ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសសមាសភាពគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨ ៣៤២ រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីឱ្យបម្រើការងារនៅតាមគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
តាមរយៈសេចក្តីជូនដំណឹងរបស់គ.ជ.ប ផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែមេសា ដែលចុះហត្ថលេខាដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប.បានឱ្យដឹងថា មន្ត្រីដែលនឹងត្រូវជ្រើសរើសលើមុខតំណែងមួយចំនួន ដូចជា ប្រធានទទួលបន្ទុកដឹកនាំការងាររួម និងការងារហិរញ្ញវត្ថុ,អនុប្រធានជួយធ្វើការប្រធាន និងទទួលបន្ទុកលើការងារប្រតិបត្តិការ និងបច្ចេកទេស, សមាជិកទទួលបន្ទុកលើការងាររដ្ឋបាល, សមាជិកទទួលបន្ទុកលើការងារសេវាកម្មច្បាប់ និងវិវាទកម្ម និងសន្តិសុខបោះឆ្នោត និងសមាជិកទទួលបន្ទុកលើការងារអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ ។
ក្នុងលិខិតនេះបន្តថា «សាធារណជនដែលមានបំណងដាក់ពាក្យជាបេក្ខជនតាមមុខតំណែងនេះ សូមទៅមើលសេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសចូលបម្រើការងារ និងលក្ខខណ្ឌជ្រើសរើសដែលនឹងបិទផ្សាយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នៅតាមគណៈកម្មការរាជធានី -ខេត្តរៀបចំការបោះឆ្នោត និងទីកន្លែងសាធារណៈក្នុងឃុំ-សង្កាត់»។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានពន្យល់បន្ថែមនៅថ្ងៃទី៣ ខែមេសាថា សម្រាប់ការជ្រើសរើសមន្ត្រីជាសមាសភាពគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនេះគឺគ.ជ.បគ្រោងជ្រើសរើសជាង៨ពាន់នាក់ សម្រាប់ត្រៀមបម្រើការងារជាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ចំនួន១ ៦៥២ឃុំ-សង្កាត់នៅទូទាំងប្រទេស។
លោកបានបន្តថា ចំពោះដំណើការនៃការជ្រើសរើសនេះនឹងត្រូវធ្វើឡើងក្នុងអំឡុងខែមេសា ឆ្នាំ២០២៣ ហើយមូលហេតុនៃការជ្រើសរើសនេះធ្វើឡើងឱ្យស្របទៅនឹងរចនាសម្ព័ន្ធរបស់គ.ជ.ប ព្រោះយន្តការនៃការបោះឆ្នោត គឺមាន៤ថ្នាក់ គឺ ថ្នាក់គ.ជ.ប ថ្នាក់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មាការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតនេះ មានតួនាទី និងភារកិច្ច រៀបចំ និងចាត់ចែងគ្រប់គ្រង ព្រមទាំងដោះស្រាយបណ្តឹងក្នុងដំណើរការបោះឆ្នោតនិងការរាប់សន្លឹកឆ្នោតនៅក្នុងឃុំ-សង្កាត់ដែលខ្លួនទទួលខុសត្រូវជាពិសេសជ្រើសរើសនិងបណ្តុះបណ្តាល មន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោកសោម សូរីដា បានបញ្ជាក់ថា៖ «ក្នុងពេលបោះឆ្នោតនេះ ភារកិច្ចរបស់គាត់គឺជាអ្នកត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតហើយខ្ញុំចង់បញ្ជាក់ជូនដែរថា ការធ្វើទំនើបកម្មនៃការបោះឆ្នោតនេះ គឺគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនេះ គឺជាប្រតិបត្តិករដំបូងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការរៀបចំការបោះឆ្នោត»៕