ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជំរុញឱ្យមន្ត្រីក្រោមឱវាទក្រសួងព័ត៌មានប្រឹងប្រែងរួមគ្នាផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិសំខាន់ៗនាពេលខាងមុខឱ្យមានគុណភាព ស្របពេលដែលនៅឆ្នាំនេះ កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូងជាប្រវត្តិសាស្ត្រ ហើយក៏ជាឆ្នាំដែលត្រូវបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្ដិទី៧ផងដែរ។
ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ខាងលើនេះធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ២០១៨-២០២២ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៣-២០២៨ របស់ក្រសួងព័ត៌មាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំធំថ្មីរបស់ក្រសួងព័ត៌មានលោក។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ វិស័យព័ត៌មាន និងសោតទស្សន៍ មានការរីកចម្រើនជាលំដាប់ជាពិសេសការផ្សព្វផ្សាយមានវិសាលភាពគ្របដណ្តប់ទូទាំងប្រទេសនិងលើសកលលោក។ទោះបីជាក្រសួងសម្រេចបានលទ្ធផលសំខាន់ៗក្ដី ប៉ុន្តែក្រសួងព័ត៌មាននៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តការងារដូចជា ទំហំការងារមានការ កើនឡើងជាបន្តបន្ទាប់ ប៉ុន្តែលទ្ធភាពហិរញ្ញវត្ថុ ធនធានមនុស្ស និងសម្ភារបរិក្ខារបច្ចេកទេស និងមធ្យោបាយបំពេញការងារ នៅមានកម្រិត ដែលមិនអាចឆ្លើយតបបានគ្រប់គ្រាន់តាមតម្រូវការ ការងារជាក់ស្ដែង។
លោកបញ្ជាក់ថា៖«ទន្ទឹមនឹងបញ្ហាប្រឈមនេះផងដែរយើងក៏នៅមានបញ្ហាសំខាន់ៗចំពោះមុខមួយចំនួនដែលត្រូវការខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់លើព្រឹត្តិការណ៍ចំពោះមុខរួមមានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក ទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការបោះឆ្នោតជាតិ និងបុណ្យជាតិសំខាន់ៗដទៃទៀត»។
លោកបន្តថា ក្រសួងព័ត៌មានសម្រេចបាននូវការកំណែទម្រង់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដូចជាការបង្កើតយន្តការផ្លូវច្បាប់និងក្រុមការងារមេធាវីក្រសួងព័ត៌មានដើម្បីផ្តល់ប្រឹក្សាផ្លូវច្បាប់ដោយបានប្រឹក្សាផ្លូវច្បាប់ចំនួន៣០ករណី។ចំពោះការពង្រឹងគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ ក្រសួងព័ត៌មានបានធ្វើប្រតិភូកម្មអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាលើវិស័យព័ត៌មាន និងសោតទស្សន៍ ២៣សេវា។
លោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងថា កម្ពុជាពិតជាមានការរីកចម្រើនលើវិស័យសារព័ត៌មាននិងសោតទស្សន៍ពិតប្រាកដមែន។ប៉ុន្តែអ្វីដែលជាបញ្ហាចោទគឺវិសាលភាពនិងគុណភាពនៃការផ្សព្វផ្សាយនៅមានកម្រិត ដែលទាមទារឱ្យមានការបណ្តុះបណ្តាលបន្ថែមទៀត។
លោកបន្តថាកាបណ្តុះបណ្តាលឱ្យមានគុណភាពបន្ថែមទៀតលើវិស័យសារព័ត៌មានគឺដើម្បីផ្តល់ផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិទាំងមូលព្រោះវិស័យនេះមានសារៈសំខាន់និងចាំបាច់បំផុតក្នុងការផ្តល់ព័ត៌មាននិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការចូលរួមពីវិស័យឯកជន និងវិស័យរដ្ឋាភិបាល។
បើតាមក្រសួងព័ត៌មាន គិតត្រឹមឆ្នាំ២០២២ នៅកម្ពុជាមានអង្គភាពសារព័ត៌មានជិត២ ២០០ ហើយក្រសួងបានចេញបណ្ណព័ត៌មានជូនអ្នកសារព័ត៌មានជាង ៦ ០០០នាក់ដែលនេះមិនទាន់គិតបញ្ចូលជាមួយអ្នកសារព័ត៌មានផ្សេងទៀតដែលអង្គភាពសាមីបានចេញបណ្ណដោយផ្ទាល់ផង៕