ភ្នំពេញៈ ប្រេងធញ្ញជាតិដូចជាប្រេងល្ង ប្រេងម្រេចនិងប្រេងសណ្ដែកដី ជាទូទៅត្រូវបានគេទទួលស្គាល់ថា ជាប្រភេទផលិតផលដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព ក៏ប៉ុន្តែផលិតផលទាំងនេះក៏ជាផលិតផលដែលពិបាកក្នុងការផលិតណាស់ពោលគឺការគាប ឬចម្រាញ់ ត្រូវមានអនាម័យនិងបច្ចេកទេសខ្ពស់។
ជាក់ស្ដែងនៅតាមផ្សារទំនើប ឬហាងនានា នៅកម្ពុជា ផលិតផលទាំងនេះភាគច្រើន សុទ្ធសឹងជាផលិតផលនាំចូលពីបរទេស ខណៈសិប្បកម្មខ្មែរដែលកែច្នៃផលិតផលប្រេងធញ្ញជាតិនេះ ចាប់ផ្ដើមមានតិចតួចប៉ុណ្ណោះនាប៉ុន្មានឆ្នាំចុងក្រោយ។ ១ក្នុងចំណោមប្រភេទអាជីវកម្មកម្រនៅកម្ពុជានេះសិប្បកម្មប្រេង ខេអេច ជាសិប្បកម្មដែលកែច្នៃវត្ថុធាតុដើមក្នុងស្រុក ទៅជាប្រេងធញ្ញជាតិសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
កញ្ញា សន ចាន់ថា ជាអ្នកចែកចាយផលិតផលមួយនេះនៅក្រុងភ្នំពេញ បានឱ្យដឹងថា គំនិតអាជីវកម្មនេះត្រូវបានពិភាក្សា និងស្រាវជ្រាវជាមួយកសិករ តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ក្រោមគោលគំនិតនៃការអភិវឌ្ឍសហគមន៍ និងក្នុងគោលដៅកែច្នៃគ្រាប់ធញ្ញជាតិក្នុងស្រុក ក៏ដូចជាការបង្កើនឱកាសទីផ្សារកសិផលរបស់ប្រជាកសិករ។ កញ្ញាបន្តថា ពេលនោះម៉ាស៊ីនគាបយកប្រេងធញ្ញជាតិតូចមួយត្រូវបានទិញដើម្បីអនុវត្តគម្រោងនេះតែម្ដង។
កញ្ញាចាន់ថា បានឱ្យដឹងថា៖ «បន្ទាប់មកសិប្បកម្មប្រេងខេអេច ក៏ទទួលបានឱកាសបណ្ដុះបណ្ដាល តាមរយៈគម្រោង DeveloPPP របស់អង្គការ GIZ Cambodia លើបច្ចេកទេសដែលគាបប្រេងធញ្ញជាតិ និងឱកាសបណ្ដុះបណ្ដាលដោយផ្ទាល់ នៅប្រទេសអាល្លឺម៉ង់ និងអូទ្រីស ដែលវាបានធ្វើឱ្យយើងឈានទៅរកការពង្រីកដៃគូនិងការផលិតដែលអាចបង្កើនការងារដល់កសិករ និងកម្មករនៅក្នុងសហគមន៍អំឡុងឆ្នាំ ២០២១»។
បច្ចុប្បន្នសិប្បកម្មនេះ មានផលិតផលប្រេងធញ្ញជាតិដូចជា ប្រេងល្ងខ្មៅ ប្រេងសណ្ដែកដី ប្រេងម្រេច និងប្រេងម្ទេស ហើយក៏គ្រោងនឹងផលិតផលិតផលប្រេងធញ្ញជាតិមួយចំនួនទៀត ដូចជាប្រេងផ្កាឈូករ័ត្ននៅពេលខាងមុខ។
ទាក់ទិននឹងការផលិតផលិតផលនេះកញ្ញាសន ចាន់ថា បានថ្លែងឱ្យដឹងថា ការផលិតប្រេងទាមទារឱ្យមានអនាម័យខ្ពស់និងបច្ចេកទេស។ ចំណែកឯគ្រាប់ធញ្ញជាតិ ត្រូវមានសំណើមល្អ មិនមានខ្មូតស៊ី និងត្រូវសម្អាតឱ្យបានស្អាតល្អ ហើយគាបគឺត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ដោយមិនឱ្យមានអ្វីធ្លាក់ចូលទៅជាមួយនោះទេ។ លើសពីនេះការរក្សាទុកគឺត្រូវតែនៅកន្លែងមានអនាម័យ និងត្រជាក់ ព្រមជាមួយការវេចខ្ចប់ឱ្យមានស្តង់ដា។
កញ្ញាបន្តថា សិប្បកម្មនេះក្នុង ១ ថ្ងៃ(៨ ម៉ោង) អាចផលិតប្រេងប្រមាណ ១០០ លីត្រ ហើយការផលិតត្រូវផលិតពីការគាបត្រជាក់ដោយម៉ាស៊ីនទំនើបនិងមិនប្រើប្រាស់កម្ដៅឡើយ ដូច្នេះ ប្រេងត្រជាក់រក្សាបាននូវសារធាតុចិញ្ចឹមដែលអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាព។
កញ្ញា ចាន់ថា ថ្លែងថា៖ «ការបង្កើតសិប្បកម្មនេះឡើងបានជួយរួមចំណែកផ្ដល់ការងារដល់ កសិករបន្ថែម បង្កើនគុណតម្លៃនៃកសិផលរបស់ពួកគាត់។ អ្វីដែលសំខាន់ទៀតនោះ វត្ថុធាតុដើមបានមកពីកសិករខ្មែរផ្ទាល់ដូចនេះប្រេងខេអេច ជាប្រេងសុទ្ធ ១០០% ហើយជាផលិតផលខ្មែរពិតៗ»។
ដ្បិតថា មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរហើយ ប៉ុន្តែកញ្ញា ចាន់ថា បានសំណូមពរឱ្យមានការគាំទ្រផលិតផលក្នុងស្រុកបន្តទៀតនិងការអនុគ្រោះផ្សេងៗដែលពាក់ព័ន្ធ។
កញ្ញាបញ្ជាក់ថា៖ «បច្ចុប្បន្ននេះ ផលិតផលខ្មែរនៅមានតម្លៃខ្ពស់ជាងផលិតផលនាំចូល ដោយសារទ្រង់ទ្រាយនៃការផលិតនៅតូច ហើយសម្ភារវេចខ្ចប់ ត្រូវតែនាំចូលហើយថ្លៃខ្ញុំសង្ឃឹមថា នៅថ្ងៃខាងមុខយើងអាចមានអ្នកផលិតសម្ភារវេចខ្ចប់នៅប្រទេសយើងតែម្ដង»៕