​ភ្នំពេញៈលោក ​ឃួង ​ស្រេង អភិ​បាល​រាជ​ធានី​ភ្នំពេញ បាន​អំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ពី​គ្រប់​មជ្ឈ​ដ្ឋាន មក​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​សង្ក្រាន្ត​វត្តភ្នំ ​ឱ្យបាន​ច្រើន​កុះករ ​ដែល​នឹង​រៀបចំ​ឡើង​រយៈ​ពេល​ ៣ ​ថ្ងៃ​ ជាប់ៗ​គ្នា​។​

​ទន្ទឹម​នឹង​នោះ​ដែរ​ ស​ហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ក៏មាន​រៀបចំ​ព្រឹត្តិ​ការណ៍​ដ៏​ធំ​មួយ​ផង​ដែរ​ គឺ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ​នៅ​ខេត្ត​សៀម​រាប ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ទី​១៦ ​ខែ​មេសា​ ឆ្នាំ​២០២៣ ក្រោម​ប្រធាន​បទ «​ក្តី​ស្រមៃ និង​ក្តីស​ង្ឃឹម​»​។​

​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​បុណ្យជា​តិ​-​អន្តរ​ជាតិ​បាន​ណែនាំ​​ឱ្យ​គ្រប់​ក្រសួង ​ស្ថាប័​ន មន្ទីរ​ អាជ្ញា​ធរ​មូល​ដ្ឋាន​រួម​នឹង​វិស័យ​ឯក​ជន​រៀបចំ​ពិធី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណីជា​តិ​នាពេលខា​ងមុខ​​។​

​លោក ឃួង ស្រេង បាន​លើក​ឡើង​កាល​ពី​ថ្ងៃទី​៥​ ខែ​មេសា ថា រដ្ឋបាល​រាជធា​នី​ភ្នំពេញ​នឹង​រៀប​ចំ «​សង្ក្រាន្ត​វត្តភ្នំ​»នៅ​រមណីយ​ដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​សាស្ត្រ​វត្តភ្នំ​រយៈ​ពេល​៣​ថ្ងៃចាប់​ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ ​វេលា​ម៉ោង​ ៨​​ព្រឹក​ដល់​ម៉ោង ២០ នៃ​ថ្ងៃ​នីមួយៗ​។​

​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​នឹងមាន​កម្មវិធី​បែប​ប្រពៃ​ណី​សាសនា និ​ង​កម្មវិធី​កម្សាន្ដ​សប្បាយ​ជា​ច្រើន ​ដូច​ជា​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ដង្ហែ​ព្រះ​ពុទ្ធរូប​ ពូន​ភ្នំ​ខ្សាច់ ស្រង់​ព្រះ​ ការ​សម្ដែង​សិល្បៈ​ ការ​លេង​ល្បែង​ប្រជា​ប្រិយ​ជាតិ ​ការ​ប្រគំ​តន្ត្រី​បុរាណ​-​សម័យ ​ការ​រាំលេង ​កម្សាន្ត និង​ការ​ដាក់​តាំង​បង្ហាញ​គំនូរ​បុរាណ​ និង​វត្ថុ​សិល្បៈ​វប្ប​ធម៌​។​

​លោក ​ឃួង​ ស្រេង បាន​បញ្ជាក់​ថា៖ «​ដូច​នេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​អំពាវ​នាវ​ដល់​ប​ង​ប្អូន​ប្រជា​ពលរដ្ឋ​ពី​គ្រប់​មជ្ឈ​ដ្ឋានសូ​ម​អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​សង្ក្រាន្ត​វត្តភ្នំ​ឱ្យបា​ន​ច្រើន​កុះករ​»​។​

​ទាក់​ទង​នឹង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះដែ​រ លោ​ក ហ៊ុន ម៉ា​នី ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) ក៏បាន​ថ្លែង​សារ​សម្រាប់​ពិធី​បុណ្យ​ចូលឆ្នាំ​ខាង​មុខ​ ដោយ​លោក​ជឿជាក់​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការ​ជួបជុំ​ក្រុម​គ្រួសារ និង​ត្រៀមខ្លួ​ន​ធ្វើដំណើរ​កម្សាន្ត​ជិត​ឆ្ងាយ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​។​

​លោក​បាន​ថ្លែង​ថា៖ «​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០២៣ ​នៅ​ខេត្ត​សៀម​រាប ​ចាប់​ពី​ថ្ងៃទី​១៤ ​ដល់​ទី​១៦​ ខែ​មេសា ក្រោម​ប្រធាន​បទ ​ក្តី​ស្រមៃ​ និង​ក្តីសង្ឃឹម​»​។​

​ជា​មួយ​គ្នានេះ​ដែរ (​សស​យក​) រួម​ជា​មួយ​នឹង​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈបា​នរៀបចំ​ពិធី​សំពះ​គ្រូ​រួម​គ្នា ​បួង​សួង​សុំ​សេចក្តី​សុខ និង​ការ​សម្ដែងក្នុ​ង​ព្រឹត្តិ​ការ​ណ៍អង្គរស​ង្ក្រាន្ត ឱ្យ​ដំណើរ​ការ​រលូន​កាល​ពីថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៣ នា​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេ​ជោ​។​

​ដោយ​ឡែក​ កាល​ពី​រសៀល​ថ្ងៃទី​៤​ ខែ​មេសា ​កន្លង​មក វិទ្យា​ស្ថាន​ខុង​ជឺ​នៃ​រាជ​បណ្ឌិត្យ​សភាកម្ពុ​ជា ប្រចាំ​វិទ្យា​ល័យ​អង្គរ ក៏បាន​រៀបចំ​កម្មវិធី​អប​អរសា​ទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ផង​ដែរ ​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធ​ន៍​ពី​វប្ប​ធម៌​របស់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​។​

​នា​ឱកាស​នោះ​លោក លាវ ជឺ ​ជា​ប្រធាន​កា​រិយាល័​យ​កុង​ស៊ុលចិ​ន​ប្រចាំ​ខេត្ត​សៀម​រាប ​បាន​លើក​ឡើង​ថា លោក​មាន​ក្តី​សោម​នស្ស​រីករាយ​នៅពេ​ល​បានម​ក​ចូលរួម ​និង​ស្វែងយ​ល់​ពី​ទំនៀមទ​ម្លាប់​ ប្រពៃណី​​បុណ្យ​ចូលឆ្នាំ ​ប្រពៃណី​​ជាតិខ្មែ​រ ​ខណៈ​ប្រទេស​កម្ពុជា ជា​ប្រទេស​ ដែលមាន​អរិយធ​ម៌​ដ៏​ចំណាស់​មួយ ​នៅ​អាស៊ី​អាគ្នេ​យ៍ ​ហើយ​ទំនៀម​ទម្លាប់ ​ប្រពៃ​ណី​បុណ្យ​ចូល​ឆ្នាំថ្មី ​របស់​កម្ពុជា ​គឺមាន​ប្រវត្តិ​យូរ​អង្វែង​មក​ហើយ។​

​ចំណែក ​លោកស្រី ម៉ន​នី រង្សី អភិ​បាល​រង​ខេត្ត​សៀមរា​ប ក៏បាន​ឱ្យដឹង​ដែរ​ថា មនុស្ស​គ្រប់​ជាតិ​សាស​ន៍ តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ គ្រាន់​តែ​ការកំ​ណត់​ពេល​វេលា និង​ការរៀបចំ​ពិធី​មាន​ភាព​ប្លែកៗ​ពីគ្នា​ស្របទៅ​តាម​ជំនឿ និង​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ​​។​

​សូម​បញ្ជាក់ថា​ ព្រឹត្តិ​ការណ៍​អង្គរ​សង្ក្រាន្ត ​ឆ្នាំ​២០២៣​ នា​ខេត្ត​សៀម​រាប នឹងមាន​កម្ម​វិធី​ដូច​ជា ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ​កម្ម​វិធី​សួន​មុនី​ហទ័យ (​ពិ​ព័រ​ណ៍​ម្ហូប​) កម្ម​វិធី​ពិព័រ​ណ៍​សង្ក្រាន្ត ​កម្មវិធី​បំបែក​ឯត​ទគ្គ​កម្ម​ពិភព​លោក​ ពិធី​សមា​ធិ ​អុំទូក​កម្សាន្ត ​ពិព័រណ៍ ​និង​កម្ម​វិធី​ជា​ច្រើន​ទៀត​៕