ភ្នំពេញៈ កម្ពុជា និងអូស្ត្រាលី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការពូជស្រូវក្រអូបថ្មី «ចំប៉ីស ៧០» ក្រោយពីបានធ្វើការសិក្សាស្រាវជ្រាវអស់រយៈពេល ៩ ឆ្នាំ និងធ្វើពិសោធន៍លើដីស្រែរបស់កសិករប្រមាណ ៨០ កន្លែង ដើម្បីអបអរសាទរខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសកម្ពុជា និងអូស្ត្រាលី។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាលើកឡើងថា ពូជស្រូវថ្មីមួយនេះនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការពិពិធកម្មផលិតកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។
ពូជស្រូវចំប៉ីស ៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ជិត ១ ទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងរដ្ឋាភិបាលអូស្ត្រាលី។ ពូជស្រូវនេះត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួលរបស់កម្ពុជាដែលជាស្រូវជាប់ពានរង្វាន់ល្អដាច់គេ ក្នុងពិភពលោកជាមួយនឹងពូជស្រូវមិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះបានឆ្លងកាត់ពិសោធន៍លើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំង និងរដូវវស្សា។ អ្នកជំនាញខាងកិច្ចការស្រាវជ្រាវពូជស្រូវនេះបានឱ្យដឹងថា វាជាពូជស្រូវធន់នឹងការប្រែប្រួលអាកាសធាតុ សមស្របសម្រាប់ការដាំដុះរបស់ប្រជាកសិករ និងឆ្លើយតបនឹងទីផ្សារអង្ករនៅអន្តរជាតិ។
នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់នូវពូជស្រូវចំប៉ីស ៧០ នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា លោក ឌិតទីណា បានរំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឈ្មោះពូជស្រូវ «ចំប៉ីស ៧០» ក្នុងន័យអបអរសាទរខួប ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតដ៏សំខាន់ រវាងប្រទេសកម្ពុជានិងប្រទេសអូស្ត្រាលី។
លោករដ្ឋមន្ត្រីកសិកម្មបានថ្លែងថា៖ «អ្វីដែលយើងចង់បានទៅថ្ងៃមុខគឺជាកសិកម្មមួយ ប្រកបដោយនិរន្តរភាពដោយមានការគោរពនូវបែបបទបរិស្ថាន ដោយអ្វីដែលត្រូវធ្វើ និងអ្វីដែលមិនត្រូវធ្វើ ដែលជាការរៀបចំជាមួយគ្នាដើម្បីកំណែទម្រង់វិស័យកសិកម្មនេះទាំងមូល។ ចំណុចសំខាន់គឺមិនមែនការផលិតឱ្យបានកាន់តែច្រើន ហើយធ្វើឱ្យមានភាពហឹរទៅលើដី ឬក៏ការប្រើប្រាស់ទឹកយ៉ាងគំហុក ដែលអស់ច្រើនដោយគ្មានការថែរក្សាទឹកទុកនោះទេ»។
លោកបន្ថែមថា៖ «ថ្ងៃនេះជាកិត្តិយសនិងជាសោមនស្សដែលយើងបានឃើញនូវការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពូជចំប៉ីស ៧០។ ក្នុងពេលបិទអង្គសន្និបាតក្រសួងកសិកម្ម រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមចុះបញ្ជីពូជស្រូវចំប៉ីស ៧០ នេះរួចជាស្រេច ហើយថ្ងៃនេះយើងបានមកពិនិត្យមើលនូវការដាំដុះ និងសមិទ្ធផលដែលកើតមានឡើងជាក់ស្តែង»។
លោកឌិត ទីណា បន្តថា តាមរយៈការបង្កើតពូជផ្សេងៗ ការសហការជាមួយនឹងអង្គការដៃគូក្តី ការសហការជាមួយរដ្ឋាភិបាលផ្សេងៗក្តីតាមរយៈស្ថានទូត ដើម្បីស្វែងរកនូវពូជដែលសុទ្ធល្អដែលកាន់តែធន់ និងកាន់តែផ្តល់ផលបានល្អជាមួយនឹងគុណភាពខ្ពស់ គឺជាផ្នែកមួយនៃអាទិភាពសម្រាប់កាត់បន្ថយនូវការចំណាយរបស់ប្រជាពលរដ្ឋ បង្កើននូវផលិតភាព និងបង្កើននូវភាពចំណេញ។
លោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងថា៖ «ប្រទេសអូស្ត្រាលីមានមោទនភាព ដែលបានគាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស ៧០ នេះ។ ខ្ញុំសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជានឹងដាំដុះពូជស្រូវចំប៉ីស ៧០ នេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិរួមទាំងទីផ្សារប្រទេសអូស្ត្រាលីផងដែរ»។
ចំប៉ីស ៧០ គឺជាពូជស្រូវក្រអូប ដែលប្រើពេលត្រឹម ៣ ខែក្នុងការដាំដុះ។ ចំប៉ីស ៧០ គឺជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម។ កសិករអាចដាំ ដុះពូជចំប៉ីស ៧០ បានពី ២ ទៅ ៣ ដងក្នុង ១ ឆ្នាំ ដែលនាំឱ្យមានកំណើនផលិតកម្ម និងបរិមាណផល។ ពូជស្រូវប្រភេទថ្មីនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយបន្ទុកចំណាយលើដើមទុនសម្រាប់ការដាំដុះ និងការចំណាយលើការទុកដាក់ស្រូវ នៅក្រោយពេលប្រមូលផល។
លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានកាឌី បានលើកឡើងថា៖ «ពូជស្រូវមួយនេះ ពិតជាមានគុណប្រយោជន៍ខ្លាំងសម្រាប់កសិករ និងពាណិជ្ជករ។ វាអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ។ ដោយសារតែវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករអាចទិញស្រូវចំប៉ីស ៧០ បានពេញ ១ ឆ្នាំតែម្តង»។
ប្រទេសអូស្ត្រាលី គឺជាដៃគូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងកិច្ចគាំទ្រលើវិស័យកសិកម្មចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ គឺនៅពេលដែលអូស្ត្រាលី បានបញ្ជូនអ្នកជំនាញកសិកម្ម មកជួយធ្វើឱ្យប្រសើរឡើងនូវការស្រាវជ្រាវដែលយកដំណាំស្រូវជាមូលដ្ឋាន។ អូស្ត្រាលីក៏បានគាំទ្រលើការងារសំខាន់ៗផ្សេងទៀត រួមមាន ការបង្កើតឡើងនូវវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាក្នុងឆ្នាំ ១៩៩៩ ក្រោមភាពជាដៃគូដ៏រឹងមាំជាមួយមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ និងការដាក់ឱ្យដំណើរការកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) មានរយៈពេល ១២ ឆ្នាំ ដែលទើបតែបញ្ចប់ក្នុងឆ្នាំ ២០២២។
នៅខែកញ្ញាឆ្នាំ ២០២២ អូស្ត្រាលី បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីថ្មីមួយទៀត គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កម្មវិធីនេះមានគោលបំណងជួយប្រទេសកម្ពុជាឱ្យសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងភាពធន់ សមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម និងភាពធន់នៃការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបទៅក្នុងគ្រប់សកម្មភាពរបស់កម្មវិធី CAPRED។
លោក សុង សារ៉ន ប្រធាន ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ អង្ករកម្ពុជាបានថ្លែងថា ពូជស្រូវថ្មី «ចំប៉ីស ៧០» ជាបរិបទថ្មីមួយ នៅក្នុងកិច្ចការពារបរិស្ថាន ដើម្បីឱ្យការដាំដុះមានភាតរភាពទៅលើបរិស្ថាន ហើយ វាក៏នឹងក្លាយជាទំនិញថ្មីមួយសម្រាប់កម្ពុជាក្នុងការប្រកួតប្រជែងលើទីផ្សារអង្ករ ជាពិសេសទីផ្សារអង្ករក្រអូប។
ម្យ៉ាងទៀត វានឹងជួយកសិករឱ្យទទួលបានទិន្នផលខ្ពស់ជាងពូជស្រូវដែលមានសព្វថ្ងៃនេះ ដោយមានជំងឺតិច និងធន់នឹងអាកាសធាតុ។
លោកបានបញ្ជាក់ថា៖ «យើងមើលឃើញថា អង្ករផ្ការំដួលធ្លាប់ឈ្នះពានច្រើនដងមកហើយ ខ្ញុំមានជំនឿថា «ចំប៉ីស ៧០» ដែលត្រូវបង្កាត់ចេញពីផ្ការំដួលនោះ អាចធ្វើឱ្យគុណភាពល្អដូច (ផ្ការំដួល)។ យើងសង្ឃឹមថា យើងអាចធ្វើទីផ្សារថ្មីបានលឿន»។
លោក សុង សារ៉ន បានថ្លែងទៀតថា សម្រាប់ការប្រកួតប្រជែងគុណភាពអង្ករនៅក្នុងព្រឹត្តិការណ៍ផ្សេងៗក្នុងពេលខាងមុខសហព័ន្ធស្រូវអង្ករកម្ពុជានឹងយកសំណាកអង្ករ ៣ ប្រភេទ ទៅចូលរួមដាក់ប្រកួតប្រជែង គឺអង្ករ ផ្ការំដួល សែនក្រអូប ០១ និងចំប៉ីស ៧០ ដែលទើបបញ្ចេញឱ្យប្រជាកសិករប្រើប្រាស់ក្នុងការដាំដុះនាពេលនេះ៕