ភ្នំពេញៈ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសសមាជិគណៈកម្មការទន្លេមេគង្គ (MRC) បានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរួមគ្នាបន្តពង្រឹងតួនាទីក្នុងការជួយធានាឱ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និងថាមពល ប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលសង្ខេបនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជា ក្រោយកិច្ចប្រជុំកាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
សេចក្ដីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា៖ «សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងក្នុងចំណោមប្រទេសទន្លេមេគង្គ និងជាមួយដៃគូ ក៏ដូចជាយន្តការពាក់ព័ន្ធផ្សេងទៀត មានសារៈសំខាន់ណាស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាព និងសម្រេចឱ្យបាននូវការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ព្រមទាំងដើម្បីធានាថា ទន្លេមេគង្គជាទន្លេដែលមានអនាគតកាន់តែត្រចេះត្រចង់ មានវិបុលភាពរួមគ្នា និងសម្រាប់គ្រប់គ្រងប្រទេសតាមដងទន្លេ និងប្រជាជនទាំងអស់ដែលរស់នៅក្នុងអាងទាំងមូល»។
ប្រភពដដែលនេះបានបញ្ជាក់ទៀតថា៖ «សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់នូវកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីនាំមកនូវភាពជោគជ័យធំៗ បន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគណៈកម្មការទន្លេមេគង្គ»។
លោក ថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ ជាវេទិកាសម្រាប់ឱ្យបណ្តាប្រទេសទន្លេមេគង្គ ដើម្បីប្រយោជន៍សេដ្ឋកិច្ច សង្គម និងយុទ្ធសាស្ត្រ ដែលតម្រូវឱ្យបណ្តាប្រទេសជាសមាជិក MRC នេះ ធ្វើការពិភាក្សានិងពិគ្រោះយោបល់គ្នាចែករំលែកបទពិសោធន៍និងបញ្ហានានា ក្នុងន័យទាញរកដោះស្រាយបញ្ហារួមនៅក្នុងតំបន់។
លោក សេង វណ្ណលី សាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិ ថ្លែងថា ការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយ MRC ពិតជារឿងចាំបាច់ ព្រោះប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងពីចំណែកទន្លេមេគង្គសម្រាប់វិស័យកសិកម្ម នេសាទ និងផ្នែកដឹកជញ្ជូន ជាពិសេសការទប់ឥទ្ធិពលអវិជ្ជមាន និងរកដំណោះស្រាយពីផលប៉ះពាល់នៃការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅក្នុងអាងទន្លេមេគង្គ ព្រមទាំងប្រយោជន៍ផ្នែកជំនួយបច្ចេកទេសលើបញ្ហាបរិស្ថាន ជាដើម។
លោកបន្តថា៖ «MRC គឺជាវេទិកាដ៏សំខាន់មួយសម្រាប់កម្ពុជា ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងតំបន់ ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់ ការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ លើសពីនេះ គណៈកម្មាការនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិក ដែលអាចនាំឱ្យមានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចកាន់តែច្រើននៅក្នុងតំបន់»។
លោកថ្លែងថា កម្ពុជាគួរប្រើប្រាស់វេទិការបស់ MRC ដើម្បីទាញយកប្រយោជន៍លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពីប្រទេសដៃគូ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនសមត្ថភាពមន្ត្រីខ្លួនក្នុងវិស័យគ្រប់គ្រងធនធានទឹក ការពារបរិស្ថាន តាមរយៈជំនួយស្រាវជ្រាវ និងជំនួយបច្ចេកទេសនានា។
ប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ (MRC) មាន ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសថៃ និងវៀតណាម ដែលបានបង្កើតឡើងនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ១៩៩៥។ នៅឆ្នាំ ១៩៩៦ ប្រទេសចិន និងមីយ៉ាន់មា បានក្លាយជាដៃគូសន្ទនារបស់ MRC៕