ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID និងដៃគូគម្រោងអភិវឌ្ឍន៍កុមារតូច នាថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ បានប្រកាសជាផ្លូវការ អំពីយុទ្ធនាការ «ផ្លាស់ប្តូរឥរិយាបថសហគមន៍» ដើម្បីជំរុញការអភិវឌ្ឍកុមារតូច និងស្វែងរកការគាំទ្រ សម្រាប់ការអភិវឌ្ឍកុមារតូចតាមបែបសមាហរណកម្ម និងបរិយាប័ន្ន។
យុទ្ធនាការនេះមានភាគីពាក់ព័ន្ធសំខាន់ៗប្រមាណ ៣០ ស្ថាប័ន និងក្រុមគ្រួសារចំនួន ១៧០ គ្រួសារ បានចូលរួមជួបជុំគ្នានៅផ្សារទំនើប Heritage Walk ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កម្មវិធីនេះនឹងប្រារព្ធឡើងម្តងទៀតនៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ នៅវិទ្យាល័យកំពង់ក្តី ស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានរួម ដែលបានចេញផ្សាយ កាលពីថ្ងៃទី ១ ខែមេសា បានឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ «ប្តីខ្ញុំល្អ កូនខ្ញុំឆ្លាត» ក្នុងគោលបំណងកាត់បន្ថយនូវផ្នត់គំនិតអវិជ្ជមាននានា តាមរយៈការស្វែងរកការគាំទ្រ និងយល់ឃើញថា បុរសអាចផ្តល់ការថែទាំល្អដល់កុមារ ដូចជាស្ត្រីដែរ ហើយអ្នកថែទាំកុមារអាចប្តូរវេនគ្នាមើលថែទាំកុមារនៅពេលដែលគេត្រូវការសម្រាក។
យុទ្ធនាការនេះ ក៏បានរំលេចអំពីសារអប់រំសំខាន់ៗក្នុងការថែទាំ ប្រកបដោយការឆ្លើយតបបែបវិជ្ជមាន និងឱកាសរៀនសូត្រតាំងពីដំបូងដែលជួយឱ្យកុមារបានរៀនសូត្រលូតលាស់ អភិវឌ្ឍ និងរីកចម្រើន ដែលប្រកបដោយសក្តានុពល។
លោកចន វីលៀម អាមេស នាយកប្រចាំប្រទេស និងនាយកគម្រោងអភិវឌ្ឍន៍កុមារតូច នៃវិទ្យាស្ថានស្រាវជ្រាវត្រីកោណ អន្តរជាតិ (RTI International) បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការរួមចំណែក និងការចូលរួមដោយស្មើភាពគ្នាពីបុរស និងស្ត្រី ក្នុងការចិញ្ចឹមបីបាច់កូនតូច ដើម្បីជួយឱ្យកុមារសម្រេចបាននូវសក្តានុពលទៅតាមដំណាក់កាលអភិវឌ្ឍន៍សំខាន់ៗ លើបញ្ញា ការគិត ភាសា សង្គមអារម្មណ៍ និងការលូតលាស់ផ្នែករាងកាយ»។
ជាមួយគ្នានេះ លោកស្រីថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងជាសមាជិក នៃ គ.ក.ស.ក. ខេត្តសៀមរាប បានថ្លែងថា យុទ្ធនាការនេះគឺជាគន្លឹះក្នុងការកាត់បន្ថយការប្រកាន់តួនាទីផ្សេងគ្នា រវាងបុរស និងស្ត្រី ក្នុងការថែទាំកុមារ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍកុមារ អាហារូបត្ថម្ភ និងការអភិវឌ្ឍកុមារតូច ដែលនៅតែជាក្ដីកង្វល់របស់សង្គម។
យុទ្ធនាការខាងលើ ត្រូវបានរៀបចំឡើងក្នុងគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធផលអភិវឌ្ឍន៍ សម្រាប់កុមារតូចឱ្យពេញលេញ តាមរយៈការលើកកម្ពស់ការចិញ្ចឹមបីបាច់កុមារតូច ដោះស្រាយបញ្ហាយេនឌ័រ ការកាត់បន្ថយភាពក្រិសក្រិនរបស់កុមារ និងអន្តរាគមន៍ទាន់ពេលវេលា សម្រាប់កុមារមានការអភិវឌ្ឍយឺត និងមានពិការភាព ដោយចាប់ពីនៅក្នុងផ្ទៃម្ដាយ រហូតដល់អាយុក្រោម ៥ ឆ្នាំ។
គម្រោងអភិវឌ្ឍន៍កុមារតូច គឺជាកម្មវិធី ដែលមានលក្ខណៈអន្តរវិស័យ ដោយទទួលបានមូលនិធិគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលដឹកនាំអនុវត្ត ដោយវិទ្យាស្ថានស្រាវជ្រាវត្រីកោណ និងសហការជាមួយអង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen Keller Intl ) ព្រមទាំងអង្គការសេហ្វហេវិន ក្នុងគោលបំណងជួយដល់កុមារតូចកម្ពុជា ដើម្បីឱ្យមានការលូតលាស់ក្នុងផ្នែករាងកាយ បញ្ញា ការគិត ភាសា និងសង្គមអារម្មណ៍ ឱ្យបានល្អប្រសើរ៕