ព្រះសីហនុៈ ក្រសួងយុត្តិធម៌បើកកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ៣ ថ្ងៃ ស្ដីពីសំណុំរឿងជួញដូរមនុស្ស ទៅដល់ព្រះរាជអាជ្ញាចៅក្រមស៊ើបសួរ និងមន្ត្រីអនុវត្តច្បាប់ដទៃទៀត ក្នុងគោលបំណងផ្ដល់ចំណេះដឹងដើម្បីការពារជនរងគ្រោះ និងជំនាញទំនាក់ទំនងរវាងជនរងគ្រោះ និងព្រះរាជអាជ្ញាមុនសវនាការ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ៤ ខែមេសា។
កម្មវិធីបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ៦ ខែមេសា នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមកិច្ចសហការពីបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា និងកម្មវិធីអាស៊ាន អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សប្រចាំកម្ពុជា (ASEAN-ACT)។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹង និងជំនាញសំខាន់ៗ ពាក់ព័ន្ធនឹងការចូលរួមរបស់ជនរងគ្រោះ ធ្វើជាសាក្សីក្នុងកិច្ចការពារជនរងគ្រោះជាសាក្សី និងទំនាក់ទំនងរវាងជនរងគ្រោះ និងព្រះរាជអាជ្ញាមុនសវនាការ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងថា ជាគោលដៅរបស់ក្រសួងគឺយកការអភិវឌ្ឍធនធានមនុស្សនេះជារឿងអាទិភាព ដើម្បីជំរុញទៅដល់ មន្ត្រីអនុវត្តច្បាប់ឱ្យធ្វើការប្រកបដោយប្រសិទ្ធភាព។ ក្រៅពីការជួញដូរមនុស្ស ក្រសួងយុត្តិធម៌ក៏បើកបណ្ដុះបណ្ដាលកម្មវិធីផ្សេងទៀតជាច្រើនដោយរៀបចំជាប្រចាំ សម្រាប់មន្ត្រីអនុវត្តច្បាប់ ដោយសារសង្គមមានការវិវឌ្ឍ និងមានការរីកចម្រើនជាប់ជាប្រចាំ។
លោក ជិន ម៉ាលីន ថា៖« អ៊ីចឹងការដុសខាត់ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ក៏ត្រូវធ្វើជាប់ជាប្រចាំផងដែរ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គម»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានកត់សម្គាល់ថា ករណីការជួញដូរមនុស្ស មានបញ្ហាចម្បង ២ ចំណុចដែលកាលពីមុន ករណីជួញដូរមនុស្សបានកើតឡើងតែទៅលើប្រជាពលរដ្ឋកម្ពុជាទេ ដែលត្រូវបានជនល្មើសធ្វើការជួញដូរកម្លាំងពលកម្ម ជួញដូរផ្លូវភេទ ទៅក្រៅប្រទេសជាដើម តាមរយៈរូបភាពផ្សេងៗដូចជា៖ តាមរយៈមេខ្យល់ឆបោក តាមរយៈការរៀបអាពាហ៍ពិពាហ៍ជាដើម។ ប៉ុន្តែឥឡូវនេះ លោកមើលឃើញរូបភាពថ្មីមួយទៀត គឺការជួញដូរកម្លាំងពលកម្មបរទេសដែលចូលមកធ្វើកិច្ចការងារនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមក្រុមហ៊ុនល្បែងអនឡាញមួយចំនួន ដែលមានការបង្ក្រាបពីក្រសួងមហាផ្ទៃបានជាច្រើនករណី។
លោក សឹង សែនករុណា ថា៖ «អ៊ីចឹងអាហ្នឹង គឺជាអ្វីដែលខ្ញុំមានការកត់សម្គាល់ ក៏ប៉ុន្តែកិច្ចការងារដែលសំខាន់បំផុតនោះគឺយើងចង់ឃើញសមត្ថកិច្ចដែលអនុវត្តច្បាប់ តួនាទីរបស់ក្រុមអ្នកអនុវត្តច្បាប់ ដែលគួរតែប្រកាន់នូវជំហរ និងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ហើយនិងមានប្រសិទ្ធភាព អានោះគឺជាអ្វីដែលអាចទប់ស្កាត់ករណីជួញដូរមនុស្សឱ្យបានប្រសើរជាងមុន»។
ក្រសួងយុត្តិធម៌លើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលលើកនេះ មានការចូលរួមពីសំណាក់លោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងរួមទាំងក្រុមគ្រូបង្គោលនៃកម្មវិធីជំនាញអាស៊ានស្តីពីការជួញដូរមនុស្ស ព្រមទាំងចៅក្រម ព្រះរាជអាជ្ញារងតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត កែប ព្រះសីហនុ និងខេត្តកោះកុង៕