ហាណូយ-វៀតណាមៈ កម្ពុជា និងវៀតណាម ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំង២ កាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើឱ្យប្រសើរឡើងលើការអភិវឌ្ឍធនធានមនុស្ស, មុខរបរ និងការងារ, និងកិច្ចគាំពារសង្គមជាដើម។
ការឯកភាពនេះ កើតចេញពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក DAO NGUC DUNG រដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច នៃសាធាណរដ្ឋសង្គមនិយមវៀតណាម នៅ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
លោក អុិត សំហេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសចំណងមិត្តភាពការទូតរយៈពេល៥៥ឆ្នាំនៃប្រទេសទាំង២ ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាដ៏យូរអង្វែងលើគ្រប់វិស័យរួមមាន ឧស្សាហកម្ម, អប់រំ និងបណ្តុះបណ្តាល, កសិកម្ម, សេវាកម្ម និងទេសចរណ៍ជាដើម ដែលប្រទេស និងប្រជាជនទាំង២ ទទួលបានផ្លែផ្ការៀងៗខ្លួនពីកិច្ចសហប្រតិបត្តិការនេះ។
លោកបន្តថា ការគ្រប់គ្រងកម្លាំងពលកម្មបរទេសនៅកម្ពុជា គឺកម្ពុជាបានអនុវត្តនូវគោលនយោបាយជនបរទេសដោយស្មើភាពគ្នាលើគ្រប់ជនជាតិ ដែលមកធ្វើការស្របច្បាប់នៅកម្ពុជា រួមទាំងជនជាតិវៀតណាមផងដែរ។ មួយវិញទៀត ក៏អរគុណដល់ភាគីវៀតណាម ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាច្រើនបានសិក្សារៀនសូត្រនាពេលកន្លងមក និងពេលបច្ចុប្បន្ន ហើយគ្រឹះស្ថានបណ្តុះបណ្តាលរបស់ប្រទេសទាំង២ក៏បានចុះកិច្ចសហការជាមួយគ្នាជាបន្តបន្ទាប់។
លោក DAO NGUC DUNG បានអរគុណដល់ក្រសួងការងារកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់ជនបរទេស ដែលកំពុងធ្វើការនៅកម្ពុជា ក៏ដូចជាជនជាតិរវៀតណាម ដោយគ្រប់គ្រងបានយ៉ាងល្អស្របតាមច្បាប់របស់កម្ពុជា។ លោកថា ភាគីវៀតណាមនឹងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា, ការចែករំលែកបទពិសោធន៍ល្អៗ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា តាមរយៈលទ្ធផលនៃជំនួបពិភាក្សានេះ ភាគីទាំង២បានឯកភាពគ្នាលើចំណុចមួយចំនួនរួមមាន គាំទ្រ និងជំរុញការវិនិយោគ១បូកក្នុងប្រទេសទាំង២ (បើវិនិយោគនៅវៀតណាម ឱ្យមានវិនិយោគនៅកម្ពុជា ,បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំង២។
ក្រសួងបន្តថា ភាគីទាំង២និង សិក្សារៀបចំបង្កើតសាលាបណ្តុះបណ្តាលនៅតាមព្រំដែនរវាងប្រទេសទាំង២, ផ្លាស់ប្តូរទស្សនកិច្ចរវាងថា្នក់ដឹកនាំ មន្ត្រីជំនាញ គ្រូបច្ចេកទេស និងនិស្សិតរវាងប្រទេសទាំង២ជាដើម និង គាំទ្រឱ្យមានការចូលរួមប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំង២ ឱ្យក្លាយជាព្រំដែនមានសន្តិសុខ សុវត្ថិភាពសម្រាប់ប្រជាជនទាំងសងខាង៕