅប្រកួតដណ្តើមខ្សែក្រវាត់ នៅប្រទេសអាល្លឺម៉ង់ លើកនេះ បានបង្ហាញពីមោទនភាពចំពោះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ដែលបានចូលរួមជួយលើកមុខមាត់គុនខ្មែរ ក្នុងនាមជាកីឡាករបរទេសដំបូងគេ។
លោក ចាន់ថន បានបង្ហោះសារបែបនេះថា៖ «១ កែងស្តាំ ល្អណាស់ Thiago ផ្តួលគូប្រកួត នៅទឹកទី២ ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត។ ទីបំផុតកីឡាករ Thiago ឈ្នះហើយបងប្អូន។ ខ្ញុំមានការត្រេកអរគ្មានអ្វីប្រៀបបានឡើយ ព្រោះនេះជាអ្វី ដែលខ្ញុំរំពឹងទុកជាយូរណាស់មកហើយ។ ខ្ញុំតែងតែរំពឹងទុកថា ថ្ងៃណាមួយកីឡាករខ្មែរ ក៏ដូចជាកីឡាករបរទេស ដែលឡើងប្រកួតតំណាងឱ្យគុនខ្មែរ នឹងអាចលើកទង់ជាតិខ្មែរ នៅលើឆាកអន្តរជាតិបានជាក់ជាមិនខាន ហើយយប់នេះ ក្តីស្រមៃរបស់ខ្ញុំមួយនេះ បានសម្រេចហើយ»។
អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានបន្ថែមថា៖ «គុនខ្មែររបស់យើងចាប់ផ្តើមឡើងដល់ឆាកអន្តរជាតិបណ្តើរៗហើយបងប្អូន។ យ៉ាងណាមិញ នេះគ្រាន់តែជាកិច្ចចាប់ផ្តើមប៉ុណ្ណោះ។ នៅពេលខាងមុខ យើងនឹងរៀបចំការប្រកួតកម្រិតអន្តរជាតិដោយខ្លួនឯង តាមប្រទេសនីមួយៗ នៅជុំវិញពិភពលោក»៕