ភ្នំពេញៈ ដីព្រៃក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមជនខិលខូចលួចរុករានកាប់បំផ្លាញ ឈូសឆាយ និងហ៊ុមព័ន្ធយកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់អស់រាប់រយហិកតា។ នេះបើតាមការប្រាប់ឱ្យដឹងពីក្រុមយុវជនបៃតងវ៉ររៀរស៍ (Baitong Warriors) ។
លោក តាន់ គឹមសួរ ប្រធានក្រុមយុវជនបៃតងវ៉ររៀរស៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា បទល្មើសកាប់រាន ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កំពុងមានការផ្ទុះកក្រើកឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេស បទល្មើសឡដុតធ្យូង។
លោកបានបញ្ជាក់ថា៖«ថ្មីៗនេះ ក្រុមការងារយើងខ្ញុំ បានសហការជាមួយក្រុមមន្ត្រីឧទ្យានុរក្សនៃតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ចុះល្បាតស្រាវជ្រាវបទល្មើសធនធានធម្មជាតិ ហើយរកឃើញមានទីតាំងដីព្រៃជាច្រើនកន្លែងត្រូវបានជនខិលខូចលួចចូលកាប់រាន ឈូសឆាយ និងហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់ សរុបប្រមាណ៧០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រច្រកអេក ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ»។
បើតាមលោក តាន់ គឹមសួរ ក្រៅពីការកាប់រាន ឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃ ដោយគ្មានការអនុញ្ញាត ក្រុមការងារយុវជនបៃតងវ៉ររៀរស៍ ក៏បានរកឃើញមានការសង់សំណង់មួយចំនួននៅលើដីព្រៃរបស់រដ្ឋផងដែរ ជាពិសេស ការលួចសង់រោង និងឡដុតធ្យូងអនាធិបតេយ្យអត់ច្បាប់ចំនួនរាប់រយ ដែលឡដុតធ្យូងទាំងនោះជាផ្នែកមួយនៃបទល្មើសកាប់បំផ្លាញធនធានព្រៃឈើនៅក្នុងតំបន់នេះ។ លោកបានបន្តថា៖«សូម្បីតែនៅលើទីតាំងដីនៅចំណុចអូរច្រាំងអុងទំហំ៤១៣ហិកតា ដែលអាជ្ញាធរខេត្តបានដកហូតពីបុគ្គលឈ្មោះ យូ ស៊ីថាត នាពេលកន្លងមក ក៏មានការសង់សំណង់ផ្ទះលម្ហែជារបៀបរីសតផងដែរ»។
លោកបានប្រាប់ឱ្យដឹងទៀតថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ លោកបានធ្វើលិខិតស្នើសុំទៅក្រសួងបរិស្ថានជួយអន្តរាគមន៍បញ្ជូនមន្ត្រីឧទ្យានុរក្ស និងក្រុមការងារបច្ចេកទេស ចុះមកពិនិត្យតំបន់ដែលមានសកម្មភាពរំលោភបំពាននេះដើម្បីចាត់វិធានការប្រឆាំងទៅនឹងសកម្មភាពល្មើសច្បាប់របស់ជនខិលខូចទាំងនោះ។
ជុំវិញករណីនេះ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកបានបញ្ជូនមន្ត្រីឧទ្យានុរក្ស ចុះសហការជាមួយក្រុមយុវជនបៃតងវ៉ររៀរស៍ ទៅពិនិត្យអង្កេតលើទីតាំងដែលបានរកឃើញថាមានបទលើ្មសនោះ ដើម្បីវាស់វែងកំណត់និយាមការឱ្យបានច្បាស់លាស់ ជាប្រយោជន៍នៅក្នុងការរៀបចំសំណុំឯកសារតាមនីតិវិធី ដើម្បីដកហូតយកដីព្រៃរដ្ឋពីក្រុមជនប្រពឹត្តបទល្មើសទាំងនោះត្រឡប់មកវិញ។
លោកម៉ាក់ធារី បញ្ជាក់ថា៖«នៅពេលនេះ ក្រុមមន្ត្រីយើងកំពុងធ្វើកិច្ចការងារនេះយ៉ាងសកម្ម ដើម្បីរឹបអូសយកដីព្រៃរដ្ឋ ត្រឡប់មកវិញតាមនីតិវិធី»។ លោកបានបន្តថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបង្ក្រាប រឹបអូសដីព្រៃរបស់រដ្ឋពីក្រុមជនឱកាសនិយមត្រឡប់មកវិញបានចំនួនជាង១ម៉ឺនហិកតា និងបានកសាងសំណុំរឿងចាប់ជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ បញ្ជូនទៅតុលាការផ្តន្ទាទោសដាក់ពន្ធនាគារសរុបចំនួន៣៥នាក់៕