ភ្នំពេញៈ សមាគមចំនួន៣ ដែលធ្វើការលើវិស័យសារព័ត៌មាន បានសហការរៀបចំការប្រកួតដណ្ដើមពានរង្វាន់ អ្នកសរសេរអត្ថបទព័ត៌មានល្អប្រចាំឆ្នាំ ២០២៣ ដើម្បីជាឱកាសឱ្យអ្នកសារព័ត៌មានទាំងអស់ អាចបញ្ចេញសមត្ថភាពក្នុងការសរសេរអត្ថបទព័ត៌មានឱ្យកាន់តែមានគុណភាព។
សមាគមរៀបចំការប្រកួតដណ្ដើមពានរង្វាន់នេះ រួមមាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា (CJDS), សមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា (CNA) និងសមាគមសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (សសសក)។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់សមាគមទាំង៣នេះ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការប្រកួតប្រជែងនេះ នឹងប្រព្រឹត្តទៅដោយមានការបែងចែកជា២វគ្គ ក្នុងនោះមានវគ្គជម្រុះលើអត្ថបទ និងវគ្គផ្ដាច់ព្រ័ត្រ ដោយមានការសួរដេញដោល និងការពារលើអត្ថបទដោយផ្ទាល់មាត់ ដែលមានគណៈកម្មការវិនិច្ឆ័យចំនួន ៥រូប ដែលចូលមកវាយតម្លៃ និងកាត់សេចក្ដី។
អ្នកសារព័ត៌មាន មន្ត្រីអ្នកនាំពាក្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិស្សិត ដែលមានបំណងចង់ចូលរួមប្រកួត អាចទំនាក់ទំនងមកកាន់ស្នាក់ការសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា (CJDS)ឬទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាម ០៩៦ ៦៥០ ៩៩៩៩។
លោក ហោ គន្ធា ប្រធានCJDS បានថ្លែងនៅថ្ងៃទី៣ ខែមេសាថា នេះជាលើកទី១ហើយ ដែលសមាគមទាំង៣បានសហការគ្នារៀបចំប្រកួតពានរង្វាន់អ្នកសរសេរអត្ថបទព័ត៌មានល្អប្រចាំឆ្នាំ២០២៣នេះ។ ការផ្ដល់ពានរង្វាន់កន្លងមក គ្រាន់តែមើលទៅលើសមត្ថភាព ស្នាដៃ និងការខិតខំប្រឹងប្រែងរបស់អ្នកចូលរួមប្រកួត រួចហើយវាយតម្លៃ និងឱ្យពាននៅក្នុងក្របខ័ណ្ឌសមាគម។
លោក ហោ គន្ធា បានបញ្ជាក់ថា ៖ «ពេលនេះ សមាគមទាំង៣ បានសហការគ្នារៀបចំប្រកួតពានរង្វាន់អ្នកសរសេរអត្ថបទព័ត៌មានល្អប្រចាំឆ្នាំ២០២៣នេះ វាជាការប្រកួតប្រជែងលើកទី១ និងជាការប្រកួតប្រជែងបែបលក្ខណៈទូទៅផងដែរ»។
លក្ខណៈនៃកាចូលរួមប្រកួតនេះ បេក្ខជនត្រូវតែជាអ្នកសារព័ត៌មាន នៅតាមបណ្ដាស្ថាប័នសារព័ត៌មានផ្សេងៗ និងមន្ត្រីអ្នកនាំពាក្យដែលធ្វើការនៅនាយកដ្ឋានព័ត៌មាន ហើយក៏ផ្ដល់ឱកាសទៅដល់លោកគ្រូ-អ្នកគ្រូ ដែលអាចចូលរួមប្រកួតផងដែរ ពីព្រោះពួកគាត់ក៏ជាអ្នកដែលបានអប់រំមនុស្សទូទៅ។ នេះបើតាមលោក ហោ គន្ធា ដោយលោកបន្តថា សម្រាប់និស្សិត ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាផ្នែកវិស័យសារព័ត៌មាន ក៏អាចចូលរួមប្រកួតផងដែរ។
សម្រាប់ប្រធានបទនៃការប្រកួតគឺផ្ដោតសំខាន់ទៅលើសមិទ្ធផល ការអភិវឌ្ឍ ក្នុងសម័យតេជោសន្តិភាព ដែលសមាគមក៏មានការបែងចែកប្រភេទអត្ថបទជា៣ប្រភេទសំខាន់ៗសម្រាប់ឱ្យបេក្ខជនដែលចូលរួមប្រកួតទាំងអស់ជ្រើសរើសសរសេរផងដែរ ដូចជា បទវិចារណកថា, បទពិពណ៌នា និងអត្ថបទស៊ើបអង្កេត។
លោក ហោ គន្ធា បានថ្លែងថា៖ «សមាគមយើងរៀបចំកម្មវិធីនេះ ដើម្បីផ្តល់ឱកាសសម្រាប់អ្នកដែលមានសមត្ថភាព ហើយអាចបញ្ចេញសមត្ថភាពបាន។ មួយវិញទៀត យើងឃើញថា កន្លងមក ពុំទាន់មានសមាគម ឬស្ថាប័នណាមួយធ្វើការប្រកួតប្រជែងបែបស៊ីជម្រៅជាមួយនឹងអ្នកសារព័ត៌មានទេ។ អ៊ីចឹង! យើងក៏ផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ថា ការបង្កើតកម្មវិធីនេះជាគំនិតផ្តួចផ្តើមមួយដ៏ល្អ ដោយសារការប្រកួតនេះអាចជាចលនាប្រឡងប្រណាំងមួយដែលជួយជំរុញលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យខិតខំពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត។
លោកថ្លែងថា ការប្រកួតនេះ ក៏អាចជាការផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានបង្ហាញពីស្នាដៃ និងសមត្ថភាពរបស់គេដល់សាធារណជន និងអាចជាការរួមចំណែកក្នុងការអភិវឌ្ឍវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។
លោក មាស សុភ័ណ្ឌ បានថ្លែងថា៖ «ខ្ញុំយល់ឃើញថា នេះជាគំនិតផ្តួចផ្តើមមួយដ៏ល្អ ដោយសារការប្រកួតនេះអាចជាចលនាប្រឡងប្រណាំងមួយដែលជួយជំរុញលើកទឹកចិត្តដល់អ្នកសារព័ត៌មានឱ្យខិតខំពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីសរសេរអត្ថបទព័ត៌មានរបស់ខ្លួនឱ្យកាន់តែមានគុណភាព និងការជឿទុកចិត្តពីអ្នកអាន»។
លោក ហោ គន្ធា ថ្លែងថា ចំពោះការដាក់ពាក្យចូលរួមប្រកួតនេះ បេក្ខជនមានរយៈពេល៣០ថ្ងៃ ដែលអាចមកទទួលពាក្យចាប់ពីថ្ងៃទី៣ ខែមេសា ហើយរាល់ពាក្យដែលបេក្ខជនត្រូវដាក់ នឹងមានភ្ជាប់ជាមួយនូវស្នាដៃអត្ថបទព័ត៌មានរបស់គេដែលបានបោះពុម្ពឬចេញផ្សាយរួចហើយផងដែរ។
បន្ទាប់មកក្រោយពីបញ្ចប់ការទទួលពាក្យតាមកាលកំណត់ពីបេក្ខជនអស់ហើយ សមាគមទាំង៣ នឹងរៀបចំទិន្នន័យពាក្យទាំងនោះ ដើម្បីដាក់ឱ្យគណៈកម្មការវាយតម្លៃលើអត្ថបទ ហើយការប្រកាសលទ្ធផលនឹងកំណត់នៅពេលក្រោយទៀត៕