
នារីម្នាក់កំពុងគន់មើលរូបថត នៅវិចិត្រសាលពិរព័ណ៍សន្តិភាពកម្ពុជា នៅខេត្តបាត់ដំបង។ រូបថត សហការី
បាត់ដំបងៈវិចិត្រសាល ជាទូទៅជាកន្លែងដែលតាំងបង្ហាញ ពីរូបគំនូរសិល្បៈ រូបចម្លាក់ ភាពយន្ត ឬសិល្បៈបែបសហសម័យ ប៉ុន្តែមានវិចិត្រសាលមួយ នៅក្នុងខេត្តបាត់ដំបង ដែលបង្កើតឡើងក្នុងគោលបំណងពិសេស គឺដើម្បីលើកកម្ពស់ការយល់ដឹងជាវិជ្ជមាន ពីប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប និងការឆ្លុះបញ្ចាំងឱ្យកាន់តែស៊ីជម្រៅ លើមូលហេតុនៃជម្លោះដ៏ស្មុគស្មាញពីអតីតកាល។
ស្ថិតនៅតាមផ្លូវទៅកាន់រមណីយដ្ឋានប្រាសាទបាណន់ ក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគ ក្រុងបាត់ដំបង វិចិត្រសាលពិរព័ណ៍សន្តិភាពកម្ពុជា មានដាក់តាំងបង្ហាញនូវរូបថត ពីដំណើរនៃប្រវត្តិសង្រ្គាម និងការកសាងសន្តិភាពកម្ពុជាឡើងវិញ សម្រាប់ឱ្យអ្នកទេសចរ និងសិស្សានុសិស្ស ក្នុងតំបន់ បានសិក្សាស្វែងយល់។
បើតាមលោក Casper Gils ដែលជានាយកវិចិត្រសាល បានឱ្យដឹងថា វិចិត្រសាលសន្តិភាពកម្ពុជា (CPG) ជាអង្គការឯករាជ្យដែលត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។
លោកបានប្រាប់ថា៖ «យើងផ្តល់ជូននូវកម្មវិធីអប់រំជាច្រើន និងដំណើរទេសចរណ៍ណែនាំ ដើម្បីនាំភ្ញៀវរបស់យើងទាំងក្នុងស្រុក និងក្រៅស្រុក ភាគច្រើនជានិស្សិតវ័យក្មេង ឱ្យយល់ដឹងកាន់តែស៊ីជម្រៅក្នុងការកសាងសន្តិភាព និងការផ្សះផ្សាជាតិនៅកម្ពុជា បន្ទាប់ពីជម្លោះអស់រយៈពេល៣ទសវត្សរ៍»។
លោក Casper បន្តថា៖ «យើងមានពិព័រណ៍ចំនួន ៩ ដែលបែងចែកជាអគារសំខាន់ៗចំនួន ៣ ដែលបង្ហាញពីប្រភេទផ្សេងគ្នា នៃការងារសន្តិភាពនៅកម្ពុជា ការបញ្ចប់សង្រ្គាមនៅកម្ពុជា (ការចរចាសន្តិភាព និងការបញ្ចប់សង្រ្គាម) ក្រោយជម្លោះងើបឡើងវិញ (ការដោះស្រាយអាវុធ និងគ្រាប់មីន កសាងប្រទេសឡើងវិញ), ការផ្សះផ្សា និងការព្យាបាល (ជួសជុលការខូចខាតសង្គម និងខាងវិញ្ញាណនៃសង្គ្រាម)»។
លោកបានឱ្យដឹងទៀតថា វិចិត្រសាលមួយនេះ គឺបើកចំហឱ្យចូលទស្សនា ដោយសេរី និងទទួលស្វាគមន៍មនុស្សគ្រប់រូបដែលមានបំណងចង់សិក្សា រៀនសូត្រ។
លោក Casper Gils បញ្ជាក់ថា៖ «កន្លែងរបស់យើងសម្រាប់មនុស្សគ្រប់ៗគ្នា ដូច្នេះ យើងទទួលស្វាគមន៍មនុស្សគ្រប់រូប ធ្វើដំណើរមកកាន់វិចិត្រសាលរបស់យើង ដើម្បីធ្វើការសិក្សារៀនសូត្រ និងស្វែងយល់ ហើយកន្លែងរបស់យើង គឺបើកទូលាយ ដោយគ្មានការរើសអើង ឬការវិនិច្ឆ័យណាមួយឡើយ យើងធ្វើដោយចិត្តសប្បុរស ជាមួយការផ្តល់ជូននូវបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅ»។
បន្ថែមពីលើនេះ លោក Casper ថា វិចិត្រសាលក៏មានការយកចិត្តទុកដាក់ ឬផ្តោតជាពិសេសទៅលើនិស្សិតវ័យក្មេង ដែលជាអ្នកបន្តវេន ដើម្បីបង្កើតអនាគតដ៏វិជ្ជមាន និងសន្តិភាព។
លោក Casper បានឱ្យដឹងទៀតថា វិចិត្រសាល ក៏មានកម្មវិធីមួយហៅថា កាហ្វេសន្តិភាព ដែលតែងប្រារព្ធធ្វើម្តងក្នុង ១ ខែ ដោយមានការអញ្ជើញវាគ្មិនមកចែករំលែករឿងរ៉ាវផ្សេងៗ ដែលប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេស អាស្រ័យទៅលើអ្នកចូលរួម ក្នុងករណីដែលមានជនបរទេសចូលរួម៕