ភ្នំពេញៈ អង្គការមូលនិធិទំពាំងស្នងឫស្សី ប្រកាសរកអ្នកទិញប្លាស្ទិកបឹងទន្លេសាបជាង ១០ តោន ដើម្បីប្តូរយកអង្ករ ៣,៥ តោន សម្រាប់ជារង្វាន់លើកទឹកចិត្តដល់ប្រជានេសាទភូមិពាមតាអួរ ចំនួន ៣៥០ គ្រួសារ ដែលបានចូលរួមថែរក្សាជីវចម្រុះបឹងទន្លេសាបពីការបំពុលដោយប្លាស្ទិក។
សំរាមប្លាស្ទិក ១ ជង្រុកពេញដែលស្មើជាង ១០ តោន ត្រូវបានប្រជាសហគមន៍បឹងទន្លេសាបនៅភូមិបណ្ដែតទឹកពាមតាអួរ នៃសហគមន៍មេជ្រៃ ខិតខំប្រឹងប្រែងប្រមូលតាមដើមឈើព្រៃលិចទឹក ដួសស្រង់ចេញពីទឹក និងប្រមូលតាមដងព្រែកមាត់បឹងទន្លេសាប ដើម្បីច្រកការុងទុកក្នុងជង្រុកប្លាស្ទិក។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ មេសាថា ការប្រមែប្រមូលសំរាមប្លាស្ទិកទាំងនេះ គឺដើម្បីចូលរួមចំណែកក្នុងការថែរក្សាអភិរក្សជីវចម្រុះបឹងទន្លេសាបពីការបំពុលដោយសំណល់ប្លាស្ទិក។ លោក បានបន្តថា ដោយសារតែជង្រុកប្លាស្ទិក បានពេញណែនដោយសំរាមប្លាស្ទិក ដូច្នេះអង្គការសូមអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន សមាគមអាជីវកម្មនានា មេត្តាជួយជ្រោមជ្រែងដល់សហគមន៍ទន្លេសាប ដោយចូលរួមទិញសំរាមទាំងនេះ តាមលទ្ធភាពដែលមានដើម្បីអង្គការប្តូរជាអង្ករសម្រាប់ផ្តល់ជូនប្រជាសហគមន៍។
លោកបានបញ្ជាក់ទៀតថា៖ «យើងខ្ញុំត្រូវការការុងចំនួន ២ ៥០០ ការុងសម្រាប់ច្រកប្លាស្ទិករដូវថ្មី និងអង្ករចំនួន ៣,៥ តោន សម្រាប់ ៣៥០ គ្រួសារ ជារង្វាន់លើកទឹកចិត្ត ក្នុងការជំរុញចលនាឱ្យពួកគាត់បន្តការងារសម្អាតប្រមូល ឬរើសប្លាស្ទិកឱ្យអស់បានមុនទឹកជំនន់បឹងទន្លេសាបហូរត្រឡប់វិញជន់លិចក្នុងខែមិថុនា»។
ទន្ទឹមនឹងការប្រកាសលក់សំរាមប្លាស្ទិកនេះ លោក ស៊ា សុផល បានឱ្យដឹងដែរថា ក្រោមការជួយជ្រោមជ្រែងពីអាជ្ញាធរស្រុកពួក និងអង្គការដៃគូ មូលនិធិទំពាំងស្នងប្ញស្សី គ្រោងរៀបចំកម្មវិធីសម្អាតបរិស្ថាន ដើម្បីចូលរួមអបអរសាទរទិវាទីក្រុងស្អាតលើកទី ១១ ឆ្នាំ ២០២៣ ក្រោមប្រធានបទ ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ និងដើម្បីការសម្អាតផ្ទះសំបែង ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងត្រៀមទទួលស្វាគមន៍ព្រឹតិ្តការណ៍អង្គរសង្ក្រាន្ត និងកីឡាស៊ីហ្គេមផងដែរ។
លោកបានបញ្ជាក់ថា៖ «ទឹកទន្លេសាបស្រកអស់ហើយ តោះបងប្អូនចូលរួមជួយសម្អាតបរិស្ថានប្រមូលយកសំណល់ប្លាស្ទិកច្រកការុងដាក់ក្នុងជង្រុកប្លាស្ទិកនៅបរិវេណវត្តមេជ្រៃ ក្នុងភូមិនេសាទពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ដើម្បីចូលរួមអបអរសាទរទិវាទីក្រុងស្អាតរបស់ក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៣ យើងនឹងរៀបចំកម្មវិធីសម្អាតសំណល់រឹង និងសំណល់ប្លាស្ទិក ពីអាងរហូតដល់ខាងលិចភូមិពាមតាអួរ ដែលមានចំនួនអ្នកចូលរួមជាង ៥០០ នាក់»។
លោក សាម ឈឿយ អ្នកសម្របសម្រួលសហគមន៍មេជ្រៃ បាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ មេសាថា សំរាមប្លាស្ទិក នៅតែបន្តមាននៅក្នុងទឹកទន្លេ និងបរិវេណព្រៃលិចទឹកក្នុងរដូវទឹកស្រក បើទោះជាសកម្មភាពនៃការប្រមូល បានធ្វើឡើងជាបន្តបន្ទាប់ក៏ដោយ។
លោកបានរៀបរាប់បន្តថា សំរាមប្លាស្ទិក មានកាន់តែច្រើន បើសិនជាក្នុងករណីប្រជាសហគមន៍ ខកខានក្នុងការប្រមូល ដែលហេតុនេះក្រុមការងារ ត្រូវតែបន្តកៀរគរ និងរួមគ្នាធ្វើសកម្មភាពជាបន្តបន្ទាប់ ដើម្បីដឹកនាំពលរដ្ឋក្នុងសហគមន៍ឱ្យប្រមូលសំរាម និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ជាមួយនឹងការចង់បានការចូលរួមជាកម្លាំង លោក ឈឿយ ក៏ចង់ឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមគាំទ្រជាថវិកា ដើម្បីបន្តបេសកកម្មទន្លេស្អាតនេះ ខណៈក្រុមការងារ នៅមានការខ្វះខាតច្រើន ដូចជាការុង ការដឹកជញ្ជូន រួមទាំងការគាំទ្រដល់និរន្តរភាពនៃការចូលរួមរបស់ប្រជាសហគមន៍ផងដែរ។
លោកថា៖ «វាជាការឈឺចាប់ណាស់ ព្រោះដោយសារតែប្រជាជនក្នុងភូមិ និងអ្នកនៅតាមដងទន្លេសាប គាត់មានជីវភាពក្រីក្រ ខ្វះខាតជីវភាពប្រចាំថ្ងៃ។ ការលក់ដូររបស់គាត់បានតិច ចំណូលរបស់គាត់ក្នុង ១០ ទៅ ១៥ គ្រួសារ រកបានក្នុង ១ ថ្ងៃទៅ ៥ ម៉ឺនរៀលទេ អ្នកដែលរកបានច្រើន។ ប៉ុន្តែអ្នកបានតិច ក្នុង ១ ថ្ងៃបានតែ ១ ម៉ឺនរៀលទេ។ ដូច្នេះដើម្បីលើកទឹកចិត្តគាត់ ក្នុងការចូលរួមប្រមូលសំរាម យើងត្រូវខំរកអ្វីជាការតបស្នងទៅពួកគាត់វិញ»។
អង្គការនេះថា សំរាមទាំង ១០ តោន ដែលបានពីទន្លេសាប នឹងត្រូវបានដឹកចេញ ដើម្បីរក្សាទុកកន្លែងសម្រាប់ទុកដាក់សំរាមប្លាស្ទិក ដែលពលរដ្ឋប្រមូលបានពីទឹកទន្លេបន្តទៀត ដូច្នេះដើម្បីគាំទ្រដល់សកម្មភាពទាំងនេះ ឬមានបំណងចង់ចូលរួមដោយការទិញសំរាមទាំងនេះពីអង្គការ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩២ ៨៧៤ ២៧៤៕