ភ្នំពេញៈ ក្រសួងមុខងារសាធារណៈ ណែនាំក្រសួង-ស្ថាប័ន ត្រូវរៀបចំសំណើសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មី មកក្រសួងមុខងារសាធារណៈ ដើម្បីសម្រួលដំណើរការគ្រប់គ្រង ការបោះពុម្ព និងផ្តល់អត្តសញ្ញាណប័ណ្ណប្រភេទថ្មី ហើយអត្តសញ្ញាណប័ណ្ណថ្មីនេះមានមុខងារជាបណ្ណអេធីអឹមអាចដកប្រាក់បាន។
ការណែនាំនេះធ្វើឡើងតាមរយៈសេចក្តីណែនាំបំពេញបន្ថែមស្តីពីបែបបទ នីតិវិធី សម្រាប់ការគ្រប់គ្រង ការបោះពុម្ព ការកំណត់សុពលភាព និងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ដើម្បីសម្រួលដំណើរការនៃការផ្តល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។
សេចក្តីណែនាំដដែលបានបន្តថា៖ «ក្រសួង ស្ថាប័ន ត្រូវរៀបចំសំណើសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល សម្រាប់មន្ត្រីរាជការស៊ីវិលក្របខ័ណ្ឌថ្មីភ្ជាប់ជាមួយសំណើសុំអត្តលេខ ដោយត្រូវភ្ជាប់មកជាមួយនូវចំនួនអង្គភាព ចំនួនមន្ត្រី បញ្ជីឈ្មោះមន្ត្រី និងទិន្នន័យចាំបាច់ដទៃទៀតដែលក្រសួង ស្ថាប័នសាមីបានបញ្ចូលទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យានៃក្រសួងមុខងារសាធារណៈ»។
ប្រភពដដែលបន្តថា សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ និងអង្គភាពនៅថ្នាក់ក្រោមជាតិ ត្រូវរៀបចំសំណើសុំអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល សម្រាប់មន្ត្រីរាជការក្របខ័ណ្ឌថ្មី គឺត្រូវអនុវត្តដូចគ្នាដែលបានរៀបរាប់មកនេះ។ ក្រោយពីទទួលបានសំណើពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ និងអង្គភាពនៅថ្នាក់ក្រោមជាតិ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ត្រូវពិនិត្យលើសំណើទិន្នន័យ និងឯកសារពាក់ព័ន្ធ រួចបញ្ជូនមកក្រសួងមុខងារសាធារណៈ ដើម្បីស្នើសុំការពិនិត្យសម្រេច។
ប្រភពដដែលថ្លែងថា បន្ទាប់ពីបានពិនិត្យ និងផ្ទៀងផ្ទាត់បណ្ណដែលបានបោះពុម្ពរួច ធនាគារត្រូវទំនាក់ទំនងទៅម្ចាស់បណ្ណ ដើម្បីមកទទួលយកបណ្ណ និងដាក់ឱ្យដំណើរការបណ្ណ នៅសាខាធនាគារណាមួយដែលនៅជិតបំផុត។ ធនាគារត្រូវផ្ដល់បញ្ជីឈ្មោះមន្ត្រី អត្តលេខ និងលេខបណ្ណរបស់មន្ត្រីដែលបានទទួលបណ្ណ និងដាក់ឱ្យដំណើរការរួចជារៀងរាល់ខែ មកក្រសួងមុខងារសាធារណៈដើម្បីរក្សាទុកជាឯកសារ។
ពាក់ព័ន្ធការបោះពុម្ពបណ្ណឡើងវិញ ក្រសួងមុខងារសាធារណៈ បញ្ជាក់ថា៖ «ក្នុងករណីមានការបាត់បង់ ខូច ឬការផ្លាស់ប្តូរទិន្នន័យព័ត៌មានចាំបាច់របស់មន្ត្រីរាជការស៊ីវិល ឬករណីក្រសួងមុខងារសាធារណៈពិនិត្យឃើញថា មានការខុសទិន្នន័យជាលក្ខណៈបច្ចេកទេស (ឧទាហរណ៍៖ គោត្តនាម និងនាម ជា អក្សរខ្មែរ ឬ/និងឡាតាំង ភេទ ថ្ងៃខែឆ្នាំកំណើត រូបថត អត្តលេខមន្ត្រីរាជការ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្ន គណនីបៀវត្សរ៍ និងឈ្មោះក្រសួង ស្ថាប័ន។ល។) មន្ត្រីម្ចាស់បណ្ណត្រូវស្នើសុំធ្វើការកែតម្រូវ និងបោះពុម្ព ឡើងវិញតាមរយៈសាមីអង្គភាព»។
ក្រោយពេលទទួលបានពាក្យស្នើសុំ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរ និងអង្គភាពនៅថ្នាក់ក្រោមជាតិ ត្រូវរៀបចំបែបបទនៃការស្នើសុំមកក្រសួងមុខងារសាធារណៈដើម្បីបន្តនីតិវិធី។
លោក យឿន សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិនៃក្រសួងមុខងារសាធារណៈ មិនអាចសុំការអត្ថាធិប្បាយបន្ថែមទេនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣។
ប៉ុន្តែប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍នៃអគ្គនាយកដ្ឋានផែនការស្ថិតិ និងគ្រប់គ្រងមន្ត្រីរាជការស៊ីវិលតាមប្រព័ន្ធព័ត៌មានវិទ្យានៃក្រសួងមុខងារសាធារណៈ លោក ងន់ ម័រ ធ្លាប់ប្រាប់ថា បច្ចុប្បន្នក្រសួងកំពុងធ្វើទំនើបកម្មបណ្ណមន្ត្រីរាជការដើម្បីឱ្យមានប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល។
លោកបន្តថា ជាពិសេសប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដូចជាបានដាក់ឱ្យដំណើរការនូវ App មួយកាលពីដើមខែមីនា ឆ្នាំ ២០២៣ ដែលអនុញ្ញាតឱ្យមន្ត្រីរាជការ អាចប្រើប្រាស់ជាមធ្យោបាយសម្រាប់ត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនបាន រួមមាន ព័ត៌មានទាក់ទងនឹងប្រវត្តិរូប ប្រវត្តិការងារ មុខតំណែង ប្រភេទក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ប្រាក់បៀវត្សរ៍ រួមទាំងទិន្នន័យ និងព័ត៌មានសំខាន់ដទៃទៀត។
កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដែលបណ្ណថ្មីនេះប្រើប្រាស់ជាបណ្ណសម្គាល់ខ្លួនផង ជាបណ្ណអេធីអឹមសម្រាប់ដកប្រាក់បៀវត្សរ៍ ពីធនាគារដែលមានដៃគូសហការចំនួន៣ រួមមាន ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារវីងជាដើម៕