ភ្នំពេញៈក្រសួងបរិស្ថាន និងអង្គការដៃគូ រួមជាមួយវិស័យឯកជនបានប្រកាសបើកជាផ្លូវការនូវវេទិកាជាតិប្លាស្ទិកលើកទី៣ ក្រោមប្រធានបទ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា» ខណៈដែលអ្នកធ្វើការលើបរិស្ថាន ចង់ឱ្យក្រសួងត្រូវដំឡើងពន្ធលើប្លាស្ទិក។
យោងតាមក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា វេទិកាជាតិប្លាស្ទិកលើកទី៣ ត្រូវបានប្រកាសបើកជាផ្លូវការ នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី៣ ខែមេសា ដែលកម្មវត្ថុចម្បងនៃវេទិកានេះគឺដើម្បីផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ក៏ដូចជាការបង្ហាញពីគំនិតផ្តួចផ្តើមលើកកម្ពស់ការយល់ដឹងប្រកបដោយភាពច្នៃប្រឌិតនានា ព្រមទាំងផ្សព្វផ្សាយអាជីវកម្មវិលជុំប្រកបដោយភាពច្នៃប្រឌិត ដែលចូលរួមដល់ការដោះស្រាយការបំពុលដោយប្លាស្ទិក។
វេទិកានេះ ក៏មានការតាំងពិព័រណ៍ពីផលិតផលដែលច្នៃពីប្លាស្ទិក ការសម្តែងអប់រំអំពីប្លាស្ទិក ដូចជា ការបង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃពីប្លាស្ទិក ការសម្តែងល្ខោនស្បែកតូច ការសម្តែងចម្រៀងចាប៉ីដងវែង ការសម្តែងរឿងអប់រំពីប្លាស្ទិក ការបង្ហាញពីសកម្មភាពនិងបទពិសោធន៍នានា ក្នុងការកាត់បន្ថយប្លាស្ទិក ការផលិតសម្ភារពីប្លាស្ទិក និងការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា។
នាឱកាសបើកវេទិកានោះ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជួប ប៉ារីស៍ បានថ្លែងថា កិច្ចគាំពារបរិស្ថាន ក៏ដូចជាការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា ក្រសួងបរិស្ថាន មិនអាចធ្វើទៅបានដោយម្នាក់ឯងនោះទេ គឺទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
លោក ជួប ប៉ារីស៍ ថ្លែងថា៖ «សុំស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាយុវជន ជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ បន្តកិច្ចគាំទ្រសហការជាមួយក្រសួងបរិស្ថានបន្តទៀត ក្នុងការអនុវត្តកិច្ចការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជាឱ្យកាន់តែប្រសិទ្ធភាពថែមទៀត»។
លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានថ្លែងក្នុងវេទិកានេះដែរថា បញ្ហាប្លាស្ទិក នៅតែបន្តកើនឡើង ហើយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ការផលិតប្លាស្ទិកក្នុង ១ ឆ្នាំមានប្រមាណ ៤០០ លានតោន។
លោកបានបន្តថា ក្រសួងបរិស្ថាន ក៏បានឱ្យដឹងថា ក្នុង ១ ថ្ងៃមានប្លាស្ទិកប្រមាណ ១០ ០០០ តោនត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា ស្របពេល ដែលរដ្ឋាភិបាលក៏បានអនុវត្តគំនិតផ្ដួចផ្ដើមមួយចំនួនរួចហើយ ដើម្បីដោះស្រាយបញ្ហាសំណល់ប្លាស្ទិកនេះ។
លោក Stefan Messerer បានថ្លែងថា៖ «ផ្នែកមួយនៃបញ្ហាប្រឈម គឺទាក់ទងនឹងតម្រូវការសម្រាប់មនុស្ស និងអាជីវកម្មឱ្យមានការយល់ដឹងបន្ថែមទៀតពីការកាត់បន្ថយ និងការកែច្នៃប្លាស្ទិកឡើងវិញ។ អាល្លឺម៉ង់ និងកម្ពុជា ជាដៃគូយូរអង្វែងក្នុងការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកបានបន្តថា ប្រទេសទាំង២ បានសន្យាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដែលជាការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង បានថ្លែងនៅថ្ងៃទី៤ ខែមេសា ថា បើទោះបីជាក្រសួងបរិស្ថាន បានខិតខំធ្វើការច្រើនទៅលើបញ្ហាប្លាស្ទិកជាមួយដៃគូពាក់ព័ន្ធក៏ដោយ ប៉ុន្តែចំពោះចំណាត់ការទូទៅដែលមានសម្រាប់បញ្ហាប្លាស្ទិកនេះ វាហាក់បីដូចជាមិនទាន់មានប្រសិទ្ធភាពនៅឡើយ ព្រោះមិនទាន់ឃើញមានយន្តការណាមួយរបស់ស្ថាប័នរដ្ឋ ដែលធ្វើការពាក់ព័ន្ធនឹងប្លាស្ទិក បានធ្វើការលើកទឹកចិត្តឱ្យមានការវិនិយោគដោយធ្វើការកែច្នៃបន្ថែមទៅលើបញ្ហាប្លាស្ទិក ហើយគោលនយោបាយកំណត់ថ្លៃប្លាស្ទិក ឬកំណត់ដំឡើងពន្ធប្លាស្ទិកនេះ នៅមានកម្រិតតិចតួចនៅឡើយ។
លោក ហេង គឹមហុង បានបន្ថែមថា មូលហេតុ ១ ទៀតគឺ គឺការជំរុញឱ្យមានការប្រកួតប្រជែងទីផ្សាររបស់សិប្បកម្មដែលកែច្នៃប្លាស្ទិករបស់សិប្បកម្ម ដើម្បីកុំឱ្យនិយាយតែពីបញ្ហាកាត់បន្ថយប្លាស្ទិក កាត់បន្ថយការបំពុលប្លាស្ទិក ប៉ុន្តែការប្រើប្រាស់ប្លាស្ទិក គឺវាកាន់តែទូលាយទៅៗ ហើយចំណែកអ្នកប្រើប្រាស់សម្ភារកែច្នៃឡើងវិញ ក៏កាន់តែមានកម្រិតទៅផងដែរ។
លោក ហេង គឹមហុង បានថ្លែងថា៖ «ដូច្នេះបញ្ហាទាំងអស់នេះ ដែលរាជរដ្ឋាភិបាល ពិសេសក្រសួងបរិស្ថាន និងស្ថាប័នជំនាញ គួរតែពិចារណាក្នុងការជំរុញបង្កើនតម្លៃប្លាស្ទិកនៅលើទីផ្សារ និងបញ្ឈប់ការចែកចាយប្លាស្ទិកដោយឥតគិតថ្លៃ ដើម្បីដាក់កាតព្វកិច្ចឱ្យប្រជាពលរដ្ឋទាំងអស់ បានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទើបមានប្រសិទ្ធភាព»។
សូមបញ្ជាក់ថា វេទិកាជាតិប្លាស្ទិកលើកទី១ ត្រូវបានធ្វើឡើងក្នុងឆ្នាំ២០១៩ ក្រោមប្រធានបទ «សកម្មភាពទប់ស្កាត់សំណល់ប្លាស្ទិកនៅកម្ពុជា»។ វេទិកាជាតិប្លាស្ទិកលើកទី២ នៅក្នុងឆ្នាំ២០២១ ក្រោមប្រធានបទ «សកម្មភាពអាទិភាពក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិកនៅកម្ពុជា» និងលើកទី៣ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅកម្ពុជា»៕