ភ្នំពេញ: វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាគ្រឹះស្ថានអប់រំដល់កុមារអូទីសឹម និងខ្សោយសតិបញ្ញាតែមួយគត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងចំណោមវិទ្យាល័យអប់រំពិសេសទាំង ៦ ដែលស្ថិតនៅវិទ្យាស្ថានជាតិអប់រំពិសេស។
ជាមួយការផ្ដល់ការអប់រំពិសេសដល់កុមារអូទីសឹម និងខ្សោយសតិបញ្ញាប្រមាណ ២០០ នាក់ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅមិនទាន់អាចឆ្លើយតបនឹងចំនួនទាំងនោះទេ ក្នុងពេលដែលកុមារអូទីសឹមទូទាំងប្រទេសមានប្រមាណ ២ ម៉ឺននាក់ ជាតួលេខប៉ាន់ប្រមាណពីការស្ទង់មតិរបស់លោក ចាន់ សារិន នាយកសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាអតីតប្រធានអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ (HHC) បានចងក្រងពីអង្គការពាក់ព័ន្ធដែលបានធ្វើនៅឆ្នាំ ២០១៩។
វិទ្យាល័យអប់រំពិសេសនៅកម្ពុជា មានចំនួន ៦ ដោយវិទ្យាល័យចំនួន ៥ ធ្វើការលើកុមារ ឬសិស្សគថ្លង់ និងពិការភ្នែក។ ដោយឡែកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅធ្វើការលើកុមារឬសិស្សអូទីសឹម និងពិការភាពសតិបញ្ញា ដែលស្របតាមទិសដៅរបស់ក្រសួងអប់រំ។
លោក ចាន់ សារិន នាយកសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានថ្លែងថា៖ «សាលាអូទីសឹម ជាគ្រឹះស្ថានរបស់រដ្ឋ មានតែមួយទេ។ ប៉ុន្ដែខ្ញុំជឿថា ក្រសួងនឹងពិចារណារៀបចំឱ្យមានទៅតាមដំណាក់កាលដើម្បីឆ្លើយតបនឹងសិស្សមានបញ្ហាអូទីសឹមនៅក្នុងរាជធានី ខេត្ដផ្សេងៗទៀត»។
វិទ្យាល័យអប់រំពិសេសទាំង ៦ ដែលផ្ដល់ការអប់រំដល់កុមារពិការគ្រប់ប្រភេទរួមមាន វិទ្យ-ល័យអប់រំពិសេសភ្នំពេញថ្មី (ភ្នំពេញ)វិទ្យាល័យអប់រំពិសេសច្បារអំពៅ (ភ្នំពេញ) វិទ្យាល័យអប់រំពិសេសកំពង់ចាម វិទ្យាល័យអប់រំពិសេសសៀមរាប វិទ្យាល័យអប់រំពិសេសបាត់ដំបងនិងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ (ខេត្ដកណ្តាល)។
យោងតាមការអង្កេតពាក់កណ្ដាលជំរឿនប្រជាជនឆ្នាំ ២០១៣ ក្រសួងផែនការបង្ហាញថា ជនពិការនៅកម្ពុជាមាន ២,១ ភាគរយស្មើនឹងប្រមាណ ៣០ ម៉ឺននាក់ ហើយ ៣៥ ភាគរយនៃចំនួននោះគឺជាជនពិការគំហើញ រួមមាន ពិការភ្នែកឬកម្សោយគំហើញ ពិការភាពជុំវិញការអភិវឌ្ឍ ការរៀនសូត្រ ដូចជា វិកលទស្សន៍ (dyslexia) និងអូទីសឹម ឬពិការកាយសម្បទា រួមទាំងជំងឺផាគីនសុន និងខ្វិនអវយវៈជាដើម។
ក្រៅពីវិទ្យាល័យអប់រំពិសេសរបស់រដ្ឋទាំង ៦ ប្រទេសកម្ពុជាមានគ្រឹះស្ថានអប់រំពិសេសឯកជនតែមួយគត់ គឺ King''s Kids School នៅរាជធានីភ្នំពេញ។ នេះបើយោងតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
ដោយមើលឃើញពីតម្រូវការនៃការអប់រំពិសេស ជាពិសេសកុមារអូទីសឹម និងខ្សោយសតិបញ្ញាក្នុងនាមជាអ្នកសម្របសម្រួលនៅសាលាអប់រំពិសេសនៃការលូតលាស់ (GSES) ក្រោមគម្រោងនៃការផ្ដល់មូលនិធិពីសហគមន៍កាតូលិក អ្នកស្រី ភោគ ម៉ានី ចង់ចូលរួមបណ្ដុះបណ្ដាលដល់គ្រូបង្រៀននៅសាលាមួយចំនួនដើម្បីឱ្យពួកគេជួយអន្ដរាគមន៍កុមារពីវ័យក្មេង។
អ្នកផ្ដួចផ្ដើមបង្កើតសាលាកុមារអូទីសឹមដែលផ្ដល់ការអប់រំកុមារប្រមាណ ២០០ នាក់នាពេលបច្ចុប្បន្នរូបនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «យើងបានជួបនាយកសាលាចៅពញាហុក ហើយអ្វីដែលសំខាន់ក្នុងការរៀបចំសិក្ខាសាលានេះគឺផ្ដោតលើថ្នាក់មត្ដេយ្យ និងបឋមសិក្សា។ យើងចង់ផ្ដោតមុនគឺលើសាលានៅបរិវេណសាលាសន្សំកុសល ដំបូកខ្ពស់ ភូមិ ៦ បឹងត្របែក និងចៅពញាហុក។ សិក្ខាសាលានេះ យើងព្យាយាមឱ្យអស់ពីសមត្ថភាពគឺ ១ ថ្ងៃពេញ»។
លោក សុវាចា បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតវិទ្យាស្ថានជាតិអប់រំពិសេសដែលមានដេប៉ាតឺម៉ង់ពិការសតិបញ្ញា និងអូទីសឹមដែលកំពុងរៀបចំកម្មវិធីសម្រាប់បណ្តុះបណ្តាលគ្រូបន្ថែមដើម្បីឆ្លើយតបនឹងតម្រូវការសិក្សា។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «បន្ថែមពីនេះ នាយកដ្ឋានអប់រំពិសេសនៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយសម្រាប់អប់រំបរិយាប័ន្ន និងមានផែនការសកម្មភាព ២០១៩-២០២៣ សម្រាប់ការអប់រំបរិយាប័ន្នផ្តោតលើការលើកកម្ពស់ការអប់រំកុមារមានពិការសតិបញ្ញា និងអូទីសឹម»។
លោក សុវាចា បានបន្ដថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តពង្រីកវិសាលភាពការអប់រំពិសេសទៅតាមលទ្ធភាព និងធនធានជាក់ស្តែងស្របតាមតម្រូវការសិក្សាដោយបន្ស៊ីទៅនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និងគោលនយោបាយក្រសួង។
ជាការរួមចំណែកបង្កើនលទ្ធភាពផ្ដល់ការអប់រំពិសេសដល់កុមារមានពិការភាពផ្សេងៗ លោក សារិន នាយកសាលាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅបានឱ្យដឹងថា សម្រាប់អនាគត ដោយត្រូវមានការស្នើសុំគោលការណ៍ក្រសួង លោកមានបំណងបើកថ្នាក់អូទីសឹមនៅតាមវិទ្យាល័យអប់រំពិសេសទាំង ៥។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ឯកឧត្ដមព្រឹទ្ធាចារ្យ ហង់ ជួន ណារ៉ុន បានគិតគូរយ៉ាងខ្លាំងទៅលើសិស្ស ដែលមានតម្រូវការពិសេសនេះ ជាពិសេស កុមារអូទីសឹម និងកុមារភាពសតិបញ្ញា។ ដូច្នេះ ខ្ញុំមានសុទិដ្ឋិនិយមឱ្យតែវិទ្យាស្ថានជាតិអប់រំពិសេស លើកសំណើនេះដោយបង្កើតឱ្យមានថ្នាក់អប់រំពិសេសបន្ថែមសម្រាប់កុមារអូទីសឹម និងសតិបញ្ញានៅក្នុងវិទ្យាល័យទាំង ៥ ខាងលើ»។
លោក សារិន បានលើកឡើងថា ទន្ទឹមនឹងនេះ វិទ្យាល័យអប់រំពិសេសនៅក្រុងតាខ្មៅ ក៏អាចទទួលសិស្សពិការភ្នែក និងគថ្លង់ផងដែរ នាពេលអនាគត។ លោកជឿជាក់ថា ក្រសួងនឹងពិចារណាដោយផ្ដោតលើគោលនយោបាយបរិយាប័ន្ន។
លោកបាននិយាយថា គោលនយោបាយបរិយាប័ន្នរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡាអនុម័ត កាលពីខែមិថុនា ឆ្នាំ ២០១៨ មានចក្ខុវិស័យអភិវឌ្ឍន៍លើជនដែលមានតម្រូវការពិសេសគ្រប់រូបទទួលបានការអប់រំពេញលេញ ១ ជីវិតប្រកបដោយគុណភាព និងបរិយាប័ន្ន។
គោលបំណងរបស់គោលនយោបាយគឺបណ្ដុះការអប់រំដល់ជនដែលមានសេចក្ដីត្រូវការពិសេសឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញដើម្បីចូលរួមអភិវឌ្ឍជាតិ។ អ្នកនាំពាក្យក្រសួងអប់រំ លោក សុវាចា បានលើកឡើងថា វិទ្យាស្ថានជាតិអប់រំពិសេស ដើរតួនាទីផ្តល់ការបណ្តុះបណ្តាល និងវិក្រឹតការជូនគ្រូអប់រំពិសេស។
លោកបានឱ្យដឹងថា៖ «វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ចូលរួមលើកកម្ពស់ការអប់រំពិសេសដោយចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលមានកូនមានពិការភាពដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីការអប់រំឆ្នាំ ២០៣០ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣»។
លោកបានបញ្ជាក់ថា ក្រសួងអនុវត្ដតាមគោលនយោបាយ ២ គឺធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញ ១ ជីវិតសម្រាប់ទាំងអស់គ្នា ហើយក៏ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕